
កាលពីថ្ងៃទី ០១ ខែធ្នូ ឆ្នាំ ២០១១ វេលាម៉ោង ៨ ព្រឹក នៅក្នុងវត្តតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវកៅស៊ូ ប្រវែង ៥០៥,៤ គម ក្នុងក្របខ័ណ្ឌ គម្រោងកែលម្អផ្លូវជនបទ អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ។ អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីនោះមាន ឯកឧត្តម លោកជំទាវ ជាសមាជិកព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ និងមន្ត្រីរាជការអមសាលាខេត្តពោធិ៍សាត់ ព្រមទាំងប្រជាពលរដ្ឋស្រុកបាកាន ខេត្តពោធិសាត់ ប្រមាណ ១០០០០ នាក់ ។
គួរកត់សម្គាល់ថា នៅថ្ងៃដដែលនេះ ខេត្តចំនួនបីទៀតក៏កំពុងតែ ប្រារព្វពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ដូចគ្នា ដោយមានឥស្សរជនតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ អញ្ជើញជាអធិបតី ក្នុងនោះ នៅខេត្តកំពង់ស្ពឺ ពិធីបើកការដ្ឋានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម សាយ ឈុំ អនុប្រធានទី ២ រដ្ឋសភា នៅខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីព្រះបរមរាជវាំង និងនៅខេត្តបាត់ដំបង ក្រោមអធិបតីភាពរបស់ ឯកឧត្តម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

យោងរបាយការណ៍របស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ គម្រោងកែលម្អផ្លូវជនបទ (Rural Roads Improvement Project) ដោយធ្វើការក្រាលកៅស៊ូលើផ្លូវប្រវែង ៥០៥,៤០ គ.ម គឺជាសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ។ គម្រោងនេះ មានថវិកាសរុប ៦៨,៦៥ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះមាន ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ថវិកាកម្ចីធនាគារអភិវឌ្ឍន៍អាស៊ី ថវិកាកម្ចីរបស់មូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ និងជំនួយឥតសំណងរបស់មូលនិធិអភិវឌ្ឍន៍ណ័រឌិក (NDF) ។ គម្រោងនេះមានរយៈពេល ៣០ ខែ ដោយគ្រោងបព្ចាប់នៅឆ្នាំ ២០១៥ ។ ផ្លូវជនបទ ដែលត្រូវសាងសង់ដោយក្រាលកៅស៊ូ មានចំនួន ១៩ ខ្សែ ស្ថិតនៅក្នុងខេត្តចំនួន ៧ ក្នុងនោះមាន ខេត្តកំពង់ចាម ចំនួន ៣ ខ្សែ ប្រវែង ៦៨,៧ គម ស្ថិតក្នុងស្រុកត្បូងឃ្មុំ ស្រុកអូរាំងឳ ស្រុកក្រូចឆ្មារ និងស្រុកមេមត់។ ខេត្តកំពង់ធំ ចំនួន ១ ខ្សែ ប្រវែង ៦៦,២ គម ស្ថិតក្នុងស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់។ ខេត្តសៀមរាប ចំនួន ២ ខ្សែ ប្រវែង ៧៥,៨ គម ស្ថិតក្នុងស្រុកពួក ស្រុកអង្គរជុំ ស្រុកអង្គរធំ និងស្រុកវ៉ារិន។ ខេត្តកំពង់ស្ពឺ ចំនួន ២ខ្សែ ប្រវែង ៦៩,៣ គម ស្ថិតក្នុងស្រុកភ្នំស្រួច និងស្រុកបរសេដ្ឋ។ ខេត្តកំពង់ឆ្នាំង ចំនួន ៣ ខ្សែ ប្រវែង ៧២,៨ គម ស្ថិតក្នុងស្រុករលៀប្អៀរ ស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ។ ខេត្តបាត់ដំបង ចំនួន ៣ ខ្សែ ប្រវែង ៧២ គម ស្ថិតក្នុងស្រុកមោងឬស្សី និងស្រុករុក្ខគីរី។ និងខេត្តពោធិសាត់ ចំនួន ៥ ខ្សែ ប្រវែង ៨០,៦ គម ស្ថិតក្នុងស្រុកបាកាន ស្រុកក្រគរ និងស្រុកភ្នំក្រវ៉ាញ។

ក្នុងប្រសាសន៍សំណេះសំណាល ទៅកាន់ប្រជាពលរដ្ឋ ស្រុកបាកាន សម្តេចតេជោ បានស្នើសុំឲ្យប្រជាពលរដ្ឋដែលរស់តាមបណ្តោយផ្លូវសាងសង់ ឲ្យបង្ករ លក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការល្អជាមួយក្រុមហ៊ុនសាងសង់ ដើម្បីធ្វើយ៉ាងណាឲ្យដំណើរការ សាងសង់ផ្លូវប្រព្រឹត្តទៅបានដោយរលូន និងមានប្រសិទ្ធភាពខ្ពស់ ។ សម្តេចតេជោ បានថ្លែងអណរគុណ ចំពោះធនាគារអភិវឌ្ឍន៍អាស៊ី សាធារណរដ្ឋកូរ៉េ មូលនិធិអភិវឌ្ឍន៍ណ័រឌីក ដែលបាន ផ្តល់ហិរញ្ញប្បទាន និងជំនួយឥតសំណងដល់រដ្ឋាភិបាលកម្ពុជា ដើម្បីធ្វើការកែលម្អផ្លូវជនបទ ដោយក្រាលកៅស៊ូពីរជាន់ ប្រវែង ៥០៥,៤ គម នាពេលនេះ ។ សម្តេចក៏បានស្នើឲ្យធនាគារអភិវឌ្ឍន៍អាស៊ី បន្តគាំទ្រដល់រាជរដ្ឋាភិបាលដើម្បីបន្តរៀបចំ និងអនុវត្តគម្រោងកែលម្អផ្លូវជនបទ ជំហានទី ២ ឲ្យបានយ៉ាងហោច ១ ០០០ គម ទៀត ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ការសាងសង់ផ្លូវកៅស៊ូដែលអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើឲ្យមានភាពចំណេញថវិកាបានច្រើនដល់រាជរដ្ឋាភិបាល ដោយយើងមានលទ្ធភាពសាងសង់ផ្លូវបានវែង ដោយហេតុថា យើងសាងសង់ផ្លូវកៅស៊ូ តែនៅលើ ផ្លូវជនបទណា ដែលមានក្រាលក្រួសក្រហម និងមានគ្រឹះរឹងមាំស្រាប់ ។

ការកែលម្អផ្លូវជនបទដោយក្រាល កៅស៊ូពីរជាន់ គឺជាដំណើរវិវត្តន៍ថ្មីមួយទៀតរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋរស់នៅតាមជនបទ និងជាកត្តាជំរុញល្បឿននៃកំណើនសេដ្ឋកិច្ចជាតិ ។







