កាលពីព្រឹកថ្ងៃទី ០៩ ខែ សីហា ឆ្នាំ២០១២ នៅសាលាបឋមសិក្សាសម្បូរមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តកំពងចាម ក្រុមការងារដឹកនាំដោយឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ទៅចែកជូនយុវជនស្មគ្រ័ចិត្តសម្តេចតេជោ ដែលកំពុងចុះវាស់វែងដីធ្លីជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងភូមិសម្បូរមាស ក្នុងស្រុកត្បូងឃ្មុំ និងស្រុកតំបែរ ខេត្តកំពង់ចាម ក្នុងឧិកាសដែលក្រុមយុវជនស្មគ្រ័ចិត្តឈប់សម្រាកពីការងារ ដើម្បីតាមដានទស្សនាការផ្សាយផ្ទាល់ការបកស្រាយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពីការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោក និងការកំណត់ព្រំដែនសមុទ្ររវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា ។
ក្នុងនាមឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ ឯកឧត្តម ទ្រី ម៉េង បានធ្វើការកោតសរសើរដល់ក្រុមយុវជនស្មគ្រ័ចិត្ត ដែលមានភាពក្លាហានចំណាយពេលវេលាដ៏មានតម្លៃពីការសិក្សាមកចូលរួមក្នុងចលនាជាមួយរាជរដ្ឋាភិបាល ក្នុងការអនុវត្តផែនការគោលនយោបាយចាស់សកម្មភាពថ្មីឲ្យទទួលបានជោគជ័យជូនប្រមុខដឹកនាំប្រទេសក្នុងការអនុវត្តនយោបាយសម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋ និងបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការ និងការពារសន្តិសុខជូនក្រុមយុវជនស្មគ្រ័ចិត្ត និងក្រុមមន្ត្រីសុរិយោដីខេត្តចុះមក អនុវត្តការងារជូនប្រជាពលរដ្ឋ ។ អំណោយដែលបានចែកជូនមាន មី ទឹកក្រូច ទឹកសុទ្ឋ ពងទាប្រៃ ត្រីងៀត សាច់ក្រក និងសម្ភារៈ បរិក្ខាមួយចំនួនទៀត និងការរៀបចំហូបបាយសាមគ្គីទៀតផង ។
គួររំលឹកថា ក្រុមការងារយុវជនស្ម័គ្រចិត្ត សម្តេចតេជោ និងក្រុមកាងារមន្ទីរសុរិយោដីខេត្តកំពង់ចាម កំពុងធ្វើការវាស់វែងដីធ្លីជូនប្រជាពលរដ្ឋចំនួនពីរភូមិគឺ៖
១. ភូមិតាពេញ ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំដែលមានផ្ទៃដីទំហំ ៣៥៤ ហិចតា ដែលពាក់ពន្ធ័ ជាមួយប្រជាពលរដ្ឋចំនួន ១៦៧ គ្រួសារ ។
២. ភូមិសម្បូរមាស ឃុំគោកស្រុក ស្រុកតំបែរ ដែលមានផ្ទៃដីទំហំ.១.៤៨០ ហិចតា ដែលពាក់ព័ន្ធជាមួយប្រជាពលរដ្ឋចំនួន ៥២៩ គ្រួសារដែលមានការពាក់ពន្ធ័ជាមួយ ក្រុមហ៊ុន សាម លិញ ចំនួន ៩៩០ ហិចតា និងដីគម្របព្រៃចំនួន ៤៩០ ហិចតា។
ក្នុងការចុះវាស់វែងនេះមានរយៈពេល ៤៣ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១២រហូតដល់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ ២០១២ ។ ក្នុងការអនុវត្តការងារមាន ៤ ក្រុមគឺ ដែលក្នុងនោះ ២ ក្រុមជាមន្ត្រីសុរិយោដីខេត្តមានគ្នាចំនួន ២៤ នាក់ និង ២ ក្រុមទៀត ជាក្រុមការងារយុវជនស្មគ្រ័ចិត្តសម្តេចតេជោ មានគ្នាចំនួន ២៤ នាក់សរុបទាំងអស់គឺ ៤៨ នាក់ ហើយមកដល់ពេលនេះការវាស់វែងត្រូវបានបញ្ចប់សព្វគ្រប់ (បានរៀបចំប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋទាំងពីរភូមិ បានចំនួនក្បាលដី ១.៦៦២ វាស្មើនិងផ្ទៃដីចំនួន ១.៨៣៤ ហិចតា ) ។
អត្ថបទ បណ្ឌិត ថេង ច័ន្ទសង្វារ







