កាលពីថ្ងៃទី ០៩ ខែសីហា ឆ្នាំ ២០១០ នៅបរិវេណប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប មានរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី ១៦ ក្រោមអធិបតីភាព ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការជួយឧបត្ថម្ភគាំទ្រពីអង្គការ CIYA, CLEC, DPA, HA, HBF, ICSO, ILO, MVI, NGO Forum, NPA, NTFP, NTFP-EP, Oxfam America និងអង្គការ SADP បានសហការរៀបចំទិវាដ៏មានអត្ថន័យនេះឡើង ។
អញ្ជើញចូលរួម ក្នុងទិវាលើកទី ១៦ នេះ មានឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាល នៃ គណៈ អភិបាលខេត្តសៀមរាប ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក នៃ ក្រសួង អភិវឌ្ឍន៍ជនបទ ឯកឧត្ដម តំណាងស្ថានទូតដាណឺម៉ាកប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធាន នាយកដ្ឋាន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប រតនគិរី និងខេត្តមណ្ឌលគិរី ប្រធានមន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ ជុំវិញខេត្តសៀមរាប ក្រុមប្រឹក្សា ក្រុង ស្រុក អភិបាល នៃគណៈអភិបាលក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ មេភូមិ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មន្ត្រីមកពីអង្គការជាតិ និងអន្តរជាតិចំនួន ៤៦ អង្គការ និងតំណាងសហគមន៍ជនជាតិដើមភាគតិចមកពី ១៥ ខេត្ត គឺ មណ្ឌលគិរី រតនគិរី ក្រចេះ ព្រះវិហារ កំពង់ធំ ស្ទឹងត្រែង ឧត្តរមានជ័យ កំពង់ចាម ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង បាត់ដំបង ព្រះសីហនុ បន្ទាយមានជ័យ និងខេត្តសៀមរាប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សុខ លក្ខិណា អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្ដមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអានសុន្ទរកថាស្វាគមន៍ជូនគណៈអធិបតី និងអង្គពិធី ដោយសំដែងនូវមនោសញ្ចេតនារំភើបរីករាយ និងស្វាគមន៍យ៉ាងកក់ក្ដៅឥតឧបមាចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងពិធីជាប្រវត្តិសាស្ត្រដ៏មហោឡារិកនាថ្ងៃនោះ។ ឯកឧត្ដមបានសំដែងនូវការគោរពកោតសរសើរចំពោះ ក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូអភិវឌ្ឍន៍នានា ដែលបានចូលរួមសហប្រតិបត្តិការគាំទ្រដល់ បងប្អូនជនជាតិដើមភាគតិច ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពនៅក្នុងសង្គមជាតិខ្មែរយើង ជាពិសេសការអភិរក្សវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីរបស់ជនជាតិដើមភាគតិចប្រកបដោយនិរន្តរភាព។
បន្ទាប់មក លោក យឹម ជុង ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានធ្វើរបាយការណ៍ អំពីប្រវត្តិទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក ដោយគូសបញ្ជាក់ថា ផ្ដើមចេញពីមហាសន្និបាតរបស់អង្គការសហប្រជាជាតិថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ១៩៩៣ ទសវត្សរ៍អន្តរជាតិ ស្ដីពីជនជាតិដើមភាគតិច ពិភពលោកលើកទី ១ (១៩៩៥-២០០៤) ត្រូវបានប្រកាសឡើងជាផ្លូវការ ។ នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ១៩៩៤ មហាសន្និបាតរបស់អង្គការសហប្រជាជាតិបានសម្រេចឲ្យមាន ទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក នៅថ្ងៃទី ៩ ខែសីហា ជារៀងរាល់ឆ្នាំ ។ ទសវត្សរ៍អន្តរជាតិ ស្ដីពីជនជាតិដើមភាគតិចពិភពលោកលើកទី ១ បានបញ្ចប់ទសវត្សរ៍អន្តរជាតិ ស្ដីពីជនជាតិដើមភាគតិចពិភពលោក លើកទី ២ (២០០៥-២០១៥) បានចាប់ផ្ដើម ។
ក្នុងចំណាប់អារម្មណ៍របស់ លោកស្រី ដាំ ចន្ធី តំណាងសហគមន៍ និងយុវជនជនជាតិដើមភាគតិច លោកស្រីសង្កត់ធ្ងន់ថា ថ្ងៃនេះជាថ្ងៃប្រកបដោយសេចក្ដីសប្បាយរីករាយឥតឧបមា ដោយជនជាតិដើមភាគតិចទូទាំងពិភពលោក ជាពិសេសតំណាងសហគមន៍ជនជាតិដើមភាគតិចទាំង ១៥ ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជាយើង ។ លោកស្រីបន្ថែមថា ទិវានេះក៏ជាឱកាសដ៏ល្អមួយសម្រាប់សហគមន៍ជនជាតិដើមភាគតិចរបស់លោកស្រី ដើម្បីយកឱកាសនេះមកបង្ហាញនូវ អ្វីដែលជាកេរ្តិ៍ដំណែលនៃអត្តសញ្ញាណវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី សិល្បៈ សំលៀកបំពាក់ និងឧបករណ៍ឬសម្ភារៈ ជនជាតិដើមភាគតិចក្នុងវិស័យប្រព័ន្ធជីវភាព សេដ្ឋកិច្ច សង្គម និងវប្បធម៌ប្រចាំថ្ងៃ ។ លោកស្រីក៏បានសំណូមពរឲ្យរាជរដ្ឋាភិបាល អង្គការជាតិ និងអន្តរជាតិ ចូលរួមគាំទ្រ និងកាត់ បន្ថយដល់សកម្មភាពដែលជះឥទ្ធិពលអវិជ្ជមានទៅដល់សហគមន៍ជនជាតិដើមភាគតិចកម្ពុជា និងយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបង្កើតច្បាប់ជួយការពារ និងធានានិរន្តរភាពសិទ្ធិប្រពៃណីជនជាតិដើមភាគតិចក្នុងការគ្រប់គ្រង ប្រើប្រាស់ធនធានធម្មជាតិដែលមានព្រៃឈើ ដីធ្លី។ល។
ក្នុងសាររបស់ លោក ប៊ិល សលធរ នាយកអង្គការពលកម្មអន្តរជាតិប្រចាំអនុតំបន់ក្នុងក្រុង បាងកក ដែលអានដោយ លោក ទូម៉ូ ពូទីយ៉ាណិន ប្រធានទីប្រឹក្សាបច្ចេកទេស និងជាតំណាង ILO នៅកម្ពុជា អង្គការពលកម្មអន្តរជាតិបានបញ្ជាក់សាជាថ្មី នូវការប្ដេជ្ញាចិត្តរបស់ខ្លួន ក្នុងការធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅ និងលក្ខខណ្ឌការងាររបស់ជនជាតិដើមភាគតិចនៅកម្ពុជា ។ ការងារគាំទ្រជនជាតិដើមភាគតិចនៅកម្ពុជា ដើរតាមស្តង់ដារអនុសញ្ញាទាំងនេះដែលរួមមានអនុសញ្ញាឆ្នាំ ១៩៨៩ លេខ ១៦៩ និងអនុសញ្ញាឆ្នាំ ១៩៥៨ លេខ ១១១ ព្រមទាំងសេចក្ដីប្រកាសអង្គការសហប្រជាជាតិឆ្នាំ ២០០៧ ស្ដីពីសិទ្ធិ ជនជាតិដើមភាគតិច ។ អង្គការពលកម្មអន្តរជាតិ បានធ្វើកិច្ចការលើសិទ្ធិជនជាតិដើមភាគតិចនៅកម្ពុជាចាប់តាំងពី ឆ្នាំ ២០០៥ មក និងស្វាគមន៍ និងអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងគោលនយោបាយផ្សេងទៀតព្រមទាំងលិខិតបទដ្ឋានឯទៀតៗ ។ អង្គការពលកម្មអន្តរជាតិ ក៏បានអបអរសាទររាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងសហគមន៍ជនជាតិដើមភាគតិចដែលបានធ្វើកិច្ចការរួមគ្នា ដើម្បីកំណត់អត្តសញ្ញាណ និងចុះបញ្ជី សហគមន៍ជនជាតិដើមភាគតិចជានីតិបុគ្គល ដែលជាដំណើរការតាមផ្លូវ ច្បាប់ដើម្បីចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព ។ អង្គការពលកម្មអន្តរជាតិ បានលើទឹកចិត្តសហគមន៍ទាំងអស់ ឲ្យធ្វើដំណើរការជាមួយរាជរដ្ឋាភិបាលដែលតំណាង ដោយក្រសួងអភិវឌ្ឍន៍ និងលើកទឹកចិត្តដល់ ដៃគូអភិវឌ្ឍន៍ទាំងអស់ដើម្បីរកវិធានការហ្មត់ចត់ ដើម្បីផ្ដល់កិច្ចការពារ និងឧបត្ថម្ភគាំទ្រដើម្បីឲ្យសហគមន៍ទាំងអស់ អាចចូលក្នុងកិច្ចដំណើរការអនុវត្តទាំងអស់គ្នា។
ក្នុងចំណាប់អារម្មណ៍របស់ លោក ឈិត សំអាត នាយកប្រតិបត្តិអង្គការ វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា លោកសំដែងនូវសេចក្ដីសោមនស្សរីករាយឥតឧបមាដែលបានចូលរួម ក្នុងទិវាអន្តរជាតិជនជាតិដើមភាគតិច ពិភពលោកលើកទី ១៦ ដើម្បីចូលរួមអបអរសាទរ និងរំលឹកឡើងវិញនូវថ្ងៃដែលសិទ្ធិជនជាតិដើមភាគតិចត្រូវបានអនុម័ត និងទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ សកម្មភាពដែលស្រែងឡើង នៅពេលនេះសរឲ្យឃើញពីភាពខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងអភិវឌ្ឍន៍ជនបទ ស្ថាប័នផ្សេងៗ និងបណ្ដាអង្គការដែលធ្វើការពាក់ព័ន្ធជាមួយជនជាតិដើមភាគតិច ដែលបានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ ដើម្បីឲ្យកម្មវិធីនេះប្រព្រឹត្តទៅបានជោគជ័យ ។ លោក ឈិត សំអាត បញ្ជាក់ថា អង្គការមិនមែនរដ្ឋាភិបាល ដែលធ្វើការលើកកម្ពស់សិទ្ធិជនជាតិដើមភាគតិចបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញ និងអនុវត្តនូវអនុសាសន៍ខាងលើ ក្នុងគោលបំណងឆ្ពោះទៅរកការការពារសិទ្ធិជនជាតិដើមភាគតិច ក្នុងការការពារធនធានធម្មជាតិឲ្យមានប្រសិទ្ធភាព។
ជាទីបញ្ចប់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា ដោយបានរំលឹកឡើងវិញដោយសង្ខេប អំពីប្រវត្តិការណ៍ និងការប្រែប្រួលព្រមទាំងការខិតខំប្រឹងប្រែងទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះបងប្អូនជនជាតិដើមភាគតិច ជាអាទិក្នុងអំឡុងទសវត្សរ៍ឆ្នាំ ៨០ និងដើមទសវត្សរ៍ឆ្នាំ ៩០ ដែលរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការងារអភិវឌ្ឍជនជាតិដើមភាគតិច ដោយបានបង្កើតឡើងនូវ គណៈកម្មាធិការពង្រឹង និងអភិវឌ្ឍភូមិភាគឦសាន ក្នុងបំណងជំរុញការអភិវឌ្ឍលើគ្រប់វិស័យជូនដល់បងប្អូនជនជាតិដើមភាគតិច ពិសេស នៅឆ្នាំ ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតឡើងនូវគណៈកម្មាធិការអន្តរក្រសួង សម្រាប់ធ្វើការជាមួយ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ក្នុងការរៀបចំគម្រោងអភិវឌ្ឍន៍ជនជាតិដើមភាគតិច ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាប្រធាន និងជាភ្នាក់ងារអនុវត្ត ហើយក្រោយមកទៀតក៏បានបង្កើតឡើងនូវនាយកដ្ឋានអភិវឌ្ឍន៍ ជនជាតិភាគតិច ចំណុះឲ្យក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់បងប្អូន ជនជាតិដើមភាគតិច ព្រមទាំងជួយថែរក្សាវប្បធម៌ ប្រពៃណីល្អ ទំនៀមទម្លាប់ និងជំនឿរបស់បងប្អូន។ ដើម្បីសម្រេច នូវគោលបំណងខាងលើ និងដើម្បីឲ្យការអនុវត្តប្រព្រឹត្តទៅមានភាពរលូនស៊ីចង្វាក់គ្នាលើគ្រប់វិស័យ រាជរដ្ឋាភិបាលបានរៀបចំនូវគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច សំដៅកសាងកម្ពុជាមួយដែលមាន សាមគ្គីភាពសង្គម មានសុខភាពល្អ មានការអប់រំជឿនលឿន មានវប្បធម៌ភ្លឺថ្លា គ្មានអនក្ខរជន និងគ្មានភាពក្រីក្រ និងផ្អែកលើគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា ជាពិសេសគោលដៅទី ១ “កាត់បន្ថយភាពក្រីក្រធ្ងន់ធ្ងរ និងភាពអត់ឃ្លាន” និងគោលដៅទី ២ “សម្រេចឲ្យបានជាទូទៅនូវការអប់រំមូលដ្ឋាន” នោះ “គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច” នេះមានគោលដៅធ្វើយ៉ាងណាឲ្យបងប្អូនជនជាតិដើមភាគតិចទាំងអស់ត្រូវ មានជីវភាពរស់នៅចាកផុតពីភាពអត់ឃ្លាន និងភាពក្រីក្រធ្ងន់ធ្ងរ ។ ដើម្បីសម្រេចឲ្យបានគោលដៅខាងលើនេះ និងដើម្បីគ្រប់គ្រងការអភិវឌ្ឍឲ្យបានល្អប្រសើរ រាជរដ្ឋាភិបាលមានគោលនយោបាយទូទៅ និងគោលនយោបាយតាមវិស័យសម្រាប់ជនជាតិដើមភាគតិច ដែលវិស័យសំខាន់ៗមានជាអាទិ៍ វិស័យវប្បធម៌ អប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ សុខាភិបាល បរិស្ថាន ដីធ្លី កសិកម្ម ធនធានទឹក ហេដ្ឋារចនាសម្ព័ន្ធ យុត្តិធម៌ ទេសចរណ៍ និង ឧស្សាហកម្ម រ៉ែ និងថាមពល។
ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា អនុវត្តគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច និងអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកចំនួន ៦ លើកគិតទាំងលើកនេះផង ។ នេះជាទិវាមួយដ៏មានសារៈសំខាន់ ដែលរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំធ្វើឡើងសំដៅរួមចំណែក លើកកម្ពស់តម្លៃសីលធម៌ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់ និងរស់រវើក និងសិទ្ធិរបស់បងប្អូនជនជាតិដើមភាគតិច នៅកម្ពុជា ហើយការរៀបចំទិវានេះឡើងក៏ជាសក្ខីភាពមួយបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលបាន និងកំពុងបន្តយកចិត្តទុកដាក់ដល់បងប្អូនជនជាតិដើមភាគតិចដោយផ្ដល់ឱកាស និងសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិយោបល់ក្នុងការចូលរួមអភិវឌ្ឍប្រទេសជាតិ ។ ឯកឧត្ដមរំលឹកថា រាជរដ្ឋាភិបាល មិនទុកឲ្យបងប្អូនជនជាតិដើមភាគតិចរស់នៅក្នុងស្ថានភាពក្រីក្រទេ គឺធ្វើយ៉ាងណាខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូន ក៏ដូចជាប្រជាជនទូទាំងប្រទេសតាមរយៈការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យមួយចំនួន ជាការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ដូចជាការកសាងផ្លូវជនបទ ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ការថែទាំសុខភាពជាមូលដ្ឋាន ការរៀបចំផ្ដល់ ឥណទានជនបទ។ល។ លទ្ធផលទាំងអស់នេះ មិនអាចកាត់ផ្តាច់បានពីការខិតខំចូលរួមចំណែករបស់បងប្អូនជនជាតិ ដើមភាគតិចបានឡើយ។ រាជរដ្ឋាភិបាលបាន និងកំពុងខិតខំយកចិត្តទុកដាក់ លើការងារលើកស្ទួយបងប្អូន ជនជាតិដើមភាគតិច តាមរយៈការអភិវឌ្ឍគម្រោងនានាស្របតាមយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ និងបានកសាងច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ គោលនយោបាយ និងលិខិតបទដ្ឋាននានាជាច្រើន មានជាអាទិ៍ គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច គោលនយោបាយស្ដីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីសហគមន៍ជនជាតិដើមភាគតិច ។
មុននឹងអញ្ជើញនិវត្តន៍មករាជធានីភ្នំពេញវិញ ឯកឧត្ដមរដ្ឋមន្ត្រី បានចែកវត្ថុអនុស្សាវរីយ៍ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង លោកជំទាវ ជូនសមាជិក សមាជិកាចូលរួម ព្រមទាំងអញ្ជើញទស្សនាពិព័រណ៍សមិទ្ធផល នានារបស់ជនជាតិដើមភាគតិចមកពីបណ្ដាខេត្តផងដែរ។
អ្នកធ្វើរបាយការណ៍
បណ្ឌិត ថេង ច័ន្ទសង្វារ








