MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្តម ជា សុផារ៉ា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឆ្លង​សមិទ្ធផល​នានា ក្នុង​វត្ត​សុវណ្ណ​បទុមវត្តី ហៅ​វត្ត​រកាឃ្នួច ឃុំជីគរស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម

បោះពុម្ភ


alt

កាលពី​ព្រឹក​ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១២ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​​អភិវឌ្ឍន៍​ជនបទ ​តំណាង​ដ៏ខ្ពង់ខ្ពស់​សម្តេច​​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​​​​រដ្ឋ​មន្រ្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញជាអធិបតី ក្នុងពិធីបុណ្យ​សម្ពោធ​ឆ្លង​សមិទ្ធផល​​នានា​រួ​មមាន កុដិ ១ខ្នង របងវត្ត ៣២០ម៉ែត្រ និងផ្ទះបាយ ១ខ្នងក្នុង​វត្ត​សុវណ្ណ​​បទុមវត្តី ហៅ​វត្ត​រកាឃ្នួច ឃុំជីគរ ស្រុក​ត្បូង​ឃ្មុំ​ខេត្ត​កំពង់ចាមចំណាយ​ថវិកាសរុប ១០៤,០៩២ ដុល្លារអាមេរិក។​

អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ មាន​ឯកឧត្តមបណ្ឌិត ហ៊ុន ​ម៉ាណែត នាយរងសេនាធិការ​ចម្រុះ និង​ជា​មេបញ្ជាការរង​កងទ័ពជើង​គោក ឯកឧត្តម ឡាន ឆន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់​ដឹកនាំ និង​មន្រ្តីរាជការអមសាលាខេត្ត និង​សាលាស្រុក​ត្បូងឃ្មុំលោកគ្រូ អ្នកគ្រូ​សិក្សានុសិស្សតាជីយាយជី និងប្រជាពល​រដ្ឋក្នុង​ឃុំជីគរសរុប​ជាង ​​២០០០ នាក់​។ឯកឧត្តម ជា សុផារ៉ា  បាន​រំលឹកថា​វត្តសុវណ្ណបទុមវត្តី បាន​កសាង​តាំង​ពីឆ្នាំ ១៦៨៨ កាលពី៣១៤ឆ្នាំមុន។ប៉ុន្តែនៅ​​ក្នុង​​របប​​ប៉ុលពត ទីវត្ត អារាម នេះបាន​ធ្វើ​ជាកន្លែង​​ចិញ្ចឹម​សត្វ ព្រះ​វិហារ​​បាន​​បំផ្លាញ​ទាំង​ស្រុង។លុះក្រោយថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ទីវត្ត​​ទាំង​មូល​​ត្រូវបាន​កសាង​ឡើង​​​​​វិញ​ដោយ​រណសិរ្យ​សាមគ្គី​សង្គ្រោះ​​ជាតិ​កម្ពុជា និងជាបន្តបន្ទាប់​វត្តតែងតែ​ទទួល​បានការជួយ​ឧបត្ថម្ភ ពី​សប្បុរសជនពុទ្ធ​បរិស័ទ្ធ​​​​នៅទីជិត​ឆ្ងាយ​ជាពិសេស ឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជន​កម្ពុជា​។ តួយ៉ាង សមិទ្ធផល​នានា ដែល​ត្រូវ​សម្ពោធនាពេលនេះ គឺជាការជួយឧបត្ថម្ភរបស់ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែននិង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ​ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និង​សុប្បរសជនក្នុង​ និង​ក្រៅប្រទេសជាច្រើន។

alt

ឯកឧត្តម បានបញ្ជាក់ថាប្រទេសកម្ពុជាបានទទួលសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការ​អភិវឌ្ឍ​លើគ្រប់វិស័យ ព្រមទាំងមានកិតិយសលើឆាកអន្តរជាតិ​ ដូចសព្វថ្ងៃនេះ គឺជា​លទ្ធ​ផលនៃ​នយោបាយ​ឈ្នះឈ្នះ​របស់ សម្តេច​តេជោ ហ៊ុន សែននិងការខិតខំប្រឹងប្រែងរបស់គណបក្ស​ប្រជាជនកម្ពុជា។​ឯកឧត្តមក៏​បាន​បន្ថែម​ថា នាពេលថ្មីនេះ សម្តេច​តេជោ​បានសម្រេចលុបចាល ឡូដ៏នេសាទនៅទូទាំងប្រទេសក្នុង​នោះ​ក៏មាន​ ឡូដ៏ទាំង ៧ ក្នុង​ខេត្ត​កំពង់ចាមផង​ដែរ​ដើម្បី ឲ្យ ប្រជាពលរដ្ឋអាចធ្វើនេសាទ​លក្ខណៈគ្រួសារបាន​ដោយ​​​សេរី និងមានទឹកធ្វើកសិកម្មបានគ្រប់គ្រាន់។ ជាមួយគ្នានេះឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យជួយការពារ​កុំ​ឲ្យ​មាន​​ការ​នេសាទខុសច្បាប់ និងសុំឲ្យទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១២ ខាងមុខ។ឯកឧត្តម​ក៏បាន​ប្រកាសជាឱឡារិកថា “យើងទាំងអស់គ្នាគាំទ្រសម្តេច​អគ្គមហាសេនា បតីតេជោ ហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្រ្តី​គ្រប់​អណត្តិជារៀងរហូត” ។

alt

ឈ្លាតក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ាបានអញ្ជើញឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ឡើងបង្ហាញខ្លួន និងមានមតិ​សំណេះ​សំណាលទៅកាន់​ប្រជាពលរដ្ឋក្នុងពិធី។ ឯកឧត្តម​បណ្ឌិត បានពាំនាំ​ការ​សួសុខទុក្ខពី សម្តេចតេជោ និងលោកជំទាវ កត្តិព្រឹទ្ធបណ្ឌិត និងមាន​ប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន ដោយឡែក​ឃុំរការ​ឃ្នួច​នេះ មានការរីកចំរើនលើគ្រប់វិស័យ ដូចជាវត្ត អារ៉ាម វិហារឥស្លាម វិហារ​គ្រឹះសាសនា សាលារៀន មណ្ឌល​សុខភាព ផ្លូវថ្នល់​ខ្វាត់​ខ្វែង​ទាំងនេះជាលទ្ធផលនៃការ​យកចិត្តទុក​ដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ។ ឯកឧត្តម​ បានសង្កត់ធ្ងន់​ថា ​“ការគាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ចំពោះរាជ​រដ្ឋាភិបាល​ដែលដឹកនាំដោយគណបក្ស​ប្រជាជនកម្ពុជា គឺជាការគាំទ្រការ​អភិវឌ្ឍ​ប្រទេសជាតិ” ​។

alt

បន្ទាប់ពីបានបញ្ចប់មតិសំណេះសំណាល ឯកឧត្តម ជា សុផារ៉ា និង​ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមមួយជា ព្រះ ចៅអធិការវត្ត មន្រ្តីតំណាងគណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្ត ស្រុក ឃុំ បានចែកអំណោយជានិមិត្តិរូប ដល់ ប្រជាពលរដ្ឋ ចូលរួមទាំងអស់ដែល​បាន​ចូលរួមក្នុងពិធី​និងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវ​សមិទ្ធផល​នានាក្នុងវត្ត។

អត្ថបទលោក ទូច ស៊ីផាត

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម