MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ឯកឧត្ដម​ សួស គង់​ ដឹក​នាំ​គណៈកម្មការ​អន្តរ​ក្រសួង​ពិនិត្យ​ និង​វាយ​តម្លៃ​ការសាងសង់​ស្ពាន​​នៅ​ក្នុងស្រុក ត្បូងឃ្មុំ​ ខេត្ត​កំពង់ចាម

Print

គណៈកម្មការ​អន្តរក្រសួង​រួម​មាន​តំណាង​ក្រសួង​អភិវឌ្ឍន៍​ជនបទ ​និង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ដឹក​នាំ​ដោយ​ ឯកឧត្ដម​ សួស គង់​ រដ្ឋលេខាធិការ​ក្រសួងអភិវឌ្ឍន៍​ជនបទ ​តំណាង​ឯកឧត្ដម​ ជា សុផារ៉ា​ រដ្ឋមន្រ្ដី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ ព្រម​ទាំង​មាន​ការ​ចូល​រួម​ពី​ ឯកឧត្ដម ​គង់ អៀង ​នាយករង​នាយកដ្ឋាន​វិស្វកម្ម​ក្រសួង​ការពារជាតិ​បាន​អញ្ជើញ​ទៅ​ពិនិត្យ​ស្ពាន​មួយ​កន្លែង​ នៅ​ស្រុក​ត្បូងឃ្មុំ​ ខេត្ត​កំពង់ចាម​ កាល​ពី​ថ្ងៃ​ទី​ ១២​ខែ​មករា​ ឆ្នាំ​ ២០១០​។

ឯកឧត្ដម​ គង់ អៀង​ បាន​មាន​ប្រសាសន៍​ថា ស្ពាន​បេតុង​ព្រែក​បាត​ដី​ក្រោម​មាន​ប្រវែង​ ៧៥​ ម៉ែត្រ​ ទទឺង​ ៧​ម៉ែត្រ​ និង​ កម្ពស់ជា​មធ្យម ​៩,៥ ​ម៉ែត្រ ​ស្ថិត​នៅ​ក្នុង​ភូមិ​បាត​ដី​ក្រោម ​ឃុំ​បឹង​ព្រួល​ ស្រុក​ត្បូង​ឃ្មុំ​ បាន​ចាប់​ផ្ដើម​សាង​សង់​កាល​ពី​ខែ​មេសា​ ឆ្នាំ​ ២០០៨ ​ហើយ​បាន​សាងសង់​រួច​រាល់​ជា​ស្ថាពរ​នៅ​ ខែធ្នូ​ ឆ្នាំ​ ២០០៩ ​ក្នុង​នោះ​បាន​ចាក់​ដី​បង្ហាប់​តាក​ក្បាល​ស្ពាន​ ទាំង​សង្ខាង​បាន​ប្រវែង ​២០០​ម៉ែត្រ​ ព្រម​ទាំង​បំពាក់​អំពូល​ភ្លើង​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​អគ្គ​មហាសេនាបតីតេជោ ហ៊ុន.សែន ​និង​លោកជំទាវ ទៀតផង។

ក្នុង​ឱកាស​ចុះ​ពិនិត្យ​ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​ស្ពាន​បេតុង​នេះ​ ឯកឧត្ដម​ សួស គង់​ បាន​បញ្ជាក់​ថា ដោយ​អនុវត្ត​​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្រ្ដី​ នៃ​ព្រះ​រាជា​ណា​ច​ក្រ​កម្ពុជា​ កាល​ពី​ថ្ងៃ​ទី​ ០១ ​ខែ​ធ្នូ​ ឆ្នាំ​ ២០០៨​ សម្ដេច​បាន​ប្រគល់​ភារកិច្ច​ជូន​ក្រសួង​អភិវឌ្ឍន៍​ជនបទ​សហការ​ជា​មួយ​កង​កម្លាំង​វិស្វកម្ម​ក្រសួង​ការពារ​ជាតិ​ដឹក​នាំ​ដោយ​ ឯកឧត្ដម​ ឝង់ អៀង ​​​​​​​​ធ្វើ​ការ​សាងសង់​ស្ពាន​នេះ​ឡើង។

ឯកឧត្ដម​ សួស គង់​បាន​បន្ត​ទៀត​ថា រាជរដ្ឋាភិបាល​ក្រោម​ការ​ដឹក​នាំ​ប្រកប​ដោយ​​​គតិ​បណ្ឌិត​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ ការ​ស្ដារ​និង​កសាង ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ត្រូវ​បាន​ចាត់​ទុក​ជា​ការងារ​​អាទិភាព ​សម្រាប់​ប្រជាពលរដ្ឋ​ជា​ពិសេស​គឺ​ប្រព័ន្ធ​ផ្លូវ​គមនាគមន៍​នៅ​ទី​ជនបទ​ដែល​ជា​សរសៃ​ឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រជា​កសិករ​​ក្នុង​ការ​ដឹក​ជញ្ជូន​ដោះដូរ​ផលិតផល​បាន​ទាន់​ពេលវេលា​ទន្ទឹម​និង​នេះ​ដែរ​ស្ពាន​ព្រែក​បាត​ដី​ក្រោម​នេះ​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ជួយ​សម្រួល​ប្រជាពលរដ្ឋ​រស់​តាម​ដង​ទន្លេ មេគង្គ​ដែល​ជា​អ្នក​មាន​មុខរបរ​ធ្វើ​ចម្ការ​ដំណំ​ផ្សេងៗ​ និង​ការ​ដឹក​ជញ្ជូន​ផលិតផល​ទាំង​នេះ​ទៅ​កាន់​ទី​ផ្សារ។

បន្ទាប់​ពី​បាន​ពិនិត្យ​ទៅ​លើ​លក្ខណៈ​បច្ចេកទេស​រួច​មក​ គណៈកម្មការ​អន្តរ​ក្រសួង​បាន​សម្រេច​ឯកភាព​ទទួល​យក ​១០០% ​និង​រង់​ចាំ​ពិនិត្យ​បញ្ចប់​រយៈ​ពេល​ធានា​សុពលភាព​មួយ​ឆ្នាំ​ទៀត ។ ទន្ទឹម​និង​នេះ​គណៈកម្មការ​បាន​ស្នើ​ឲ្យ​កង​វិស្វកម្ម​រៀប​ជើង​ទេរ​ចាក់​បេតុង ​និង​ចាក់​​ដាល់​ចម្លង​ក្បាលស្ពាន​បន្ថែម​ទៀត​ដើម្បី​ពង្រឹង​គុណភាព​និង​​សោភ័ណភាព​នៃ​ស្ពាន​នេះ​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង៕

You are here Events ឯកឧត្ដម​ សួស គង់​ ដឹក​នាំ​គណៈកម្មការ​អន្តរ​ក្រសួង​ពិនិត្យ​ និង​វាយ​តម្លៃ​ការសាងសង់​ស្ពាន​​នៅ​ក្នុងស្រុក ត្បូងឃ្មុំ​ ខេត្ត​កំពង់ចាម