ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ណែនាំដល់មន្ត្រីនៃនាយកដ្ឋានផ្លូវលំជនបទត្រូវបង្កើនការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវឱ្យមានគុណភាព​ និងប្រើប្រាស់បានយូរអង្វែង

ចែលរំលែក
1

រាជធានីភ្នំពេញ​ :​ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣​ នាទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការនាយកដ្ឋានផ្លូវលំជនបទ។

ជាកិច្ចចាប់ផ្តើមឯកឧត្តម គង់ ភឿន ទីប្រឹក្សាក្រសួង​ និងជាប្រធាននាយកដ្ឋាន​ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពីរបាយការណ៍វឌ្ឍនភាពការងារ និងសមិទ្ធផល​ និងទិសដៅបន្តរបស់នាយកដ្ឋានជូនឯកឧត្តមរដ្ឋមន្ត្រី ។ យោងតាមរបាយការណ៍ ឯកឧត្ដមរដ្ឋមន្រ្ដី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋានដែលសម្រេចបាន។

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាអគ្គសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានផ្លូវលំជនបទដូចខាងក្រោម៖

១. ផ្អែកសមិទ្ធផល​ដែលមានស្រាប់ នាយកដ្ឋានត្រូវខិតខំជម្រុញបង្កេីន​សមិទ្ធផល​ និងស្នាដៃថ្មីៗបន្ថែមទៀត​ ដើម្បីកសាងប្រទេសកម្ពុជាលើវិស័យអភិវឌ្ឍន៍ជនបទ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល​ អាណត្តិទី៧​ ។
២.ត្រូវពង្រឹងលេីយន្តការត្រួតពិនិត្យបច្ចេកទេស និងគុណភាពផ្លូវ នៃគម្រោងដែលកំពុងអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
៣. ត្រូវសិក្សាបច្ចេកទេស​ និងបទដ្ឋានគតិយុត្តិ ដើម្បីស្ថាបនាផ្លូវ​ឱ្យមានគុណភាព​ និងអាចប្រេីប្រាស់បានយូអង្វែង។
ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទត្រូវជំរុញទៅតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ។
៤.ការធ្វើលទ្ធកម្មដេញថ្លៃស្ថាបនាផ្លូវជនបទ ត្រូវធ្វើដោយតម្លាភាព និងស្របតាមនីតិវិធី ។
៥.ត្រូវរៀបចំការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីបច្ចេកទេស​ ដេីម្បីបំពេញការងារកាន់តែមានប្រសិទ្ធភាពខ្ពស់។
៦.​ ពិនិត្យលទ្ធភាពក្នុងការធ្វេីប្រតិភូកម្ម​ការងារស្ថាបនា​ ថែទាំ​ និងជួសជុលផ្លូវ ជូនដល់បណ្តាខេត្តដែលមានសមត្ថភាព​ និងមានមន្រ្តីជំនាញគ្រប់គ្រាន់ ។
៧.​ សូមឱ្យនាយកដ្ឋានសិក្សាអំពីការដាក់លេខខ្សែផ្លូវជនបទដែលមានស្រាប់​ និងកំពុងស្ថាបនា។
៨.​ ពង្រឹងការងារមន្ទីរពិសោធន៍​ ក្នុងការត្រួតពិនិត្យសម្ភារៈ និងវត្ថុធាតុដេីមដែលត្រូវយកមកស្ថាបនាផ្លូវ​ និងសំណង់សិល្បការ្យ​ ឱ្យស្របតាមបទដ្ឋានបច្ចេកទេស​ និងសិក្សារកវត្ថុធាតុដេីមថ្មីៗដែលមានគុណភាពក្នុងការយកប្រេីប្រាស់ក្នុងពេលខាងមុខ។
៩.ត្រូវគោរពវិន័យ ក្រមសីលធម៌​ វិជ្ជាជីវៈ​ ដេីម្បីធ្វេីជាសេនាធិការក្រសួង​ ក្នុងការសម្រេចឱ្យបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។​ នាយកដ្ឋានត្រូវរៀបចំរបៀបរបបប្រជុំឱ្យបានទៀងទាត់​ (ប្រចាំត្រីមាស​ ឆមាស)​ ដេីម្បីតាមដានការអនុវត្តការងាររបស់នាយកដ្ឋាន។
១០. ត្រៀមរបាយការណ៍បូកសរុបប្រចាំឆ្នាំ និងទិសដៅការងារឆ្នាំបន្ត ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងគ្រោងរៀបចំនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។
១១.​ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យរឹងមាំ ដើម្បីបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសម្រេចបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាល និងដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
១២.​ ត្រូវយកចិត្តទុកដាក់ដល់មន្ត្រីរាជការក្រោមឱវាទ ពិសេសមន្រ្តីដែលមានជម្ងឺ ស្ត្រីមានផ្ទៃពោះ មន្ត្រីចូលនិវត្តន៍ និង ធ្វេីការលើកទឹកចិត្ត តាមរយៈការកោតសរសើរ ការផ្តល់គ្រឿងឥស្សរិយយសដល់មន្ត្រីដែលមានស្នាដៃក្នុងក្រសួងកន្លងមក។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

234567891011121314

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ