MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

មន្ត្រី​ទើប​ប្រឡង​ជាប់​ក្របខណ្ឌ​ថ្មី​ចំនួន ៤០ នាក់​ទទួលបាន​វគ្គប​ណ្តុះ​បណ្តាល​ដំបូង



នៅ​ថ្ងៃទី ២៣ និង ២៤ ខែកក្កដា ឆ្នាំ ២០១២ នៅ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ​មាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ដំបូង ជូន​ដល់​មន្ត្រីរាជការ​ដែល​ទើប​ប្រឡង​ជាប់​ថ្មី​ចំនួន ៤០ នាក់ ។ វគ្គ​នេះ​មានបំណង​ផ្តល់ជូន​នូវ​ចំណេះដឹង​អំពី​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លក្ខន្តិកៈ​ដោយឡែក​នៃ​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ និង​បង្ហាញ​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ដើម្បី​ឲ្យ​មន្ត្រី​ថ្មី​យល់ដឹង​អំពី​ទិសដៅ និង​ចក្ខុវិស័យ​ដែល​ក្រសួង ត្រូវ និង​កំពុង​អនុវត្ត។

លោក ទួន ភិរម្យ អនុប្រធាននាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក បានធ្វើ​បទឧទ្ទេសនាម​អំពី​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ​ស៊ីវិល ដោយបាន​បង្ហាញ​ដល់​សិក្ខាកាម​អំពី ៖

- បញ្ញត្តិ​ទូទៅ ដែល​អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​ដែន​សមត្ថកិច្ច និង​វិសាលភាព​នៃ​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ យល់ដឹង​ពីអ្វី​ជា​ក្របខ័ណ្ឌ ឋានន្តរស័ក្តិ ថ្នាក់ និង​ស​ន្ទ​ស្សន៍​បៀវត្ស​របស់​មន្ត្រីរាជកា​រ។
- ការជ្រើសរើស​ឲ្យ​ចូលធ្វើការ អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​លក្ខខណ្ឌ​ដែល​អាច​ប្រឡង​ចូល​ក្របខ័ណ្ឌ​មន្ត្រីរាជការ​បាន។
- ការធ្វើ​កម្មសិក្សា ការតាំង​ស៊ប់​ក្នុង​ក្របខ័ណ្ឌ ការបញ្ចេញ​ពី​ក្របខ័ណ្ឌ អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​លក្ខខណ្ឌ​នានា​ក្នុង​ការដែល​អាច​តាំងស៊ប់ និង​មិនអាច​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​មន្ត្រីរាជការ​បាន "កម្មសិក្សា​មិនអាច​យកជាការ​បានទេ បើកាលណា​សាមីជន​អាក់​ខានមក​ធ្វើ​កម្មសិក្សា​សរុប​លើសពី ៣០ ថ្ងៃ" ក្នុង​រយៈពេល ១២ ខែ​នៃ​កម្មសិក្សា​នេះ។ ម្យ៉ាងទៀត កម្មសិក្សាការី​ណា​ដែល​មិនបាន​បង្ហាញ​ឲ្យ​ឃើញថា ខ្លួន​មាន​សម្បទា​វិជ្ជាជីវៈ​គ្រប់គ្រាន់ ឬក៏​ពិនិត្យឃើញថា​របៀប​ធ្វើ​ការងារ​មានការ​ខ្ជីខ្ជា ឬក៏​អសមត្ថភាព នឹង​កាន់​មុខតំណែង​បាន​តាម​លក្ខខណ្ឌ​ដែល​បានកំណត់​ក្នុង​សេចក្តីណែនាំ​ជា​ធរមាន អាច​បញ្ឈប់​មិន​ឲ្យ​ធ្វើការ​នេះ​ពេលណា​ក៏បាន​ក្នុង​រយៈពេល​កម្មសិក្សា។
- ការឡើង​ឋានន្តរស័ក្តិ ឬ​ឡើង​ថ្នាក់ ដែល​អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​លក្ខខណ្ឌ​ក្នុងការ​ដំឡើង​ថ្នាក់ និង​ដំឡើង​ឋានន្តរស័ក្តិ​របស់​មន្ត្រីរាជកា​រ។
- វិន័យ ដែល​អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​កាតព្វកិច្ច​ដែល​មន្ត្រីរាជការ​ត្រូវ​ទទួលខុសត្រូវ និង​លក្ខខណ្ឌ​នានា​ដែល​ច្បាប់​បាន​ហាមឃាត់​មន្ត្រី​រាជ​ការ​​មិន​​ឲ្យ​​ធ្វើ។ ទណ្ឌកម្ម​ថ្នាក់​ទី ១ និង​ទណ្ឌកម្ម​ថ្នាក់​ទី ២ ត្រូវអនុវត្ត​ចំពោះ​មន្ត្រីរាជការ​ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​នឹង​ច្បាប់​សហលក្ខន្តិកៈ​មន្ត្រី​រាជ​កា​រ​​ស៊ីវិល។
- ការចូលនិវត្តន៍ អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​លក្ខខណ្ឌ​ដែល​មន្ត្រីរាជការ​ត្រូវ​ចូលនិវត្តន៍​តាម​ប្រភេទ​ក្របខ័ណ្ឌនីមួយៗ និង​លក្ខខណ្ឌ​ផ្សេងៗ​ទៀត​​​ដែល​​​មន្ត្រី​​រាជការ​​​អាច​សុំចូល​និវត្តន៍​មុន​អាយុ​បាន។
ពាក់​ព័ន្ធ​​នឹង​​លក្ខន្តិកៈ​ដោយឡែក​នៃ​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ សិក្ខាកាម​បាន​ស្តាប់​អំពី៖
- បញ្ញត្តិ​ទូទៅ អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​ប្រភេទ​ក្របខ័ណ្ឌ​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់ ទិសដៅ និង​ឧបនិស្ស័យ​របស់​ក្របខ័ណ្ឌ​ក្នុង​ពេល​​បំពេញ​ការ​ងារ​​ជា​​មន្ត្រីរាជការ។
- ឋានន្តរស័ក្តិ និង​មុខតំណែង អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​ឋានន្តរស័ក្តិ នៅក្នុង​ក្របខ័ណ្ឌ និង​ថ្នាក់​នៅក្នុង​ឋានន្តរស័ក្តិ​នីមួយ​។ នៅក្នុង​ជំពូក​នេះ ក៏បាន​បង្ហាញ​អំពី​ឧបនិស្ស័យ​ដែល​មន្ត្រីរាជការ​នៅក្នុង​ឋានន្តរស័ក្តិនីមួយៗ អាច​ទៅកាន់​មុខតំណែង​បាន។
- ការជ្រើសរើស អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​លក្ខខណ្ឌ​ក្នុងការ​ជ្រើសរើស​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់។
- ការបណ្តុះបណ្តាល​ដំបូង កម្មសិក្សា​សាកល្បង និង​ការ​តាំងស៊ប់ អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​ការបណ្តុះបណ្តាល ការធ្វើ​កម្មសិក្សា និង​ការ​តាំងស៊ប់​ក្នុង​ក្របខ័ណ្ឌ​របស់​មន្ត្រី​បច្ចេកទេស​ជាន់ខ្ពស់។
- ការដំឡើង​ថ្នាក់ និង​ដំឡើង​ឋានន្តរស័ក្តិ អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​លក្ខខណ្ឌ​ក្នុងការ​ដំឡើង​ថ្នាក់ និង​ដំឡើង​ឋានន្តរស័ក្តិ និង​លិខិតបទដ្ឋាន​ដែល​ត្រូវ​សម្រេច​ក្នុង​ការដំឡើង​ថ្នាក់ និង​ឋានន្តរស័ក្តិ​ទាំងនោះ។
- បទ​ប្បញ្ញត្តិ​ដោយឡែក អាច​ឲ្យ​បេក្ខជន​យល់ដឹង​អំពី​ការចូលនិវត្តន៍ និង​ការដំឡើង​ថ្នាក់​នៅពេល​ត្រូវបាន​ក្រសួង​ចាត់​ឲ្យ​ទៅ​ទទួល​ការ​បំប៉ន ឬ​ការបណ្តុះបណ្តាល​ជំនាញ​បន្ត ដែលមាន​រយៈពេល​សរុប​ចាប់ពី ០១ ឆ្នាំ​ឡើងទៅ ឬ​ការទទួលបាន​សញ្ញាប័ត្រ​ខ្ពស់ជាង​សញ្ញាប័ត្រ​ដែល​ខ្លួន​បាន​ប្រឡង​ចូល។

ឯកឧត្តម ថេ​ង ច័ន្ទ​សង្វារ អនុរដ្ឋលេខាធិការ បានធ្វើ​បទ​បង្ហាញ​អំពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ជាអាទិ​អំពី ៖

1.ប្រវត្តិ​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ​តាំងពី​ការកកើត​ជា​រដ្ឋលេខាធិកា​រដ្ឋា​ន​អភិវឌ្ឍន៍ជនបទ រហូតដល់​ការបង្កើត​ជា​ក្រសួង​អភិវឌ្ឍន៍ជនបទ
2.ការវិវត្តន៍​របស់រ​ច​នា​សម្ព័ន្ធ​របស់​ក្រសួង ចាប់ពី​ឆ្នាំ ១៩៩៤ រហូតមកដល់​បច្ចុប្បន្ន
3.តួនាទី និង​ភារកិច្ច​របស់​អង្គភាពនីមួយៗ ក្រោម​ចំណុះ​ក្រសួង រហូតដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត
4.បទពិសោធន៍​ជាក់ស្តែង​មួយចំនួន​ដែល​ក្រសួង​បាន និង​កំពុង​អនុវត្ត​កន្លងមក។

នៅវេលា​ម៉ោង ៤ លា្ង​ច វគ្គ​បណ្តុះបណ្តាល​ទទួល​បាន​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់ ដោយបាន​ការអញ្ជើញ​ចូល​ពី​ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ រួម​ជា​អធិបតី​ក្នុង​ពិធី​បិទ ។ ក្នុង​មតិ​សំណេះសំណាល ឯកឧត្តម​រដ្ឋមន្ត្រី បាន​ផ្តាំ​ឲ្យ​មន្ត្រី​ទាំងអស់​ខិតខំ យកចិត្តទុកដាក់​ប​ម្រី​សេវា​ជូន​ប្រជាជន ដោយ​ស្មោះស ឲ្យ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល និង​ខិតខំ​ការពារ​កិត្តិយស​អង្គភាព និង​ស្ថាប័ន​របស់ខ្លួន​ឲ្យ​ក្លាយ និង​សាក់​សមជា​មន្ត្រី​ជាមាន​វិ​ស​ន័យ សីលធម៌​ល្អ គោរព​បាន​ខ្ជាប់ខ្ជួន​នូវ​ច្បាប់ និង​សហលក្ខន្តិកៈ​មន្ត្រីរាជកា​រ ។

អត្ថបទ៖ ខុទ្ទកាល័យ

You are here Home