ជីវប្រវត្តិសង្ខេប
របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
ឯកឧត្តម ជា សុផារ៉ា កើតនៅថ្ងៃសុក្រ ៦ កើត ខែចេត្រ ឆ្នាំរោង ចត្វាស័ក ព.ស ២៤៩៥ ត្រូវនឹងថ្ងៃទី ២០ ខែ មីនា គ.ស ១៩៥៣ នៅភូមិរការខ្នុរ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម ។
ក្រោយ ពីបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបត្រភាគ ២ នៅឆ្នាំ ១៩៧៤ នៅវិទ្យាល័យ ១៨ មីនា ឯកឧត្តមបានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យវេជ្ជសាស្រ្ត និងទន្តសាស្រ្ត ។
ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ឯកឧត្តម និងលោកជំទាវ ត្រូវបានជម្លៀសឲ្យទៅរស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ក្រោយ ថ្ងៃរំដោះ ៧ មករា ១៩៧៩ ឯកឧត្តមបានឆ្លងកាត់វគ្គសិក្សានយោបាយជាច្រើន ដូចជាវគ្គសិក្សានយោបាយ ជំនាន់ទី ១ នៅសាលានយោបាយរដ្ឋធានី វគ្គសិក្សានយោបាយ-បច្ចេកទេស សាលារដ្ឋបាលនីតិសាស្រ្ត ជំនាន់ទី ២ វគ្គសិក្សាទ្រឹស្តីនយោបាយ ជំនាន់ទី ៤ នៅសាលាង្វៀងអាយគួក ទី ៧ ទីក្រុងហូជីមិញ សាធារណរដ្ឋសង្គមនិយមវៀតណាម។
ឯកឧត្តម បានចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ១៩៧៩ និងបានកាន់តំណែងក្នុងរដ្ឋបាលដែនដី និងតំណែងនយោបាយជាច្រើនដូចជា៖
- អនុប្រធានតំបន់ ៤ ក្រុងភ្នំពេញ (១៩៧៩-១៩៨១)
- អនុប្រធានសង្កាត់លេខ ៤ ក្រុងភ្នំពេញ (១៩៨១-១៩៨៥)
- អភិបាលខណ្ឌទួលគោក (១៩៨៥-១៩៨៨)
- អភិបាលរងរាជធានីភ្នំពេញ (១៩៨៨-១៩៩៥)
- អភិបាលរងទី ១ រាជធានីភ្នំពេញ (១៩៩៥-១៩៩៩)
- ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរងទី ១ រាជធានី ភ្នំពេញ (១៩៩៩)
- ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលរាជធានីភ្នំពេញ (១៩៩៩-២០០៣)
- ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសហភាពមីយ៉ាន់ម៉ា (២០០៣)
- ទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា (២០០៣-២០០៤)
- រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (២០០៤-២០០៨)
ឯកឧត្តម
មានឋានន្តរសក្តិឧត្តមមន្រ្តីថ្នាក់លេខ ១ (ឆ្នាំ ២០០៤)
ក្នុងក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់
និងបានទទួលគ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា
ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ ២០០៧)។
ឯកឧត្តម ជា សុផារ៉ា បានចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ ១៩៨៤
និងបានជាប់ឆ្នោតជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន
កម្ពុជា នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្ស
នៅថ្ងៃទី ២១-២៧ ខែមករា ឆ្នាំ ១៩៩៧ ។ ពីឆ្នាំ ១៩៨៤ ដល់ ២០០៣
ឯកឧត្តមបានបំពេញការងារ និងសកម្មភាពនយោបាយរបស់គណបក្សប្រជាជនកម្ពុជា
នៅរាជធានីភ្នំពេញ ។ នៅឆ្នាំ ២០០៤
ឯកឧត្តមត្រូវបានគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជន
កម្ពុជាចាត់តាំងជាអនុប្រធានទី ១
ក្រុមការងារគណៈកម្មាធិការកណ្តាលចុះជួយខេត្តកំពង់ចាម
និងទទួលភារកិច្ចបន្ថែមជាបន្តបន្ទាប់
ជាប្រធានក្រុមការងារចុះជួយស្រុកក្រូចឆ្មារ (ឆ្នាំ ២០០៤) ស្រុកមេមត់
(ឆ្នាំ ២០០៦) ស្រុកត្បូងឃ្មុំ (ឆ្នាំ ២០០៦) និងក្រុងសួង (ឆ្នាំ ២០០៩)។
នៅឆ្នាំ ២០០៨ ក្រោយពីឯកឧត្តមបានជាប់ឆ្នោតជាតំណាងរាស្រ្តមណ្ឌលកំពង់ចាម ឯកឧត្តមត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជ្រើសរើសចូលក្នុងគណៈរដ្ឋមន្រ្តី នីតិកាលទី ៤ នៃរដ្ឋសភា ជារដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ។ គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ក៏បានផ្ទេរភារកិច្ចឯកឧត្តម ពីអនុប្រធានគណៈកម្មាធិការគណបក្សក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មកជាប្រធានគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ។
ចំពោះសកម្មភាពនយោបាយរបស់ឯកឧត្តម ជា សុផារ៉ា សូមមេត្តាភ្ជាប់ទៅគេហទំព័រ គណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ។
ឯកឧត្តមរដ្ឋមន្រ្តី ជា សុផារ៉ា លេងកីឡាប៉េតង់ និងកីឡាវាយកូនហ្គោល ។
ឯកឧត្តមរដ្ឋមន្រ្តី ជា សុផារ៉ា មានចំណងអាពាហ៍ពិពាហ៍ជាមួយលោកជំទាវ តាន់ ម៉ាលី និងមានបុត្រា បុត្រី ៤ នាក់ ។
ខុទ្ទកាល័យ







