សន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

នៅ​ព្រឹក​ថ្ងៃ​ពុធ ៥កើត ខែមាឃ  ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ នៅ​សណ្ឋាគារសុខា រាជធានីភ្នំពេញ ក្រសួង​អភិវឌ្ឍន៍ជនបទបានរៀបចំ​ពិធីបើកសន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ តំណាង​ដ៏​ខ្ពង់ខ្ពស់សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ អញ្ជើញ​ចូលរួម​ក្នុង​សន្និបាត​នេះ​មាន ឯកឧត្តម លោកជំទាវ លោក លោកស្រី នាង​កញ្ញា ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួង​អភិវឌ្ឍន៍ជនបទ តំណាង​ក្រសួង ស្ថាប័ន តំណាង​ដៃគូ​អភិវឌ្ឍន៍ អង្គការ​មិនមែន​រដ្ឋាភិបាល តំណាង​អាជ្ញាធរ​ដែនដី​រាជធានី-ខេត្ត សរុប​ជាង ៨០០នាក់។

នៅក្នុង​ពិធី​បើក​សិ​ន្និបាត ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះគណៈអធិបតី និង​អង្គសន្និបាត​ទាំងមូល និង​បាន​មាន​ប្រសាសន៍ថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី៦ ក្រោមការដឹនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់ចេញនៅយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយ សង្គមសេដ្ឋកិច្ច ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ឆ្នាំ២០១៩-២០២៣ និងគោលដៅអភិវឌ្ឍប្រកបដោយចីរភាពរបស់កម្ពុជាឆ្នាំ២០៣០ ដោយបានកំណត់លម្អិតបន្ថែមនូវវិធានការ និងផែនការសកម្មភាពតាមវិស័យ​ និងបញ្ជាក់ការទទួលខុសត្រូវក្នុងការអនុវត្តរបស់ក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាលទ្ធផល ការ​​អភិវឌ្ឍ​សេដ្ឋកិច្ច មានសន្ទុះដ៏លឿន មាន​កំណើនខ្ពស់រក្សាបាន​នូវស្ថិរភាពម៉ាក្រូ​សេដ្ឋកិច្ច​ ក្នុង​បរិការណ៍អតិផរណាទាប ​អត្រាប្តូរ​ប្រាក់​​​មានស្ថិរភាព និងកាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​ប្រជាជនបាន​ឆាប់រហ័សនៅទូទាំងប្រទេស​។  ជាមួយ​គ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទឆ្នាំ​២០១៩-២០២៣ ដែលមានទិសដៅចម្បងគឺជំរុញឲ្យមានការផ្លាស់ប្តូរគុណភាពនៃការរស់នៅរបស់ប្រជាជនជនបទ ទាំងខាងសម្ភារនិងស្មារតី។ លើមូលដ្ឋាននេះ ក្រសួងអភិវឌ្ឍន៍ជនបទបានកំណត់យកផែនការយុទ្ធសាស្រ្តចំនួន៤ ដែលប្រែក្លាយទៅជាកម្មវិធីនៃការងាររបស់ក្រសួងសម្រាប់រយៈពេល៥ឆ្នាំខាងមុខ។ ក្រសួងបានកំណត់កម្មវិធីអាទិភាពចំនួន៤ រួមមាន កម្មវិធីទី១.ការអភិវឌ្ឍសមត្ថភាពនិងធនធានមនុស្ស, កម្មវិធីទី២. ការអភិវឌ្ឍនហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍, ទី៣​.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ និងទី៤.ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានបញ្ជាក់អំពី ភាពរីចម្រើននៃវិស័យអភិវឌ្ឍជនបទ ដោយបានលើកបង្ហាញពី សមិទ្ធផលចម្បងៗដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០១៩ ដោយផ្អែកតាមយុទ្ធសាស្ត្រ ដែលមានកក្តារួមផ្សំជាច្រើន សហការគាំទ្រពីក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងដៃគូអភិវឌ្ឍន៍នានា រួមមានដូចជា ១.ការងារពង្រឹងស្ថាប័ន ការកសាងសមត្ថភាព និងការអភិវឌ្ឍធនធានមនុស្ស ជាយុទ្ធសាស្រ្តចម្បងទី១ សម្រាប់គាំទ្រដល់ដំណើរការរបស់ក្រសួងទាំងមូល ជាពិសេសការអនុវត្តកម្មវិធីកំណែ ទម្រង់នានារបស់រាជរដ្ឋាភិបាល ដូចជាកំណែទម្រង់រដ្ឋបាលសាធារណៈ ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ​ និងកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការជាដើម, ២.យុទ្ធសាស្រ្តចម្បងទី២ បានផ្តោតលើវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍​ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយនូវភាពក្រីក្រ ដោយមានការចូលរួមពីដៃគូរអភិវឌ្ឍន៍ជាពហុភាគី និងទ្វេរភាគី,  ៣.យុទ្ធសាស្រ្តចម្បងទី៣ ក្រសួងបានកំណត់លើការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលបំណងផ្លាស់ប្តូរទម្លាប់រស់នៅរបស់ប្រជាពលរដ្ឋនៅតាមតំបន់ជនបទដែលធ្លាប់ពឹងផ្អែកស្ទើរទាំងស្រុងទៅលើធម្មជាតិ ពុំមានអនាម័យធ្វើជាមធ្យោបាយក្នុងការរស់នៅ មកជាការរស់នៅ តាមបែបវិទ្យាសាស្រ្ត។ ករណីនេះ ក្រសួងបានកំណត់ចក្ខុវិស័យឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបរស់នៅ សហគមន៍ជនបទ ត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព និង ៤.យុទ្ធសាស្រ្តចម្បងចុងក្រោយ ក្រសួងបានផ្តោលើការងារពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋជនបទ និងជនជាតិដើមភាគតិច ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រឲ្យបានជាង១​%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិតកម្មការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។

ជាទី​បញ្ចប់ ឯកឧត្តមបណ្ឌិត​រដ្ឋមន្ត្រី  បាន​ស្នើសុំ​សមាជិក សមាជិកា​នៃ​អង្គសន្និបាតឲ្យ​ចូលរួម​ផ្តល់​មតិ​ក្នុង​កម្មវិធី​ពិភាក្សា​ឲ្យ​បាន​ផុលផុស​ទៅតាម​របៀបវារៈ​សន្និបាត ហើយ​ចូលរួម​គាំទ្រ និង​អនុវត្ត​ឲ្យ​បាន​សកម្ម​បន្តទៀត​នូវ​គោលនយោបាយសំខាន់ៗលើ​វិស័យ​អភិវឌ្ឍន៍ជនបទ និង​ទិសដៅ​ការងារសំខាន់ៗដែល​ត្រូវអនុវត្ត​នៅ​ឆ្នាំ២០២០ ឲ្យ​ទៅជា​ចលនា​រួម​ដ៏​ខ្លាំងក្លា សំដៅ​សម្រេច​ឲ្យ​បានជា​ផ្លែផ្កា​បន្តទៀត​សម្រាប់​ឧ​ត្ត​ម​ប្រយោជន៍​របស់​ជាតិ  និងបានប្រកាស់បើកសន្និបាតជាផ្លូវការ៕

 

Share your thoughts