MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ពីធី​ចែក​ពូជ​ដំណាំ និង​បន្លែ​ដល់​គ្រួសារ​យោធិន និង​នគរបាល នៅ​ភូមិ​សែន​រុងរឿង ៥ ឃុំ​ទឹក​ក្រហម ​ស្រុក​ជាំក្សាន្ត​ ខេត្ត​ព្រះវិហារ

បោះពុម្ភ

អនុវត្ត​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​លើក​ទី ៤ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្របសម្រួល​រៀបចំ និង អនុវត្ត​គម្រោង​អភិវឌ្ឍ នៅ​តាម​បណ្ដោយ​ព្រំដែន​ទិស​ខាង​លិច និង​ខាងជើង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កាល​ពី រសៀល​ថ្ងៃ​ទី ១០ ខែ​ឧសភា ឆ្នាំ ២០១០ គណៈប្រតិភូ​គណៈកម្មការ​អន្តរក្រសួង​ដឹកនាំ​ដោយ​ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្រ្តី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង បាន​អញ្ជើញ​ចូលរួមជា​គណៈ​អធិបតី ក្នុង​ពិធី​ប្រគល់​ពូជ​ដំណាំ និង​បន្លែ​ដល់​គ្រួសារ​យោធិន និង​នគរបាល នៅ​ក្នុង​ភូមិ​សែន​រុងរឿង​៥ ឃុំទឹក​ក្រហម ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី ១២ ខែ​ឧសភា ឆ្នាំ ២០១០ ។ គណៈ​ប្រតិភូ​ដែលបាន​អញ្ជើញ​ចូល​រួម​ក្នុង ពិធី​នោះ​រួម​មាន ឯកឧត្តម​នាយឧត្តម​សេនីយ៍ គន់ គីម អគ្គ​មេ​បញ្ជាការរង​នៃ​កង​យោធពល​ខេមរ​ភូមិន្ទ ឯកឧត្តម​នាយឧត្តម​សេនីយ៍ ជា តារា អគ្គ​មេបញ្ជាការ​រងនៃ​កងយោធ​ពល​ខេមរភូមិន្ទ ឯកឧត្តម ឧ.ឯក ឈិន ច័ន្ទពណ៌ មេ​បញ្ជាការ​សម​រភូមិ​ទិស ឧត្ដរ​មានជ័យ ឯកឧត្តម ឧ.ទោ ស្រី ឌឹក មេ​បញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ ៣ ឯកឧត្តម ឧ.ត្រី គល់ វ៉ៃ មេ​បញ្ជាការ​កង​ពល​តូច​អន្តរាគមន៍​លេខ ៩ ព្រមទាំង​ឯកឧត្តម អស់​លោក ជា​ក្រុម​ការងារ​លេខាធិការដ្ឋាន​នៃ​គណៈកម្មការ​អន្តរក្រសួង លោក លោក​ស្រី​ជា​ប្រធាន អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​​​​ជនបទ​រាជធានី ខេត្ត​ទាំង ២៤ មេ​បញ្ជា​ការរង​កងពល​តូច​អន្តរាគមន៍​​លេខ ៩ ព្រមទាំង​មេ​បញ្ជា​ការ មេបញ្ជាការ​រង​វរសេនា​តូច​ចំណុះ​កងពល​តូច​អន្តរាគមន៍លេខ ៩ ក៏បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​នោះ​ផង​ដែរ ។

លោក សេង សារី ប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រះវិហារ និង​សមាជិក​ក្រុម​ការងារ​លេខា​ធិការ​ដ្ឋាន​​​នៃ​គណៈកម្មការ​អន្តរក្រសួង បាន​ឡើង​រាយការណ៍​ជូន​គណៈអធិបតី និង​អង្គពិធី​ជ្រាប​ពី​ចំនួន និង​បរិមាណ​ពូជ​ដំណាំ និង​បន្លែ ដែល​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​រាជធានី ខេត្ត ទាំង ២៤ បាន​ឧបត្ថម្ភ​សម្រាប់​ចែក​ជូន​គ្រួសារ​យោធិន​ និង​នគរបាល​ដែល​បាន និង​កំពុង​រស់​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ទាំង ៩ ដូច​មាន​នៅ​ក្នុង​តារាង​ភ្ជាប់​ជាមួយ និង​បាន​​ថ្លែង​អំណរ​គុណ​ចំពោះ​លោក លោក​ស្រី​ប្រធាន អនុប្រធាន​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ទាំងអស់​ដែល​បាន​ជួយ​ឧបត្ថម្ភ​ពូជ​ដំណាំ និង​បន្លែ និង​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ។

ឯកឧត្ដម​នាយ​ឧត្ដមសេនីយ៍ គន់ គីម បាន​ថ្លែង​អំណរគុណ និង​ការ​កោតសរសើរ​ចំពោះ គណៈកម្មការ អន្តរក្រសួង ដែល​ដឹកនាំ​ដោយ ឯកឧត្ដម ជា សុផារ៉ា បាន​យក​ចិត្តទុក​ដាក់ និង​គិតគូរ​ពី​ជីវភាព​រស់​នៅ​របស់​គ្រួ សារ​យោធិន និង​នគរបាល។​ ឯកឧត្ដម​ក៏​បាន​ណែនាំ​ដល់​មេបញ្ជាការ មេ​បញ្ជាការ​រង​នៃ​កង​វរៈសេនា​តូច​អន្តរាគមន៍​លេខ​៩ ឲ្យ​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការ​បែងចែក និង​ដាំដុះ​ពូជ​ដំណាំ និង​បន្លែ​ទាំង​នេះ។ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍​ក៏​បាន​សំណូមពរ​ឲ្យ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​ព្រះវិហារ សហការ​ជាមួយ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ផ្ដល់​ការ​ណែនាំ​បន្ថែម​ពី​បច្ចេកទេស​នៃ​ការ​ដាំ​ដំណាំ​ដល់​គ្រួសារយោធិន និង​នគរបាល​ផង​ដែរ។

ពូជ​ដំណាំ និង​បន្លែ​ទាំងអស់​ខាង​លើ​គ្រោង​ធ្វើ​ការ​បែងចែក​ដល់គ្រួសារ​យោធិន និង​នគរបាល​ដែល បាន​និង​កំពុង​រស់​នៅ​ក្នុង​ភូមិ​អភិវឌ្ឍន៍​ទាំង​ ៩ សរុប ចំនួន ៤៤៥ គ្រួសារ ដូច​ខាង​ក្រោម ភូមិ​សែន​រុងរឿង ១​​ ចំនួន ៦០ គ្រួសារ ភូមិ​សែន​រុងរឿង ២ ចំនួន ៥៦ គ្រួសារ ​ភូមិ​សែនរុង​រឿង ៣ ចំនួន ៤៧ គ្រួសារ ភូមិ​សែន​រុង​រឿង ៤ ចំនួន ៣០ គ្រួសារ​ ភូមិ​សែន​រុងរឿង ៥ ចំនួន ៩២ គ្រួសារ​ភូមិ​សែន​ជ័យ ចំនួន ៦០ គ្រួសារ​ភូមិ​តេជោ​បុស្ស​ស្បូវ ចំនួន ១០ គ្រួសារភូ​មិសែន​តេជៈ ចំនួន ៤៣ គ្រួសារ​ភូមិ​តេជោមរកត ចំនួន ៤៧ គ្រួសារ ។

មុន​នឹង​បញ្ចប់​គណៈអធិបតី​បាន​អញ្ជើញ​ដាំកូន​ឈើ​ហូបផ្លែ និង​ដំឡូង​ទុក​ជា​អនុស្សាវរីយ៍ នៅ​ភូមិ​សែន​រុង​រឿង​៥។

អ្នកធ្វើ​របាយ​ការណ៍

ហួ កុលវ័ន្ត

ព្រឹត្តិការណ៍គម្រោងនិងកម្មវិធី

You are here ទំព័រ​ដើម