នៅសាលប្រជុំសាលាខេត្តមណ្ឌលគីរី នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០១០ ឯកឧត្ដម ស៊ឹម សុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាតំណាង ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០០៩ និងទិសដៅការងារឆ្នាំ២០១០ របស់ក្រសួងអភិវឌ្ឍន៍ជនបទព្រមទាំង អភិបាលរងខេត្តមណ្ឌលគីរី ក្រុមប្រឹក្សាស្រុក អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន អនុប្រធាននាយដ្ឋាន។ អញ្ជើញចូលក្នុងឱកាសនោះរួមមាន ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ សមាជិកសមាជិកាក្រោមឱវាទរួមទាំងក្រុមប្រឹក្សាឃុំសង្កាត់ភូមិនិងមន្ទីរពាក់ព័ន្ធ។
អភិបាលរងខេត្តមណ្ឌលគីរី បានថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបការងារឆ្នាំ ២០០៩ របស់មន្ទីរខេត្តមណ្ឌលគីរីរួចមក ឯកឧត្ដម ជួប សំអាត អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុក្រសួងអភិវឌ្ឍន៍ជនបទបានធ្វើបទបង្ហាញ អំពីយុទ្ធសាស្ត្រ និងទិសដៅការងារសម្រាប់ឆ្នាំ ២០១០ នៃអង្គសន្និបាតសម្រេចបាន ដើម្បីផ្សព្វផ្សាយជូនដល់មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តមណ្ឌលគីរី ជាពិសេសគឺក្រុមប្រឹក្សាគ្រប់លំដាប់ថ្នាក់ឲ្យបានយល់កាន់តែច្បាស់ និងស៊ីជម្រៅក្នុងការធ្វើផែនការអភិវឌ្ឍន៍។
បន្ទាប់មក ឯកឧត្ដម ថោង ពោជ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ ជនបទ បានឡើងអាន សេចក្ដីសម្រេច សន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ ២០១០ បានប្រព្រឹត្តទៅនៅ ថ្ងៃទី ៣០ ដល់ ៣១ ខែធ្នូ ឆ្នាំ២០០៩ ដោយក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងឆ្នាំ ២០០៩ កន្លងមក ។
ក្រោយពីសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ ២០០៩ និងទិសដៅការងារឆ្នាំ២០១០ របស់ក្រសួងអភិវឌ្ឍន៍ជនបទត្រូវបានបញ្ចប់ ឯកឧត្ដម ស៊ឹម សុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទមានប្រសាសន៍ថា ក្នុងនាមតំណាង ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ សូមសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការដឹកនាំ និងការអនុវត្ត នូវការងារជំនាញរបស់ខ្លួនសម្រេចបានជោគជ័យ។ តាមផែនការយុទ្ធសាស្ត្រសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងវិស័យដទៃទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ទន្ទឹមនិងនេះដែរ ក៏យើងមានមោទនភាពថែមទៀត ដោយប្រាសាទព្រះវិហារខ្មែរត្រូវបានបញ្ចូលទៅក្នុងបញ្ជី បេតិកភណ្ឌពិភពលោក។ ឯកឧត្ដម ស៊ឹម សុន បានបន្តថា ជាងនេះទៀតក្នុងពិធីបុណ្យរំលឹកខួបអនុស្សាវរីយ៍លើកទី៣១ ទិវាជ័យជំនះ ៧ មករា បានប្រារព្ធធ្វើទូទាំងប្រទេស គ្រប់ឃុំ គ្រប់ស្រុក ធ្វើឲ្យគ្រប់ស្រទាប់ប្រជាជន បានយល់ជ្រួតជ្រាបកាន់តែច្បាស់អំពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រល្បីរន្ទឺ ដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការស្ថិតស្ថេរគង់វង្ស និងការរីកចំរើនរបស់ប្រជាជាតិខ្មែរ ។ បច្ចុប្បន្នក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញការភ្ជាប់បណ្ដាញអ៊ីមែល នៅតាមមន្ទីរអភិវឌ្ឍន៍ ទាំង ២៤ រាជធានី ខេត្ត ទាំងអស់នេះ គឺជាលទ្ធផលជាវិជ្ជមាន បានកមពីមគ្គុទ្ទេសក៍ដ៏ឆ្នើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលតែងបានយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រដោយផ្ទាល់ទាំងស្មារតី និងសម្ភារៈ និងកៀងគរជំនួយសហប្រតិបត្តិការ ដើម្បីជួយក្រសួងអភិវឌ្ឍន៍ មានលទ្ធភាពច្រើនជាងមុន ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត៕
អ្នករាយការណ៍
លោកស្រី កេត ផាន់ណា








