ឯកឧត្តម គុយ ឆាយ អញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងចុះពិនិត្យផ្លូវដែលបានរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងខេត្តស្វាយរៀង

ចែលរំលែក
photo 2023 10 05 10 58 26

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយ ឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការបានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្ដាំសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសម្ដេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ព្រមទាំងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរនាពេលកន្លងមក និងបានជម្រាបជូនពីកម្មវិធីអាទិភាពចំនួន៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖

 

១៖ ធ្វើយ៉ាងណាលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត សំដៅធ្វើយ៉ាងណាតភ្ជាប់ទីជនបទឱ្យជិតទីក្រុង ទីប្រជុំជនដែលមានសក្ដានុពល។

 

២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សំដៅធ្វើយ៉ាងណាឱ្យប្រពលរដ្ឋរស់នៅតំបន់ជនបទមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ រស់នៅប្រកបដោយអនាម័យ លប់បំបាត់ការបន្ទោបង់ពាសវាលពាសកាល។

 

៣៖ ការអភិវឌ្ឍភូមិចម្រុះ ឬភូមិគំរូ ដោយធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សំដៅធ្វើការបណ្ដុះបណ្តាលជំនាញបន្ថែមជូនដល់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាឱ្យពួកគាត់អាចពង្រីកមុខរបរ អាជីវកម្ម និងអាចលើកកម្ពស់ជីវភាពពួកគាត់ឱ្យកាន់តែប្រសើរ។

 

៤៖ ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដើម្បីពង្រឹងស្ថាប័ន ក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់ និងបានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការត្រូវ រក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំថែមទៀត ។

 

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានមានមតិសំណេះសំណាល និង ផ្តល់អនុសាសន៍ទៅកាន់អង្គប្រជុំ ដូចខាងក្រោម៖

 

– រៀបចំផែនការចុះតាមដានសកម្មភាពជាមួយថ្នាក់ដឹកនាំ

– ពិនិត្យលទ្ធភាព លើយន្តការ និងការលើកទឹកចិត្តទៅដល់មន្ត្រីរាជការដែលមានស្នាដៃ ដូចជាផ្តល់ប័ណ្ណសរសើរ កាំប្រាក់ និងគ្រឿងឥស្សរិយយស

– ការបែងចែកភាគលាភ និងអោយបានសមស្របទៅតាមលទ្ធភាព

– គិតគូរ យកចិត្តទុកដាក់លើមន្ត្រីមានពិការភាព មានផ្ទៃពោះ និងជួបផលវិបាកផ្សេងៗ

– ចុះសួរសុខទុក្ខមន្ត្រីមានជំងឺ ឬទុក្ខធុរៈផ្សេងៗ

– និងស្នើឱ្យមន្ទីរជម្រុញការផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវបទបញ្ជាផ្ទៃក្នុងរបស់មន្ទីរ ផងដែរ។

 

ពិធីសំណេះសំណាលបានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាព ស្និទ្ធស្នាលជាទីបំផុត ដោយមានការថតរូបអនុស្សាវរីយ៍ផងដែរ៕

 

បន្ទាប់ពិធីសំណេះសំណាលបានបញ្ចប់រួមមក លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសមន្ទីរ បានអមដំណើរ ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមអនុរដ្ឋលេខាធិការ អញ្ជើញចុះពិនិត្យផ្លូវជនបទកម្រាលក្រួសក្រហម ចំនួន ០២ខ្សែ រងការខូចខាតដោយសារជំនន់ទឹកភ្លៀងរួមមាន៖

 

ខ្សែទី១៖ មានប្រវែង ១២ ៥០០ម៉ែត្រ ផ្លូវចន្រ្តី-ម្រាម ស្ថិតនៅឃុំចន្រ្តី ឃុំម្រាម  ស្រុករមាសហែក ខេត្តស្វាយរៀង។

 

ខ្សែទី២៖ មានប្រវែង ៧ ៣០០ ម៉ែត្រ ផ្លូវម្រាមខាងជើង-ក្រញូង ស្ថិតនៅឃុំម្រាម ឃុំមុខដា ស្រុករមាសហែក ខេត្តស្វាយរៀង។

 

ផ្លូវជនបទ ចំនួន ០២ខ្សែខាងលើនេះ គឺជាផ្លូវសេដ្ឋកិច្ចរបស់ខេត្តស្វាយរៀងមានសារៈសំខាន់ខ្លាំងណាស់ តភា្ជប់ពីស្រុកមេសាង ខេត្តព្រៃវែង មកដល់ ស្រុករមាសហែក ខេត្តស្វាយរៀង៕

photo 2023 10 05 10 58 26photo 2023 10 05 10 58 28photo 2023 10 05 14 33 06photo 2023 10 05 14 34 40 2photo 2023 10 05 14 34 40photo 2023 10 05 14 34 41 2

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ