មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចុះផ្សព្វផ្សាយបច្ចេកទេសស្តីពីការសាងសង់បង្គន់លូភ្លោះ
- ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ១១:៣៧ ព្រឹក
- សកម្មភាពក្រសួង
ខេត្តតាកែវ៖ ថ្ងៃចន្ទ១១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោក ត្រឹង សុថារ៉ា ប្រធានការិយាល័យថែទាំសុខភាពជនបទ និងក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានចុះផ្សព្វផ្សាយបច្ចេកទេសស្តីពីការសាងសង់បង្គន់លូភ្លោះ និងការធ្វើផែនការផ្សព្វផ្សាយជំរុញការសាងសង់សម្រាប់ថ្នាក់ ស្រុក ឃុំ និងភូមិ ជូនដល់ក្រុមប្រឹក្សាឃុំ លោកមេភូមិ អនុប្រធានភូមិ សមាជិកភូមិ និងបុគ្គលិកមណ្ឌលសុខភាព ស្ថិតនៅក្នុងឃុំត្រពាំងធំខាងជើង និងឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានសមាសសភាពសរុបចំនួនៈ ៤២នាក់ ស្រ្ដី ០៦នាក់។
បន្ទាប់ពីទទួលបានការផ្សព្វផ្សាយរួចមក អាជ្ញាធរមូលដ្ឋានបានធ្វេីការប្តេជ្ញាចិត្តចូលរួមក្នុងការផ្សព្វផ្សាយស្តីពីបច្ចកទេសសាងសង់បង្គន់លូភ្លោះនេះជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ឃុំទាំងពីរខាងលើបន្ថែមទៀត ព្រោះតំបន់នេះជាតំបន់លិចទឹកនៅរដូវវស្សា។
លក្ខណៈពិសេសនៃបង្គន់លូភ្លោះនេះគឺ
១.អត្ថប្រយោជន៍នៃបង្គន់លូភ្លោះ
– ជាជំរើសបង្គន់សម្រាប់ការគ្រប់គ្រង់កាកសំណល់លាមកនៅនឹងកន្លែងដោយសុវត្ថិភាព(On-site treatment)
– ប្រើបានគ្រប់ពេល និងអាចស្តារបានដោយខ្លួនឯង
– សមស្របសម្រាប់ការប្រើរបស់ប្រជាជន ជាពិសេសនៅតាមទីជនបទ
– កាកសំណល់លាមកបន្ទាប់ពីស្តារចេញអាចយកទៅប្រើក្នុងគោលបំណងកសិកម្មបាន
២.ការប្រើប្រាស់និងការថែទាំ (O&M)
– ចាប់ផ្តើមដំបូងប្រើលូជួរទី១សិន
– ក្នុងករណីពេញលូជួរទី១សូមបង្វែរទុយោកែងក្នុងប្រអប់នោះមកដាក់លូជួរទី២ម្តងវិញ
– លូជួរទី១នោះ ត្រូវរក្សាកុំឱ្យទឹកចូល ដើម្បីឱ្យកាកសំណល់ក្នុងនោះថមថយមេរោគ
– កាកសំណល់លាមកក្នុងលូជួរទី១ ត្រូវទុករយៈពេល២ឆ្នាំ ទើបស្តារ ចេញ ហើយអាចយកទៅប្រើក្នុងវិស័យកសិកម្មដោយសុវត្ថិភាព។