
កាលពីព្រឹកថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០១២ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានារួមមាន កុដិ ១ខ្នង របងវត្ត ៣២០ម៉ែត្រ និងផ្ទះបាយ ១ខ្នងក្នុងវត្តសុវណ្ណបទុមវត្តី ហៅវត្តរកាឃ្នួច ឃុំជីគរ ស្រុកត្បូងឃ្មុំខេត្តកំពង់ចាមចំណាយថវិកាសរុប ១០៤,០៩២ ដុល្លារអាមេរិក។
អញ្ជើញចូលរួមក្នុងពិធីនេះដែរ មានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ និងជាមេបញ្ជាការរងកងទ័ពជើងគោក ឯកឧត្តម ឡាន ឆន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការអមសាលាខេត្ត និងសាលាស្រុកត្បូងឃ្មុំលោកគ្រូ អ្នកគ្រូសិក្សានុសិស្សតាជីយាយជី និងប្រជាពលរដ្ឋក្នុងឃុំជីគរសរុបជាង ២០០០ នាក់។ឯកឧត្តម ជា សុផារ៉ា បានរំលឹកថាវត្តសុវណ្ណបទុមវត្តី បានកសាងតាំងពីឆ្នាំ ១៦៨៨ កាលពី៣១៤ឆ្នាំមុន។ប៉ុន្តែនៅក្នុងរបបប៉ុលពត ទីវត្ត អារាម នេះបានធ្វើជាកន្លែងចិញ្ចឹមសត្វ ព្រះវិហារបានបំផ្លាញទាំងស្រុង។លុះក្រោយថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ទីវត្តទាំងមូលត្រូវបានកសាងឡើងវិញដោយរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា និងជាបន្តបន្ទាប់វត្តតែងតែទទួលបានការជួយឧបត្ថម្ភ ពីសប្បុរសជនពុទ្ធបរិស័ទ្ធនៅទីជិតឆ្ងាយជាពិសេស ឥស្សរជនជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា។ តួយ៉ាង សមិទ្ធផលនានា ដែលត្រូវសម្ពោធនាពេលនេះ គឺជាការជួយឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននិង លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសុប្បរសជនក្នុង និងក្រៅប្រទេសជាច្រើន។

ឯកឧត្តម បានបញ្ជាក់ថាប្រទេសកម្ពុជាបានទទួលសន្តិភាពពេញលេញ មានស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងមានកិតិយសលើឆាកអន្តរជាតិ ដូចសព្វថ្ងៃនេះ គឺជាលទ្ធផលនៃនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែននិងការខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជា។ឯកឧត្តមក៏បានបន្ថែមថា នាពេលថ្មីនេះ សម្តេចតេជោបានសម្រេចលុបចាល ឡូដ៏នេសាទនៅទូទាំងប្រទេសក្នុងនោះក៏មាន ឡូដ៏ទាំង ៧ ក្នុងខេត្តកំពង់ចាមផងដែរដើម្បី ឲ្យ ប្រជាពលរដ្ឋអាចធ្វើនេសាទលក្ខណៈគ្រួសារបានដោយសេរី និងមានទឹកធ្វើកសិកម្មបានគ្រប់គ្រាន់។ ជាមួយគ្នានេះឯកឧត្តម បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យជួយការពារកុំឲ្យមានការនេសាទខុសច្បាប់ និងសុំឲ្យទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ ២០១២ ខាងមុខ។ឯកឧត្តមក៏បានប្រកាសជាឱឡារិកថា “យើងទាំងអស់គ្នាគាំទ្រសម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែនជាបេក្ខជននាយករដ្ឋមន្រ្តីគ្រប់អណត្តិជារៀងរហូត” ។

ឈ្លាតក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ាបានអញ្ជើញឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ឡើងបង្ហាញខ្លួន និងមានមតិសំណេះសំណាលទៅកាន់ប្រជាពលរដ្ឋក្នុងពិធី។ ឯកឧត្តមបណ្ឌិត បានពាំនាំការសួសុខទុក្ខពី សម្តេចតេជោ និងលោកជំទាវ កត្តិព្រឹទ្ធបណ្ឌិត និងមានប្រសាសន៍ថា កម្ពុជាបច្ចុប្បន្ន ដោយឡែកឃុំរការឃ្នួចនេះ មានការរីកចំរើនលើគ្រប់វិស័យ ដូចជាវត្ត អារ៉ាម វិហារឥស្លាម វិហារគ្រឹះសាសនា សាលារៀន មណ្ឌលសុខភាព ផ្លូវថ្នល់ខ្វាត់ខ្វែងទាំងនេះជាលទ្ធផលនៃការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍ។ ឯកឧត្តម បានសង្កត់ធ្ងន់ថា “ការគាំទ្ររបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ចំពោះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាការគាំទ្រការអភិវឌ្ឍប្រទេសជាតិ” ។

បន្ទាប់ពីបានបញ្ចប់មតិសំណេះសំណាល ឯកឧត្តម ជា សុផារ៉ា និង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត រួមមួយជា ព្រះ ចៅអធិការវត្ត មន្រ្តីតំណាងគណបក្សប្រជាជនកម្ពុជា ថ្នាក់ខេត្ត ស្រុក ឃុំ បានចែកអំណោយជានិមិត្តិរូប ដល់ ប្រជាពលរដ្ឋ ចូលរួមទាំងអស់ដែលបានចូលរួមក្នុងពិធីនិងបានអញ្ជើញកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់នូវសមិទ្ធផលនានាក្នុងវត្ត។
អត្ថបទលោក ទូច ស៊ីផាត








