របាយការណ៍​ ​ប្រចាំ​ខែ​មករា​ ឆ្នាំ​ ២០១៤​ របស់​ នាយក​ដ្ឋាន​ផ្គត់ផ្គង់​ទឹក ​ជនបទ​
February 13, 2014 by Oudom SOK0

I.សេចក្តីផ្តើម​ 
ដើម្បី​ចូល​រួម​ចំណែក​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា​ ព្រម​ទាំង​ដើម្បី​កែ​លម្អ​ស្ថានភាព​សុខភាព​សាធារណៈ​ និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​នៅ​ជនបទ​ តាម​​រយៈ​ការ​កែ​លម្អ​ការ​ផ្គត់​ផ្គង់​ទឹក​នៅ​តំបន់​ជនបទ​នោះ​។ ចាប់​តាំង​ពី​ឆ្នាំ ​២០០៣ ​មក​ ​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​នូវ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជន​បទ​ (DRWS)​ មួយ​ ក្រោម​ឱវាទ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ (MRD)​។​ ស្រប​តាម​ចក្ខុ​វិស័យ​របស់​ក្រសួង​អភិវឌ្ឍន៍​ជន​បទ​ដែល​ធានា​ឱ្យ​មាន​ “សហគមន៍​ជនបទ​ប្រកប​ដោយ​ ​សុខភាព​ សុភមង្គល​ និង​សុវត្ថិភាព​ ”​ នាយក​ដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជន​បទ​ បាន​កំណត់​ចក្ខុ​វិ​ស័យ​របស់​ខ្លួន​ ដោយ​ធានា​ថា​ “នៅ​ឆ្នាំ​ ២០២៥​ ប្រជា​ពលរដ្ឋ​គ្រប់​រូប​នៅ​សហគមន៍​ជនបទ ​ត្រូវ​មាន​សេវា​ផ្គង់ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​គ្រប់គ្រាន់​ ព្រមទាំង​​រស់​នៅ​ក្នុង​ប​រិស្ថាន​ ដែលមាន​អនាម័យ​ប្រកប​ដោយ​និរន្តរភាព​ ”​។

II.ស្ថានភាព​មន្រ្តី​រាជការ​ 
១. រចនាសម្ព័ន្ធ​ 
នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​ មាន​ការិយាល័យ​ចំណុះ​ ចំនួន​ ០៥​ គឺ​ (i).​ ការិយាល័យ​រដ្ឋបាល​ និង​កិច្ចការ​ទូទៅ​ (ii).​ ការិយាល័យ​ផ្គត់ផ្គង់​ និង​ហិរញ្ញវត្ថុ​ (iii).​ ការិយាល័យ​ទឹកស្អាត​ (iv).​ ការិយាល័យ​គម្រោង​ និង​ផែនការ​ និង​ (v).​ ការិយាល័យ​ប្រព័ន្ធ​ស្រោចស្រព​ និង​ថាមពល​ខ្នាត​តូច​។​ 
២. ធនធាន​មនុស្ស​ 
នៅ​ក្នុង​នាយកដ្ឋាន​ មាន​ក្របខ័ណ្ឌ​មន្រ្តី​រាជការ​សរុប​ ចំនួន​ ៧៧នាក់​ (ស្រី​ ០៥​នាក់ )​ ដែល​បាន​បែង​ចែក​ទៅ​តាម​មុខងារ​ និង​តួនាទី​ រួមមានៈ​ ​ (i).​ ថ្នាក់ដឹក​នាំ​នាយកដ្ឋាន​ ចំនួន​ ១១​នាក់​ (ii)​. ថ្នាក់ដឹកនាំ​ការិយា​ល័យ​ ចំនួ​ន​ ១៣នាក់​ និង​ (iii).​ មន្រ្តី​ ចំនួន​ ៥៣នាក់​។​ ក្នុង​នោះ​មន្រ្តី​ដែល​សហការ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ និង​គម្រោង​នានា​ សរុប​ចំនួន​ ២១​នាក់​ (ស្រី​ ០២​នាក់​) ដែល​​រួមមានៈ​ (i).​ គម្រោង​ផ្គត់ផ្គង់​​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ទី២​ ចំនួន​ ១១នាក់​ (ii).​ គម្រោង​កែលម្អ​ផ្លូវជនបទ​ ចំនួន​ ០២​នាក់​ (iii).​ ​គម្រោង​ KE​TSANA​ ចំនួន​ ០១​នាក់​ និង​ (iv).​ អង្គ​ការ​ ​UNICEF​ ចំនួន​ ០៦​នាក់​។​

III.សកម្មភាព​ការងារ​ 
១. សកម្មភាព​ការងារ​រដ្ឋបាល​ 
លទ្ធផល​ការងារ​រដ្ឋបាល​​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​នៅក្នុង​ខែមករា​ ឆ្នាំ​ ២០១៤​ នេះ​ សម្រេច​បាន​ដូច​តទៅៈ​
- ចូលរួម​សិក្ខាសាលា​បាន​ ចំនួន​ ០១​លើក​
- លិខិត​អញ្ជើញ​ថា្នក់ដឹកនាំ​ចូលរួម​ប្រជុំ​បាន​ ចំនួន​ ០៤​លិខិត​
- ទទួល​លិខិត​ពី​អង្គភាព​ និង​ស្ថាប័ន​នានា​បាន​ ចំនួន​ ០៥​លិខិត​
២​. គម្រោង​ កម្មវិធី​ និង​អង្គការ​សហការ​ជាមួយ​នាយកដ្ឋាន​ 
ក. លទ្ធផល​ការងារ​សម្រេចបាន​របស់​វិស័យ​ផ្គត់ផ្គង់​ទឹកជនបទ​ (ថវិកាកម្មវិធី​) 
នៅក្នុង​ខែ​មករា​ ឆ្នាំ​ ២០១៤​ នេះ​ លទ្ធផល​ការងារ​វិស័យ​ផ្គត់ផ្គង់​ទឹកជនបទ​សម្រេច​បានៈ​
១.​ ការងារ​សាងសង់​ថ្មី​ 
- សាងសង់​អណ្តូង​ស្នប់​បាន​ ចំនួន​ ០៣​អណ្តូង​ នៅ​ខេត្ត​ព្រះវិហារ​
២​. ការងារ​ស្តារ ​/​ជួសជុល​ 
- ជួសជុល​អណ្តូងស្នប់​បាន​ ចំនួន​ ០១​​អណ្តូង​ នៅ​ខេត្ត​ស្ទឹងត្រែង​
៣​. ការងារ​ផ្សេងៗ​ 
- សិក្សា​ទីតាំង​សម្រាប់​ស្តារស្រះទឹក​សហគមន៍ ចំនួន ០១កន្លែង នៅខេត្ត​កំពង់ស្ពឺ
- រៀបចំ​ផែនការ​ផ្គត់ផ្គង់​ទឹកស្អាត​ប្រចាំឆ្នាំ​​២០១៤​ ដាក់ជូន​នាយកដ្ឋាន​ផ្គត់ផ្គង់ទឹក​ជនបទ​ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ពិនិត្យ​ និង​អនុម័ត​ សម្រាប់​ខេត្ត​កំពង់ស្ពឺ​
- ត្រួតពិនិត្យ​គុណភាព​អណ្តូង​គ្រប់​ប្រភេទ​នៅ​ខេត្ត​ព្រះសីហនុ​
- មន្រ្តី​ចុះស្រង់​ទិន្នន័យ​ប្រព័ន្ធផ្គត់ផ្គង់​ទឹកស្អាត​នៅតាម​បណ្តាស្រុក​ ទូទាំង​ខេត្តតាកែវ​
- នាយដ្ឋាន​ចុះខួង​អណ្តូង​ជូន​គ្រួសារ​កងទ័ព​នៅតាម​ភូមិអភិវឌ្ឍន៍​បណ្តោយ​ព្រំដែន​ទិស​ខាង​លិច​ និង​ខាងជើង​បាន​ ចំនួន​ ០៩​អណ្តូង​ (សម្រេច​ ១០០%​បានចំនួន​ ០៣​អណ្តូង​)​ នៅ​ខេត្ត​​ព្រះវិហារ​
ខ​. គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​ និង​អនាម័យ​ជនបទ​ទី​២​ (RWSSP2​) 
គម្រោង​អនុវត្ត​ក្នុង​រយៈពេល​ ៥​ឆ្នាំ​ (២០១០​-​២០១៥​)​ មានថវិកា​ចំនួន​ ២៥,៨​ លាន​ដុល្លារ​ (ថវិកា​រាជ​រដ្ឋាភិបាល​ ១,៨​ លាន​ដុល្លារ​ ជំនួយ​ឥត​សំណង​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ ២១​លា​ន​ដុល្លារ​ និង​ការ​ចូលរួម​របស់​អ្នក​ទទួល​ផល​ ៣​ លាន​ដុល្លារ​)​ ​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន​ ០៦​ គឺ​​ខេត្ត​កំពង់ឆ្នាំង​ ពោធិ៍សាត់​ បាត់​ដំបង​ បន្ទាយ​មានជ័យ​ សៀមរាប​ និង​ខេត្ត​កំពង់ធំ​។​ ក្នុងខែ​មករា​ ឆ្នាំ​ ២០១៤​នេះ​ គម្រោង​សម្រេច​បានៈ​
- មន្រ្តី​ក្រុម​អនុវត្ត​គម្រោង​ខេត្ត​ និង​ស្រុក​ចុះ​​ធ្វើការណែនាំ​ និង​ជំរុញ​ប្រជា​ពលរដ្ឋ​សាង​សង់​បង្គន់​អនាម័យ​តាមគ្រួសារ​ និង​សាធារណៈ​បាន​ ចំនួន​ ០៥​លើក​ នៅ​ខេត្ត​សៀមរាប​
- ចុះ​ពង្រឹង​ក្រុម​ប្រើប្រាស់ទឹក​ និង​អនាម័យ​ដោយ​ជំរុញ​ឲ្យ​ធ្វើ​របង​ព័​ទ្ធជុំវិញ​អណ្តូង​ទឹក​ និង​ការ​​សន្សំ​ថវិកា​សម្រាប់​ជួសជុល​បាន​ ចំនួន​ ០២​លើក​ នៅ​ខេត្ត​កំពង់ឆ្នាំង​
- រៀបចំ​វគ្គ​បណ្តុះបណ្តាល​អំពី​ការងារ​បច្ចេកទេស​ជួសជុល​ស្នប់​អណ្តូង​បាន​ ចំនួន​ ០១​វគ្គ​ មាន​អ្នក​ចូល​​រួម​ សរុប​ចំនួន​ ២១៣​នាក់​/​ស្រី​ ៩៨​នាក់​ នៅ​ខេត្ត​កំពង់ឆ្នាំង​
- មន្រ្តី​ចុះ​ត្រួត​ពិនិត្យ​ការ​សាងសង់​ពាងត្រងទឹកភ្លៀង​បាន​ ចំនួន​ ​០១​លើក​ នៅ​ខេត្តកំពង់ឆ្នាំង​
- សាងសង់​បង្គន់​អនាម័យ​តាម​គ្រួសារ​បាន​ ចំនួន​ ៦៨៧​បង្គន់​ នៅ​ខេត្តកំពង់ឆ្នាំង​
គ​. គម្រោង​ផែនការ​សុវត្ថិភាព​ទឹកជនបទ​ 
ក្នុង​ខែ​មក​រា​ ឆ្នាំ​ ២០១៤​ នេះ​ គម្រោង​សម្រេច​បាន​​លទ្ធផល​ការងារ​​ដូចតទៅៈ​
- សិក្សា​ស្ថានភាព​ភូមិគោលដៅ​​ សម្រាប់​ការអនុវត្ត​គម្រោង​ផែនការសុវត្ថិភាព​ទឹកជនបទ​​នៅ​ខេត្ត​កំពង់​​ស្ពឺ​
- រៀបចំ​ប្រជុំផ្សព្វផ្សាយ​ស្តីពី​ការងារ​ សម្រាប់​ការអនុវត្ត​គម្រោង​ផែនការ​សុវត្ថិភាព​ទឹក​ជនបទ​ មាន​​អ្នក​​ចូលរួម​សរុប​ ៣៦​នាក់​​/​ស្រី​ ៧​នាក់​ នៅ​ខេត្តកំពង់ស្ពឺ​ ខេត្ត​ព្រៃវែង​
- រៀបចំ​ផែនទី​ភូមិ​ និង​ស្រង់ទិន្នន័យ​សម្រាប់​ការអនុវត្ត​គម្រោង​ផែនការ​សុវត្ថិភាព​ទឹកជនបទ​ មាន​​អ្នក​​ចូល​រួម​សរុប​ ១៥​នាក់​/​ស្រី​ ៦​នាក់​ ​នៅ​ខេត្តកំពង់ស្ពឺ​ ខេត្ត​ព្រៃវែង​
- រៀបចំ​សិក្ខាសាលា​ កម្មវិធី​ទឹកសុវត្ថិភាព​ នៅ​​មជ្ឃមណ្ឌល​មិត្តភាព​កម្ពុជា​ កូរ៉េ​ នៅ​រាជធានីភ្នំពេញ​ កាល​ពី​​ថ្ងៃទី​ ១៣​ ខែ​មករា​ គ.ស.​២០១៤​
៣. គម្រោង​ កម្មវិធី​ និង​អង្គការ​សហការ​ជាមួយ​រាជធានី​ ខេត្ត​ 
ក.​ កិច្ច​សហការ​ជាមួយ​អង្គការ​ ​១០០១​ 
ក្នុង​ខែ​មករា ឆ្នាំ​ ២០១៤​ នេះ​ កិច្ចសហការ​ជាមួយ​អង្គការ​ ១០០១​ សម្រេច​​បាន​​លទ្ធផល​​​ការងារ​​ដូចតទៅៈ​
- សិក្សា​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ៍​ផលិតទឹកស្អាត​ចំនួន​ ៥​កន្លែង​ នៅ​ខេត្តកំពង់ស្ពឺ​
- មន្រ្តី​បច្ចេកទេស​ចុះត្រួតពិនិត្យ​ការសាងសង់​ស្ថានីយ៍​ផលិត​ទឹកស្អាត​ និង​ដាក់ឲ្យ​សហគមន៍​​ដំណើរ​ការ​ផលិត​ទឹកស្អាត​លក់​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ នៅ​ខេត្តព្រៃវែង​
- មន្រ្តី​បច្ចេកទេស​ចុះតាមដាន​ និង​ត្រួតពិនិត្យ​ការផលិត​ទឹកស្អាត​របស់​ប្រតិបត្តិករ​នៅ​ខេត្ត​ព្រៃវែង​
- ធ្វើការ​អប់រំ​ ណែនាំ​ដល់​ប្រតិបត្តិករ​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ផលិត​ទឹកស្អាត​ លាងសម្អាត​​ពីដុង​​ដាក់ទឹក​ ថែទាំ​សម្ភារៈ​ផ្សេងៗ​ និង​ការ​ទុកដាក់​កាកសំណល់​ឲ្យមាន​សុវត្ថិភាព​ បាន​ចំនួន​ ១០​​ស្ថានីយ៍​ នៅ​ខេត្តព្រៃវែង​ និង​ខេត្ត​រតន​គីរី​
ខ.​ គម្រោង​ថវិកា​ពី​ក្រសួង​កិច្ចការនារី​ 
ក្នុង​ខែ​​ មករា​ ឆ្នាំ​ ២០១៤​ នេះ​ ក្រសួងកិច្ចការនារី​បានផ្តល់​ថវិកា​សម្រាប់​​អនុវត្ត​សកម្មភាព​​ការងារ​​ទឹក​ស្អាត​ ដែល​ជា​លទ្ធផល​សម្រេចបាន​ដូចតទៅៈ​
- សាងសង់​អណ្តូងស្នប់​បាន​ ចំនួន​ ១៥​អណ្តូង​ នៅ​ខេត្ត​ស្ទឹងត្រែង​
- សាងសង់​អាងត្រង​ទឹកភ្លៀង​បាន​ ចំនួន​ ៣​អាង​ នៅ​ខេត្ត​ស្ទឹងត្រែង​
គ.​ កិច្ច​សហការ​ជាមួយ​អង្គការ​ UNICEF​ 
ក្នុង​ខែ​មករា​ ឆ្នាំ​ ២០១៤​ នេះ កិច្ចសហការ​ជាមួយ​អង្គការ​ UNICEF​ សម្រេច​បាន​​លទ្ធផល​​ការងារ​​ដូចតទៅៈ​
- រៀបចំ​ចែកសម្ភារៈ​ និង​ធុងចម្រោះ​ជូន​ប្រជាពលរដ្ឋ​ និង​សាលារៀន​ ដែល​រងការប៉ះពាល់​ដោយ​​គ្រោះទឹកជំនន់​ក្នុងឆ្នាំ​ ២០១៣​ រួមមានៈ​ ធុងស្តុកទឹក​ចំណុះ​ ២០លីត្រ​ ប៉ាតទឹក​ ថ្នាំបន្សុតទឹក​ និងចែក​ធុងចម្រោះទឹក​ ប័ណ្ណ​អប់រំផ្សព្វផ្សាយ​​ សាប៊ូដុំ​ ធុងទឹក​ចំនួន ២១០​ នៅ​ខេត្តប៉ៃលិន​​
- ប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការបណ្តុះបណ្តាល​លើ​ការងារ​បស្សុទ្ធទឹក​ និង​ការទុកដាក់​ទឹក​​តាម​គ្រួសារ​​ប្រកប​​ដោយ​សុវត្ថិភាព​ មាន​អ្នកចូលរួម​សរុប​ ៥៨​នាក់​/​ស្រី​ចំនួន​១៧​នាក់​ នៅ​ខេត្តព្រៃវែង​
- រៀបចំ​វគ្គបណ្តុះបណ្តាល​ការបន្សុទ្ធ​ និង​ការស្តុកទឺក​ទុក​ឲ្យមាន​សុវត្ថិភាព​តាមគ្រួសារ​ មាន​អ្នក​ចូល​រួមសរុប​ ៦៥​នាក់​/​ស្រី ​១៨ ​នាក់​ នៅ​ខេត្តព្រៃវែង​
- រៀបចំ​វគ្គបណ្តុះបណ្តាល​ស្តីពី​ការលើកកម្ពស់​ការយល់ដឹង​ទឹកស្អាត​ និង​ផ្សព្វផ្សាយ​ការប្រើប្រាស់​​ធុង​ចម្រោះ​តាម​​សាលារៀន​ចំនួន​ ៩​ សាលា មាន​លោកគ្រូអ្នកគ្រូ​ និង​គណ:​កម្មការ​​ទ្រទ្រង់​​សា​លា​​ក្រុមប្រឹក្សាឃុំ​ ចូលរួម​ សរុប​ ១៦៩​នាក់​/​ស្រី​ ៣២នាក់
- រៀបចំ​ប្រជុំ​ជាមួយ​ជនបង្គោល​ភូមិ​ និង​​សហគមន៍​ក្នុង​ការស្រង់ព័ត៌មាន​ទិន្នន័យ​ដំបូង ​ស្តីពី​​ការ​ប្រើ​ប្រាស់​​ប្រភពទឹក​ និង​អនាម័យ​​ក្នុង​ភូមិគោលដៅ​ចំនួន​ ៧​ភូមិ​ មាន​អ្នកចូលរួម​ សរុប​ ៤៨១​នាក់​/​ស្រី​ ១៧៨​នាក់​
- ធ្វើតេស្ត​​អាសេនិច ​​និង​លាបពណ៌​អណ្តូង​បានចំនួន​១៤៦២អណ្តូង​ នៅខេត្តព្រៃវែង​
- ចុះអប់រំ​និងធ្វើ​សម្ភាសន៍​ប្រជាជន​ក្នុង​តំបន់​រងគ្រោះ​អាសេនិច​អំពី​ការប្រើប្រាស់​​ទឹកប្រចាំថ្ងៃ​បាន ចំនួន ​៨៩២០​នាក់/​ស្រី ​៤០៤៧នាក់ ​នៅខេត្តព្រៃវែង​
- ប្រជុំពិភាក្សា​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ក្នុងការរៀបចំ​ធ្វើវេទិការ​អាសេនិច​មានអ្នកចូលរួម​សរុប ៤៥នាក់​/​ស្រី ០១នាក់​ ​នៅខេត្តព្រៃវែង​
- រៀបចំ​វេទិកា​ពិភាក្សា​ស្តីពី​ផលប៉ះពាល់​នៃ​សារធាតុពុល​អាសេនិច​ដល់​សុខភាព​ដល់​មន្ត្រី​មន្ទីរ​ ​​អ.ជ.ប.​,អ.យ.ក.​,ការិយាល័យ​អ.ជ.ប.​,អ.យ.ក​ ក្រុមប្រឹក្សា​ឃុំ​ ភូមិ​ ជនបង្គោលភូមិ​ នាយក​សាលា​ គ្រូបង្រៀន​ មណ្ឌលសុខភាព​ បុស្តិ៍រដ្ឋបាល​ អាចារ្យវត្ត​ វិស័យឯកជន​ សរុប​ចំនួន​ ៥០៨នាក់​/ស្រី​ ៩៨​នាក់​ នៅ​ខេត្តព្រៃវែង​
- ត្រួតពិនិត្យ​ និង​វាយតម្លៃ​លើ​ការបន្សុទ្ធទឹក​ ការទុក​ដាក់ទឹក​តាមគ្រួសារ​ប្រកបដោយ​សុវត្ថិភាព​ចំនួន​៨​ឃុំ​ ៣៦​ភូមិ​ គ្រួសារ​ចំនួន​ ៣៦០​គ្រួសារ​ នៅ​ខេត្តព្រៃវែង​
- រៀបចំ​ប្រជុំផ្សព្វផ្សាយ​ប្រកាស​ស្តីពី​ការកែសម្រួល​សមាសភាព​មន្រ្តីរាជការ​សម្រាប់​អនុវត្តកម្ម​វិធី​ផ្គត់​ផ្គង់ទឹកស្អាត​ និង​អនាម័យជនបទ​នៅ​ទីស្តីការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​
- ប្រជុំ​រៀបចំ​ផែនការសកម្មភាព​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត​ និង​អនាម័យ​ជនបទ​សម្រាប់​ត្រីមាសទី១​នៅ​ខេត្ត​រតនគីរី​
ឃ.​ កិច្ច​សហការ​ជាមួយ​អង្គការ​សង្គ្រោះសត្វព្រៃ​ SCW​ 
ក្នុង​ខែ​មករា​ ឆ្នាំ​ ២០១៤​ នេះ​ កិច្ច​សហការ​ជាមួយ​អង្គការសង្គ្រោះសត្វព្រៃ​ SCW​ សម្រេច​បាន​លទ្ធផល​ការងារ​ដូចតទៅៈ​
- រៀបចំ​វគ្គ​នបណ្តុះបណ្តល​ស្តីពី​ការប្រើប្រាស់ទឹក​ និង​អនាម័យ​ បាន​ចំនួន​ ០៦​វគ្គ​ មាន​អ្នកចូលរួម​ សរុប​ចំនួន​ ១៧១​នាក់​/​ស្រី​ ១២៣​នាក់​ នៅ​ខេត្តស្ទឹងត្រែង​

 IV.មេរៀន​ និង​បទ​ពិសោធន៍​ 
- កិច្ចសហ​ប្រតិបត្តិការ​ល្អ​នៅ​ថ្នាក់ជាតិ​ រវាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្រសួង​ពាក់ព័ន្ធ​ ដៃគូ​អភិវឌ្ឍន៍​នានា​ និង​ថ្នាក់​ក្រោម​ជាតិ​ (រដ្ឋអំណាច​មូលដ្ឋាន​) ទទួល​បាន​ជោគជ័យ​ក្នុង​ការអនុវត្ត​គ្រប់គម្រោង​ កម្មវិធី​
- NGOs​ មាន​ចំនួនច្រើន​កំពុង​ធ្វើការងារ​ទឹកស្អាត​នៅ​តាម​បណ្តាខេត្ត​ ប៉ុន្តែ​គ្មាន​កិច្ច​សហការ​ល្អ​ជាមួយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី​ ខេត្ត​ ជា​ហេតុ​បណ្តាល​ឲ្យ​​ខ្វះ​ទាំង​ទិន្នន័យ​ថវិកា​ ក៏​ដូចជា​សមិទ្ធផល​ដែល​សម្រេច​បាន​ប្រចាំ​ឆ្នាំ​
- ការ​ចែករំលែក​បទពិសោធន៍​ និង​លទ្ធផល​ នៃ​ការសិក្សា​ស្រាវជ្រាវ​​ផ្សេងៗ​ដល់​ភាគី​ពាក់ព័ន្ធ​មាន​សារ​សំ​ខាន់​ណាស់​ ពិសេស​ការងារអប់រំ​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ ដល់​សហគមន៍​ណា​ដែល​រងគ្រោះ​ធ្ងន់​ធ្ងរ​
- ការ​បណ្តុះបណ្តាល​ ផ្សព្វផ្សាយ​ លើ​ការងារ​គុណភាពទឹក​ (អាសេនិច​) មិន​ទទួល​បាន​លទ្ធផលល្អ​ បើ​សិន​ជា​ការ​បណ្តុះបណ្តាល​ទាំងនោះ​ ធ្វើតែ​មួយ​លើក​ ហើយ​ខ្វះ​ការតាមដាន​
- ការចូលរួម​របស់​ស្រ្តី​ (ក្នុងការ​សម្រេចចិត្ត​) ចំពោះ​ការអនុវត្ត​គម្រោង​នានា​ គឺ​មាន​ប្រសិទ្ធិភាព​ខ្ពស់​
- បញ្ហា​បម្រែបម្រួល​អាកាសធាតុ​ គឺជា​បរិបទថ្មី​នៅ​កម្ពុជា​ ដូច្នេះ​ប្រជា​ពល​រដ្ឋ​ដែល​កំពុង​​រស់នៅ​ជន​បទ​មិន​ទាន់​មាន​ការយល់ច្បាស់​ការវិវត្តន៍​បញ្ហា​នេះ​

V.ការប្រឈម​ 
- ថវិកា​ និង​ធនធានមនុស្ស​
- ការ​ផ្លាស់ប្តូរ​ទម្លាប់​ប្រជាពលរដ្ឋ​ក្រីក្រ​
- បញ្ហា​គុណភាពទឹក​
- ប្រព័ន្ធ​ទិន្នន័យ​អណ្តូង​គ្រប់ប្រភេទ​នៅមាន​កម្រិត​
- បម្រែបម្រួល​អាកាសធាតុ​

 VI.សំណូមពរ​ 
- ស្នើ​មន្ទីរ​រាជធានី​ ខេត្ត​ រៀបចំ​ឲ្យមាន​ស្ថិតិ​ត្រឹមត្រូវ​នូវ​អណ្តូង​កំពុង​ដំណើរការ​ និង​អណ្តូង​​ខូច​ខាត​​គ្រប់​ប្រភេទ​រួច​បញ្ជូន​​មក​នាយកដ្ឋាន​
- ស្នើ​មន្ទីរ​រាជធានី​ខេត្ត​បញ្ជូន​របាយការណ៍​ឲ្យ​បាន​ទៀងទាត់​ និង​ទាន់ពេលវេលា​មក​នាយកដ្ឋាន​ផ្គត់ផ្គង់ទឹក​ជន​បទ​
- ស្នើ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ​បង្កើន​ខ្ទង់ថវិកា​ជាតិ​ឲ្យ​បាន​ទ្វេរដង​ សម្រាប់​វិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​ និង​វិភាជ​ថវិកា​ឲ្យបាន​ទាន់​ពេលវេលា​
- ស្នើ​ដៃគូអភិវឌ្ឍន៍​ និង​អង្គការ​នានា​ដែលមិនទាន់​បាន​សហការ​កន្លងមក​ មេត្តា​ធ្វើកិច្ចសហការ​ឲ្យបាន​ល្អ​ជា​មួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​

VII.ផែនការ​ និង​ទិសដៅ​សកម្មភាព​យុទ្ឋសាស្រ្ត​ សម្រាប់​ ខែ​កុម្ភៈ​ ឆ្នាំ​ ២០១៤​ 
- សិក្សា​ទីតាំង​សម្រាប់​សាងសង់​ស្ថានីយ៍​ផលិតទឹកស្អាត​
- សិក្សា​ទីតាំង​ជួសជុលអណ្តូង​
- សហប្រតិបត្តិការ​ជាមួយ​ដៃគូអភិវឌ្ឍន៍​នានា​
- ស្តារ​និង​ជួសជុល​ប្រព័ន្ធធារាសាស្រ្ត​ខ្នាតតូច​
- ជំរុញ​ការអប់រំ​ប្រជាពលរដ្ឋ​អំពី​ការទុក​ដាក់ទឹក​ឲ្យមាន​សុវត្ថិភាព​នៅតាម​គ្រួសារ​
- ពិនិត្យ​ តាមដាន​ការសាងសង់​ និង​ជួសជុល​អណ្តូង​
- ជំរុញ​ការលើកកម្ពស់​ និង​អប់រំផ្សព្វផ្សាយ​ពី​ការប្រើប្រាស់​ ថែទាំ​ប្រភពទឹក​
- ធ្វើតេស្ត​រក​សារធាតុ​អាសេនិច​ក្នុង​ទឹកអណ្តូង​នៅ​ទូទាំង​ប្រទេស​
- រៀបចំ​ចងក្រង​ និង​ពង្រឹង​ក្រុម​ប្រើប្រាស់​ទឹក​ និង​អនាម័យ​

VIII.សន្និដ្ឋាន​ 
ការអនុវត្ត​សកម្មភាព​ផ្គត់ផ្គង់​ទឹកជនបទ​ដែល​រួមមាន​ការសា​ងសង់​អណ្តូងទឹក​ ពាងយក្ស​ ធុង​ចម្រោះ​ អាងត្រង​ទឹកភ្លៀង​ អាងចម្រោះជាតិដែក​ ស្រះ​សហ​គម​ន៍​ ប្រព័ន្ធ​ចែកចាយ​ទឹក​តាម​ទុយោ​ខ្នាតតូច​ និង​ធារាសាស្រ្ត​ខ្នាតតូច​…….​ជាដើម​។​ល​។​ គឺជា​ការ​រួមចំណែក​ក្នុង​យុទ្ធនាការ​ នៃ​ការ​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​បាន​ឆ្លើយតប​ទៅនឹង​គោល​នយោបាយ​ជាតិ​ គោលដៅ​យុទ្ធសាស្រ្ត​អភិវឌ្ឍន៍​ជាតិ​ និង​យុទ្ធ​សាស្ត្រ​ចតុកោណ​របស់​​រាជរដ្ឋាភិបាល​ ដែល​បាន​ដាក់​ចេញ​​ជាពិសេស​ គឺបាន​ជួយ​ដល់​តម្រូវ​ការ​នៃ​ការរស់​នៅ​ របស់​ប្រជាពល​រដ្ឋ​នៅតាម​តំបន់ជនបទ​។​ ម្យ៉ាងវិញ​ទៀត​ នាយកដ្ឋាន​ផ្គត់​ផ្គង់​ទឹក​ជនបទ​គឺជា​សេនាធិការ​​មួយដ៏សំខាន់​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ក្នុងការដើរ​តួជា​អ្នក​សម្រប​សម្រួល​ការអនុវត្ត​សកម្មភាព ដើម្បីផ្តល់​សេវាកម្មទឹក​ប្រជាពល​រដ្ឋ​តាមមូលដ្ឋាន ​ក្នុង​គោល​បំណង​ ដើម្បី​រួមចំណែក​ក្នុងការ​ផ្លាស់ប្តូរ​ និង​អភិវឌ្ឍន៍​​សហគមន៍​ប្រកប​ដោយ​ចីរភាព​។​ ដោយ​ការ​យក​ចិត្ត​ទុកដាក់​ពី​រាជរដ្ឋាភិបាល​ ជាពិសេស​ ថ្នាក់ដឹកនាំ​ក្រសួង​អភិវឌ្ឍន៍ជន​បទ​​បាន​ធ្វើ​ឲ្យ​ការ​ផ្គត់​ផ្គង់​ទឹក​ជន​បទ​ មាន​ការវិវឌ្ឍ​រីកចំរើន​ ដោយបាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​នូវការអប់រំ​ ស្តីពី​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​ និង​អនាម័យ​ បោះបង់​ទម្លាប់មិនល្អ​។​

ប្រធាន​នាយកដ្ឋាន​ផ្គត់​ផ្គង់​ទឹក​ជនបទ

Scroll Up