ថ្ងៃទី០៦ខែសីហាឆ្នាំ២០១២ លោកជំទាវ ដាំដារីនី អនុរដ្ឋលេខាធិការ និងជាតំណាងឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះសួសុខទុក្ខក្រុមយុវជនស្ម័គ្រចិត្តសម្ដេចតេជោ ហ៊ុន សែន នៅសាលាបឋមសិក្សាសម្បូរមាសស្ថិតនៅភូមិសម្បូរមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីអភិបាលស្រុកតំបែរ និងស្រុកត្បូងឃ្មុំរួមទាំងមន្រី្តក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនកុះករ។
ក្នុងឧិកាសនោះលោកជំទាវ ដាំ ដារិនី មានមតិសំណេះសំណាលជាមួយក្រុមយុវជនស្ម័គ្រចិត្តថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ មានគោលនយោបាយកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស ដោយផ្ដោតជាអាទិភាពចំពោះយុវជន។ លោកជំទាវ បានបន្តថា ប្រមុខរាជរដ្ឋាភិបាលបានលើកទឹកចិត្តនិងឲ្យតម្លៃខ្ពស់ចំពោះការងាររបស់ឲ្យយុវជន និងកំពុងប្រែក្លាយធនធានយុវជនឲ្យមានសក្តានុពលពេញលេញ ទាំងចំណេះដឹង និងបទពិសោធន៍ព្រមទាំងការរួមវិភាគទានជួយដល់ប្រទេសជាតិទាំងកិច្ចការងារនយោបាយកិច្ចការសារធារណ:កិច្ចការងារសង្គម និងការងារមនុស្សធម៌។
លោកជំទាវ បានបញ្ជាក់បន្ថែមថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែយកចិត្តទុកដាក់ និងគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការគ្រប់គ្រងដីធ្លីបង្កបង្កើនផល និងកាត់បន្ថយភាពក្រីក្រនៅជនបទ។
រាជរដ្ឋាភិបាលក្រោមការដឹកនាំសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននិងកំពុងស្ថាបនាថែមទៀតនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ ដូចជាផ្លូវជាតិ ផ្លូវជនបទ សាលារៀន មន្ទីរពេទ្យ បុស្តិ៍សុខភាព ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទគ្រប់ទិសទី។
បន្ទាប់មកលោកជំទាវ បានប្រគល់អំណោយរបស់សម្ដេចតេជោ និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត រួមមានអង្ក២០០គីឡូក្រាម សាច់ច្រក ត្រីងៀត ១មុខ៨គីឡូក្រាម ត្រឡាច ស្ពៃក្ដោប ថ្នាំដុះធ្មេញ សាប៊ូ ទឹកផ្លែឈើ ៤កេស ទឺកសុទ្ធ ៤កេស ពងទា ២០០គ្រាប់ ព្រមទាំងថវិកាក្នុងម្នាក់ៗ ២ម៉ឺនម្នាក់ ដល់ក្រុមយុវជនស្ម័គ្រចិត្ត រួមទាំងក្រុមមន្ត្រីសូរិយាដី និងក្រុមគ្រូពេទ្យក្រោមបរិយាកាសរីករាយ និងស្និតស្នាលបំផុត៕







