MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ នៅ​ថ្ងៃ​ច័ន្ទ ទី ១០ ខែកញ្ញា ឆ្នាំ ២០១២

នា​ព្រឹក​ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១២ វេលា​ម៉ោង ០៨ និង ៣០ នាទី​ព្រឹក នៅ​ទីស្ដីការក្រសួង​អភិវឌ្ឍន៍ជនបទ មាន​រៀបចំ​កិច្ចប្រជុំ​ប្រចាំ​សប្ដាហ៍ ក្រោម​អធិបតីភាព​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ។ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​មាន​ឯកឧត្ដម លោកជំទាវ​រដ្ឋលេខាធិកា​រ អនុរដ្ឋលេខាធិការ នាយខុទ្ទកាល័យ អគ្គាធិការ អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន និង​អនុប្រធាននាយកដ្ឋាន ជំនួយការ​ថ្នាក់ដឹកនាំ នៅក្រោម​ឱវាទ​ក្រសួង​អភិវឌ្ឍន៍ជនបទ សរុប​ប្រមាណ​ជាង ១០០ នាក់ ។

កិច្ច​ប្រជុំបាន​ប្រព្រឹត្តទៅ​តាមរបៀប​វារៈ​ដែ​ល​បាន​គ្រោងទុក៖

1.ការអាន​ព្រះរាជក្រឹត្យ​តែងតាំង​មន្ត្រីរាជការ៖
- ឯកឧត្តម ផាន់ សា​ភឿន ជាទី​ប្រឹក្សា​អម​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយក
- លោក ហាក់ ម៉ាក់ ជាទី​ប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយករង
- លោក នុត សាំង ជាទី​ប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយករង
- លោក ងឹ​ម ងឿ​ន ជាទី​ប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយករង
- លោក មាស សុជាតិ ជាទី​ប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយករង
- លោក វ៉ឺ​ត ហាត់ ជាទី​ប្រឹក្សា​ក្រសួង​អភិវឌ្ឍន៍ជនបទ មាន​ឋានៈ​ស្មើ​អគ្គនាយករង
- លោក ផា​រ៉ា មង្គល ជា​អគ្គនាយករង​រដ្ឋបាល និង​ហិរញ្ញវត្ថុ
- លោក​បណ្ឌិត ភាគ សុធា ជា​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជនបទ

2.ស្តាប់​របាយការណ៍​ស្តីពី​ការរៀបចំ​ឯកសារ​គោល​នយោបាយ​ស្តីពី​ការអភិវឌ្ឍន៍​ផ្លូវ​ជនបទ ដែល​រៀបចំ និង​កែសម្រួល​ដោយ​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ របស់​ឯកឧត្តម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ ។ សេចក្តីព្រាង​ឯកសារ​គោលនយោបាយ​នេះ​ត្រូវបាន​រៀបចំឡើង​ដំបូង​ឡើង​មុន​ឆ្នាំ ២០០៨ ក្រោម​ក្របខ័ណ្ឌ​គម្រោង SEACAP របស់​ក្រសួង ដោយមាន​ទីប្រឹក្សា​បរទេស​ជួយ​តាក់តែង​ក្រោមរូបភាព​ជា​ឯកសារ​គោលនយោបាយរ​បស់​ក្រសួង ។ នៅ​ឆ្នាំ ២០០៩ ក្រសួង​បាន​យក​ឯកសារ​បកប្រែ​មក​កែសម្រួល​សារជាថ្មី និង​បាន​ប្រជុំពិភាក្សា​ផ្ទៃក្នុង​ជាច្រើនលើក ។ នៅ​ខែកក្កដា ឆ្នាំ ២០១២ ឯកសារ​នេះ​ត្រូវបាន​ផ្ទេរ​មក​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ ដែល​បានធ្វើ​ការប្រជុំ​ពិនិត្យ​ចំនួន ៥ លើក នៅ​ឆ្នាំ ២០១១ និង ២ លើក នៅ​ឆ្នាំ ២០១២ ។ សេចក្តីព្រាង​គោលនយោបាយ​មាន​គោលដៅ ៤ យុទ្ធសាស្ត្រ ៩ និង​ចំណុច​សំខាន់ ៣ ទៀត​គឺ​ហិរញ្ញប្បទាន ចីរភាព​នៃ​ហេដ្ឋារចនាសម្ព័ន្ធ និង​ការអភិវឌ្ឍ​ស្ថាប័ន ។ ការសម្រេច​កែសម្រួល​ឯកសារ​ដើម​ទៅជា​ឯកសារ​គោលនយោបាយរ​បស់​រាជរដ្ឋាភិបាល​វិញ ទាមទា​ឲ្យ​រៀបចំ​ទម្រង់​ឯកសារ​សារ​ឡើងវិញ។ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​អនុសាសន៍​ណែនាំ​មួយចំនួន​លើ​ខ្លឹមសារ និង​ទម្រង់​នៃ​សេចក្តីព្រាង​ឯកសារ​គោលនយោបាយ និង​ប្រគល់​ភារកិច្ច​ឲ្យ​ក្រុមការងារ​នីតិកម្ម និង​គោលនយោបាយ ស្នើសុំ​ឲ្យ​ក្រុមប្រឹក្សា​អ្នកច្បាប់​ជួយ​កែសម្រួល​សេចក្តីព្រាង​លើ​ទម្រង់ មុននឹង​បញ្ជូនទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ជា​ផ្លូវការ ។

3.ស្តាប់​របាយការណ៍​ស្តីពី​ការរៀបចំ​សមាសភាព និង​ការបណ្តុះបណ្តាល​គណៈកម្មាធិកា​រ​អភិវឌ្ឍន៍​ភូមិ របស់លោក ហួ កុល​វ័​ន្ត ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ ។ បន្ទាប់ពី​មាន​សារាចរ​ណែនាំ​លេខ ០០៩៨ ចុះ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១១ របស់​ក្រសួង​អភិវឌ្ឍន៍​ស្តីពី ការអនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ ២៣៩១ប្រក ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១០ របស់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ ស្តីពី​ការបង្កើត និង​ការប្រព្រឹត្តទៅ​របស់​គណៈ​ក​ម្មា​ធិ​ការអភិវឌ្ឍន៍​ភូមិ រួចមក​នៅ​ឆ្នាំ ២០១១ នាយកដ្ឋាន​អភិវឌ្ឍន៍​សហគមន៍ និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ទាំង ២៤ រាជធានី ខេត្ត បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​សារាចរ​ណែនាំ​ស្តីពី ការអនុវត្ត​ប្រកាស​អន្តរក្រសួង​លេខ ២៣៩១ ប្រក ចុះ​ថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០១០ របស់​ក្រសួងមហាផ្ទៃ និង​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចំនួន ២៥លើក ដែលមាន​អ្នកចូលរួម សរុប ចំនួន ៤ ៣៤៧ នាក់ ស្រី​ចំនួន ៥៥៨នាក់ ។ ក្រោយពី​បានបញ្ចប់​សិក្ខាសាលា​ផ្សព្វផ្សាយ​រួចមក មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត បាន​បន្ត​រៀបចំ​សមាសភាព គ​អ​ភ បាន​ចំនួន ៧.១៥៥ ភូមិ ស្មើនឹង ៥១,៩៦% នៃ​ចំនួន​ភូមិ​សរុប​កើន​លើស​ឆ្នាំ ២០១១ បាន​ចំនួន ៣.១១១ ភូមិ ស្មើនឹង ២២% (កាលពី​ខែធ្នូ ឆ្នាំ ២០១១ រៀបចំ​សមាសភាព គ.អ.ភ បាន​ចំនួន ៤.០៤៤ ភូមិ ស្មើនឹង ៣០% នៃ​ចំនួន​ភូមិ​សរុប)។ ការរៀបចំ​សមាសភាព គ​អ​ភ ភាគច្រើន​លើសលុប​មន្ទីរ​អភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត ជា​អ្នកសម្របសម្រួល រៀបចំ និង​ជ្រើសរើស​ជាមួយ​ក្រុមប្រឹក្សាឃុំ និង​មេភូមិ។ មាន​អង្គការ​ចំនួន ៤ តែប៉ុណ្ណោះ ដែល​បាន​ជួយ​រៀបចំ​សមាសភាព គ.អ.ភ បាន​ចំនួន ១០១ ភូមិ ក្នុងនោះ​មាន អង្គការ​ជីវិត​ថ្លៃថ្នូរ CHILD FUND, YWAM និង CGA ។ គិត​ត្រឹម​បំណាច់​ខែសីហា ឆ្នាំ ២០១២ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ចំនួន ១៣ ខេត្ត បាន​បណ្ដុះបណ្ដាល គ.អ.ភ ស្តីពី តួនាទី​ភារកិច្ច និង​ផែនការ​សកម្មភាព​អភិវឌ្ឍន៍​ភូមិ បាន​ចំនួន ៨៧ វគ្គ ដែលមាន​សមាជិក គ.អ.ភ ចំនួន ៣០៤៥ នាក់ មកពី​ភូមិ គោលដៅ​ចំនួន ៤៣៥ ភូមិ។ ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​រៀបចំ​របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការរៀបចំ​សមាសភាព គ​អ​ភ មានភ្ជាប់​តារាង​លម្អិត ដើម្បី​ផ្ញើ​ទៅគ្រប់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត​ជ្រាប ។ នៅ​កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​វិស័យ​ទឹកស្អាត និង​អនាម័យ​លើក​ក្រោយ ក៏ដូចជា​កិច្ចប្រជុំ​ក្រុម​អង្គ​ការដែល​ធ្វើ​ការងារ​ក្នុង​វិស័យ​ទឹកស្អាត និង​អនាម័យ ត្រូវមាន​បង្ហាញ​របាយ​ការណ៍​មួយ​ស្តីពី​ការ​រី​ចម្រើន​នៃ​ការរៀបចំ​សមាសភាព គ​អ​ភ នេះ ដើម្បី​អំពាវ​ឲ្យ​ដៃគូ​អភិវឌ្ឍន៍​ជួយ ។

4.ផ្សេង៖
- ឯកឧត្តម​រដ្ឋមន្ត្រី​ស្នើ​ឲ្យ​មន្ត្រីរាជការ​ទាំងអស់​ជំរុញ​កូនចៅ និង​ក្រុមគ្រួសារ ទៅពិនិត្យ​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត ឲ្យ​បានគ្រប់ៗគ្នា ។ អ្នក​ដែល​បាន​ចុះឈ្មោះ​ពីរ​កន្លែង សូម​ទៅសុំ​លុបឈ្មោះ​មួយ​ចេញ ។
- ឯកឧត្តម​ផ្តល់​អនុសាសន៍​ឲ្យ​គ្រប់​អគ្គនាយកដ្ឋាន នាយកដ្ឋាន និង​អង្គភាព​អនុវត្ត​គម្រោង​ទាំងអស់​ត្រៀម​រៀបចំ​របាយការណ៍​បូកសរុប​ប្រចាំឆ្នាំ ២០១២ ។
កិច្ចប្រជុំ​នេះ​បានបញ្ចប់ នៅវេលា​ម៉ោង ១០ និង ៣០ នាទី​ថ្ងៃត្រង់ នា​ថ្ងៃខែ និង​ឆ្នាំ​ដដែល ប្រកបដោយ​ផ្លែផ្កា និង​ការទទួលខុសត្រូវ​ខ្ពស់ ។

អ្នករាយការណ៍ បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ


ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម