ព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០១០នៅបរិវេណសាលាបឋមសិក្សាសម្ដេច ជា ស៊ីម ស្ថិតនៅក្នុងភូមិ ព្រាល ឃុំតានី ស្រុកអង្គជ័យ ខត្តកំពត ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធបិទសកម្មភាពការងាររបស់អង្គការ Good Hands កូរ៉េ ដោយមានការចូលរួមពី លោក លី ក្យងស៊ូ ឯកអគ្គរដ្ឋទូត សាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ព្រមទាំងប្រធាន សមាជិក សមាជិកា នៃអង្គការ Good Hands តំណាងអាជ្ញាធរខេត្តកំពត និងតាកែវ តំណាងអាជ្ញាធរស្រុកអង្គរជ័យ និងប្រជាពលរដ្ឋអ្នកទទួលផលជាច្រើននាក់ទៀត។
អង្គការ Good Hands កូរ៉េ ជាអង្គការមនុស្សធម៌បានអនុវត្តកម្មវិធីផ្គត់ផ្គង់ទឹកស្អាតតាំងពីឆ្នាំ ២០០៤ រហូតដល់ឆ្នាំ ២០០៩ ដោយបានផ្ដល់អណ្ដូងលូបានចំនួន ៥១៥ អណ្ដូងនៅខេត្តកំពត និង ៤៨៥ អណ្ដូងនៅខេត្តកែវ សរុប ១០០០ ។ អង្គការ Good Hands កូរ៉េ កំពុងបំពេញបេសកកម្ម លើកកម្ពស់វិស័យអប់រំ ការពារ សុខភាព នៅក្នុងប្រទេសជាច្រើនដោយឡែកនៅកម្ពុជាកំពុងធ្វើសកម្មភាពលើវិស័យអប់រំតាមរយៈសាលាបឋមសិក្សាខ្ចាយ តាតិន មតេយ្យអង្គរជ័យ និងសាលាមតេយ្យក្រាំងយ៉ូវ នៅខេត្តកំពត ។ ដោយឡែកនៅខេត្តតាកែវ ធ្វើសកម្មភាពផ្គត់ផ្គង់ទឹកស្អាត ដំបូលផ្ទះ និងស្ថាបនាផ្លូវថ្នល់ជាដើម។
ឯកឧត្ដម ជា សុផារ៉ា បានមានប្រសាសន៍ថា ទន្ទឹមនិងការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត រាជរដ្ឋាភិបាលដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានលើកទឹកចិត្តយ៉ាងខ្លាំងចំពោះវិស័យផ្គត់ផ្គង់ទឹក និងអនាម័យ សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទីជនបទ។ ការផ្ដល់ទឹកស្អាត ជូនប្រជាពលរដ្ឋបានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់អនាម័យនៅជនបទ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល គឺការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្ដម ជា សុផារ៉ា បានបន្តទៀតថា សម្ដេចតេជោនាយករដ្ឋមន្ត្រី បានកំណត់នៅទិសដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជាថា នៅឆ្នាំ ២០១៥ ប្រជាពលរដ្ឋនៅជនបទត្រូវមានទឹកស្អាតប្រើប្រាស់ ៥០% និងទស្សនៈយូរអង្វែង ឆ្នាំ ២០២៥ ប្រជាពលរដ្ឋជនបទគ្រប់រូបមានទឹកស្អាតប្រើប្រាស់ ១០០% ។
តមកគណៈអធិបតីបានអញ្ជើញកាត់ខ្សែបូរ ជានិមិត្តរូប បើកឲ្យប្រើប្រាស់អណ្ដូងទី ១០០០ របស់អង្គការ Good Hands កូរ៉េ និងពិនិត្យអណ្ដូងនៅក្នុងសាលាបឋមសិក្សាសម្ដេច ជា ស៊ឹម ព្រមទាំងធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ឲ្យចេះថែរក្សាសមិទ្ធផលឲ្យបាននៅគង់វង្សដើម្បីប្រើប្រាស់បានយូរអង្វែង។








