MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

សាធារណរដ្ឋ​កូរ៉េ ជួយ​បណ្ដុះបណ្ដាល​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ដល់​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ

Print

កាលពី​ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០១២ នៅ​សណ្ឋាគារ​ភ្នំពេញ ក្រោម​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាមួយនឹង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) ដែលមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ដោយ​សាជីវកម្ម​សហគមន៍​ជនបទ​កូរ៉េ (KRC) បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​មួយ​ស្ដីពី​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ តាមរយៈ​កម្មវិធី​បណ្ដុះ​បណ្ដាល​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ពហុ​ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា ដល់​មន្ត្រីរាជការ​ក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត ទាំង ២៤ ។ នេះ​ជា​សិក្ខាសាលា​ផ្សព្វផ្សាយ​បញ្ចប់​នៃ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ដែល​ត្រូវអនុវត្ត​ក្នុង​រយៈពេល ០៣ ឆ្នាំ សម្រាប់​មន្ត្រី​ក្រសួង​អភិវឌ្ឍន៍ជនបទ បន្ទាប់ពី​កម្មវិធី​បណ្ដុះបណ្ដាល​លើក​ទី ១ បានបញ្ចប់​កាលពី​ចុងខែ​ធ្នូ ឆ្នាំ ២០១១។ អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ មាន ឯកឧត្តម​ជា រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក តំណាង KOICA ប្រចាំ​ប្រទេស​កម្ពុជា តំណាង KRC និង​សិក្ខាកាម​សរុប​ចំនួន ១១០ នាក់ ដែល​អញ្ជើញ​មកពី​ទីស្ដីការក្រសួង និង​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត​ទាំង ២៤ ។


គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ដើម្បី : ១) ផ្សព្វផ្សាយ​គម្រោង​កម្មវិធី​បណ្តុះបណ្តាល​ស្តីអំពី​ការអភិវឌ្ឍ​សហគមន៍​ជនបទ​សម្រាប់​ឆ្នាំ ២០១២ ២) ពន្យល់​អំពី​ការអនុវត្ត​គម្រោង​បណ្តុះបណ្តាល​បន្ត​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត​ទាំង ២៤ និង​ការបណ្តុះបណ្តាល​បន្ត​រប​ស់​មន្ទីរនីមួយៗ ៣) បង្កើន​ការគាំទ្រ និង​ការចូលរួម​ពី​បណ្តា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត​ទាំង ២៤ និង ៤) ផ្តល់​លិខិត​តែងតាំង​គ្រូ​បង្គោល និង​ផ្តល់រ​ង្វាន់​ជូន​ដល់​មន្ទីរ​ដែល​បាន​អនុវត្ត​គម្រោង​បណ្តុះបណ្តាល​បន្តបាន​ល្អ ក្នុង​ឆ្នាំ ២០១១ ។


នៅក្នុង​មតិ​ស្វាគមន៍​ក្នុង​ពិធី​បើក​អង្គសិក្ខាសាលា លោក​បណ្ឌិត Shin Eui Cheol ប្រធាន KOICA ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា សាធារណៈរដ្ឋ​កូរ៉េ​ក្នុងនាម​ជា​ដៃគូ​អភិវឌ្ឍន៍​ល្អ​ជាមួយនឹង​ប្រទេស​កម្ពុជា កូរ៉េ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការផ្ដល់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ដោយ​ផ្ដោតលើ​វិស័យ ០៤ សំខាន់ ដូចជា ១).អប់រំ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ២).ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ ៣). សុខាភិបាល និង ៤).ហេដ្ឋារចនាសម្ព័ន្ធ។ វិស័យ​ទាំង​បួន​នេះ​កំពុង​អនុវត្ត​ដោយ​ទីភ្នាក់ងារ KOICA។ លោក​បាន​បន្ដទៀតថា សិក្ខាសាលា​ស្ដីពី​កម្មវិធី​បណ្ដុះបណ្ដាល​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ពហុ​ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា នេះ ជា​កត្តា​ចំ​បាច់​បំផុត​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ឧស្សាហូបនីយកម្ម និង​ការប្រកួតប្រជែង​ថ្នាក់ជាតិ ហើយ​វគ្គ​បណ្ដុះបណ្ដាល​នេះ ជា​សក្ខីភាព​តំណាង​ឲ្យ​ការចូលរួម​ដល់​ការអភិវឌ្ឍ​ជនបទ​នៅ​កម្ពុជា​ពី​សំណាក់​រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ ។


ក្នុងឱកាស​ពិធី​បើក​អង្គសិក្ខាសាលា​នោះ​ផងដែរ ឯកឧត្ដម​បណ្ឌិត ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ និង​ជានា​យក​ខុទ្ទកាល័យ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ក្រើនរំលឹក​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ជា​សិក្ខាកាម​ខិតខំ​ចាប់យក​ខ្លឹមសារសំខាន់ៗនៃ​មេរៀន​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​ដែល​គ្រោង​នឹង​រៀបចំ​នៅតាម​តំបន់ ដើម្បី​យកទៅ​ចែករំលែក​នៅតាម​មន្ទីរ និង​សហគមន៍។ ឯកឧត្ដម​ក៍បាន​សំណូមពរ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត ទាំងអស់ និង​នាយកដ្ឋាន​បណ្ដុះបណ្ដាល និង​ស្រាវជ្រាវ ធានាបាន​នូវ​និរន្តរភាព​នៃ​កម្មវិធី​នេះ ដោយ​រៀបចំ​ឲ្យ​មាន​ជា​វគ្គ​បណ្ដុះបណ្ដាលតូចៗ នៅតាម​មន្ទីរ ឬ​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ជំនាញ​មូលដ្ឋាន​របស់ខ្លួន ។


បន្ទាប់មក លោក LEE Seung Won ប្រធាន​គម្រោង​អញ្ជើញ​មកពី KRC បានធ្វើ​បទ​បង្ហាញ​ដោយ​សង្ខេប​ពី​កម្មវិធី​បណ្ដុះបណ្ដាល​នេះ​ថា កម្មវិធី​បណ្ដុះបណ្ដាល​ការអភិវឌ្ឍ​សហគមន៍​ជនបទ​ពហុ​ឆ្នាំ សម្រាប់​ប្រទេស​កម្ពុជា​នេះ នឹង​គ្រោង​ធ្វើការ​ផ្សព្វផ្សាយ ដើម្បី​បណ្ដុះបណ្ដាល​មន្ត្រីរាជការ​នៅតាម​បណ្ដា​មន្ទីរ​អភិវឌ្ឍន៍ជនបទ​រាជ​ធានី ខេត្ត ទាំង ២៤ ចំនួន ១០០ នាក់ ដោយ​ចែកជា ០៣ តំបន់ មាន : តំបន់​ទី ១ ធ្វើ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រះសីហនុ តំបន់​ទី ២ ធ្វើ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកណ្តាល និង​តំបន់​ទី ៣ ធ្វើ​នៅ​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តសៀមរាប ដោយ​ចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃទី ៣០ ខែកក្កដា ហើយ​បញ្ចប់​នៅ​ថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១២ ខាងមុខនេះ ។ កម្មវិធី​បណ្ដុះបណ្ដាល​ខាងលើនេះ នឹង​ផ្ដោត​សំខាន់​លើ​មេរៀន​ចំនួន ០៤ : ១)-ការអភិវឌ្ឍ​ជនបទ​ដោយមាន​ការចូលរួម ២)-ចលនា​អភិវឌ្ឍន៍​ភូមិ​ថ្មី (Saemaul Undong) ៣)-ការ​គ្រប់​គ្រង់​គម្រោង និង ៤)-គរុកោសល្យ​នៃ​ការបង្រៀន ។


ក្នុង​មតិ​សំណេះសំណាល​បិទ​សិក្ខាសាលា ឯកឧត្តម សួស គង់ រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​កូរ៉េ ពិសេស ភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​កូរ៉េ (KOICA) និង សាជីវកម្ម​អភិវឌ្ឍន៍ជនបទ​កូរ៉េ (KRC) ដែល​ជួយ​ដល់​ក្រសួង​អភិវឌ្ឍន៍ជនបទ​ក្នុង​ការងារ​បណ្តុះបណ្តាល​ធនធានមនុស្ស​ដ៏​មាន​សារៈសំខាន់​នេះ។ ឯកឧត្ដម​បាន​បន្ដទៀត​ថា កម្មវិធី​បណ្ដុះបណ្ដាល​នេះ គឺ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​ក​ម្រិ​ត​ជីវភាព​រស់នៅរ​បស់​ប្រជាពលរដ្ឋ​នៅ​ជនបទ ដើម្បី​ឈានទៅ​សម្រេច​ឲ្យ​បាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​ទូទាំងប្រទេស​យ៉ាងហោចណាស់ ១% ក្នុង​មួយឆ្នាំ។ តាមរយៈ​នេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​ចាំបាច់​ត្រូវ​កសាង​ធនធានមនុស្ស​ដែលមាន​សមត្ថភាព​គ្រប់គ្រាន់​ទាំង​ជំនាញ និង​បទ​សោធន៍ ដើម្បី​ក្លាយខ្លួនជា​អ្នកផ្តល់​សេវា​ដ៏​ល្អប្រសើរ ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​សហគមន៍​ជនបទ។ ឯកឧត្តម​ក៏បាន​បញ្ជាក់​ដោយ​សង្កត់​ធ្ងន់​ថា ចំណេះដឹង​ដែល​ទទួលបាន​ពី​វគ្គ​បណ្ដុះបណ្ដាល​នេះ សិក្ខាកាម​ទាំងអស់​គួរ​ត្រូវបាន​យកទៅអនុវត្ត​ជាក់ស្តែង​នៅតាម​មូលដ្ឋាន ដើម្បី​រួមចំណែក​បំពេញបេសកកម្ម ដ៏​ថ្លៃថ្លា​បម្រើប្រជាជន​ដែល​កំពុងតែ​រង់ចាំ​ជំនួយ​ពី​មន្ត្រីរាជការ ៕

អត្ថបទ ៖ លោក ឡេង គី​ឈ័​ង

You are here Home