នារសៀលថៃ្ងទី ២៥ ខែ មករា ឆ្នាំ២០០៩ នៅទីស្តីការក្រសួង។ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានទទួលជួបលោកបណិ្ឌត Hans-Peter Muessing អនុប្រធានទី១ ទទួលបន្ទុកផែ្នកអាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិកមកពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ពិភាក្សាកាងារ។
លោកបណ្ឌិត Hans-Peter Muessing បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីគោលបំណងបេសកកម្មរបស់លោក ដើម្បីធ្វើការសិក្សាតាមដាន វឌ្ឍនៈ ភាពនៃគម្រោងដែលគាំទ្រដោយសាធារណៈរដ្ឋសហព័ន្ធអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ក៏ដូចជាតាមដានពត៌មានបច្ចុប្បន្នភាពក្នុងការរអនុវត្ត គម្រោងនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសវឌ្ឍនៈភាពវិស័យអភិវឌ្ឍន៍ជនបទ។
ជាការឆ្លើយតប ឯកឧត្តម ជា សុផារ៉ា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងបន្តអនុវត្តយុទ្ឋសាស្រ្តចតុកោណដំណាក់កាលទី ២ គឺការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ ទន្ទឹមនិងនេះរាជរដ្ឋាភិបាល បានផ្តោតជាសំខាន់លើវិស័យកសិកម្ម និង វិស័យអភិវឌ្ឍន៍ជនបទ ។ ឯកឧត្តម ជា សុផារ៉ា បានជម្រាបជូនភ្ញៀវថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ឋ ដំណាក់កាលទី ១ រហូតដល់ ដំណាក់កាលទី ៤ និងកំពុងបន្តទៀតនោះគឺកម្មវីធិកែលំអរផ្លូវជនបទហៅកាត់ថា (RIP-I) ដែលផ្តល់ហិរញ្ញប្រទានដោយសាធារណៈរដ្ឋសហព័ន្ឋអាល្លឺម៉ង់តាមរយៈធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ នៅតាមបណ្តាខេត្តគោលដៅកំពុងរីករាយដោយបានទទួលផ្លូវថ្នល់បង្កលក្ខណៈងាយស្រួលដល់ពួកគាត់ប្រកបរបរអាជីវកម្មបង្កើនបា្រក់ចំណូល។
ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណរដ្ឋាភិបាលនៃសាធារណៈរដ្ឋសហព័ន្ឋអាលឺ្លម៉ង់ក៏ដូចជាធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ដែលបានជួយដល់រាជរដ្ឋាភិបាលក៏ដូចជាប្រជាជនកម្ពុជា ក្នុងការកសាងនិងស្ថារហេដ្ឋារចនាសម្ព័ន្ឋ រយៈពេលកន្លងមក ។ ទន្ទឹមនឹងនោះដែរ សូមឲ្យបន្តជួយកសាង និង ស្ថារផ្លូវថ្នល់បន្តទៀតនៅតាមខេត្តគោលដៅនៃគម្រោង ជាពិសេស គឺផ្លូវដែលតភ្ជាប់ពីភូមិទៅភូមិ ពីភូមិទៅឃុំ នៃតំបន់គោលដៅ ដែលផ្លូវទាំងនេះប្រៀបបានដូចជាសរសៃឈាម និងជាច្រកទ្វារសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករ ក្នុងការទំនាក់ទំនងធ្វើសមាហរន្តកម្មសេដ្ឋកិច្ចរួមចំណែកយ៉ាងសំខាន់ដល់យុទ្ឋសាស្រ្តចតុកោណ ដំណាក់កាលទី២របស់រាជរដ្ឋាភិបាលដែលមានសម្តេចតេជោជាប្រមុខដឹកនាំ។








