ក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដល់មន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា និងជំនួយការថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ១១:៣២ ព្រឹក
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មការបរិវត្តកម្មឌីជីថលក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដល់មន្ដ្រីរាជការ មន្ដ្រីជាប់កិច្ចសន្យា និងជំនួយការថ្នាក់ដឹកនាំ ក្រសួងអភិវឌ្ឍន៍ជនបទ។
ពិធីបើកវគ្គបណ្ដុះបណ្ដាល នេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ថ្នាក់ដឹកនាំក្រសួង និង សិក្ខាកាមសរុបប្រមាណ ១១២នាក់។ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានបរិវត្តកម្មឌីជីថល បានធ្វើរបាយការណ៍វឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលដែលបញ្ជាក់ នូវសមិទ្ធផលសម្រេចបានជាច្រើនគួរជាទីមោទនៈ។
ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា បច្ចុប្បន្នបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន នៅលើពិភពលោកបានវិវត្តន៍រីកចម្រើនក្នុងល្បឿនមួយយ៉ាងលឿន ដែលបានប្រែក្លាយពិភពលោកជាបណ្តើរៗទៅជាពិភពលោក ឌីជីថលភាវូបនីយកម្ម(digitalization)។ ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានដាក់ចេញនូវ “គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥” ដែលបានកំណត់ចក្ខុវិស័យ “កសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិតនិងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ” និងបានកំណត់គោលការណ៍ចំនួនបីគឺ៖ “កសាងមូលដ្ឋានគ្រឹះឌីជីថល ការចាប់យកឌីជីថល និងការធ្វើបរិវត្តកម្មឌីជីថល ”។ ជាមួយគ្នានោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនាពេលបច្ចុប្បន្ន បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ជាដំណាក់កាលកសាងមូលធនមនុស្ស ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចីរភាព ដែលបានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា”។ ដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ដ្ររបស់រាជរដ្ឋាភិបាល គណៈកម្មការបរិវត្តកម្មឌីជីថលនៃក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យគឺ “បញ្ជ្រាបបច្ចេកវិទ្យាឌីជីថលទៅគ្រប់សកម្មភាពការងារប្រចាំថ្ងៃរបស់ក្រសួង និងប្រែក្លាយមន្រ្តីឱ្យទៅជាមន្រ្តីឌីជីថលត្រឹមឆ្នាំ២០៣០” ដោយកំណត់គោលការណ៍ ៣ គឺ “ការផ្លាស់ប្តូរទម្លាប់នៃការអនុវត្តការងារ, ការផ្លាស់ប្តូរទម្លាប់នៃការទំនាក់ទំនង, និងការកាត់បន្ថយជាអតិបរមាលើការប្រើប្រាស់ក្រដាសត្រឹមឆ្នាំ២០៣០” តាមរយៈការផ្លាស់ប្តូរជាមូលដ្ឋានពីរបៀប និងទម្លាប់ការងាររវាងអ្នកប្រតិបត្តិ និងអ្នកទទួលសេវា ដោយធ្វើយ៉ាងណាឱ្យសេវាកម្មល្អ សាមញ្ញ មានប្រសិទ្ធភាព លឿន រហ័ស និងទុកចិត្តបាន ឆ្លើយតបទៅនឹងយុគសម័យឌីជីថល ។
ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ខិតខំប្រឹងប្រែង យកចិត្តទុកដាក់ អស់កម្លាំងប្រាជ្ញាស្មារតី ក្រេបយកនូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា ឌីជីថល ដែលគ្រូឧទ្ទេស នឹងបង្ហាត់បង្រៀនក្នុងវគ្គបណ្ដុះបណ្ដាល ដើម្បីជាទុនក្នុងការបំពេញការងារជូនក្រសួង ក៏ដូចជាជូនរាជរដ្ឋាភិបាលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០៕
