MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

សិក្ខាសាលា​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ទស្សនៈ​យេនឌ័រ​ និង​អនុសញ្ញាស៊ី-ដ​ ដល់​មន្ត្រី​គម្រោង​ផ្គត់ផ្គង់​ទឹក​ ស្អាត​ និង​អនាម័យ​ជនបទ​ជុំវិញ​បឹង​ទន្លេសាប​នៅខេត្ត​សៀមរាប​ ថ្ងៃ​ទី១៤-១៦​ ខែ​តុលា​ ឆ្នាំ​២០០៩​

Print

កាល​ពីថ្ងៃទីដប់បួន​ដល់​ថ្ងៃទីដប់ប្រាំមួយ​ខែតុលាឆ្នាំ​ពីរពាន់​ប្រាំបួន នៅមន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្តសៀមរាប​ ក្រុម​ការងារ យេនឌ័រ​​ក្រសួង​​អភិវឌ្ឍន៍​​ជនបទ​បានរៀបចំ​​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពីទស្សនៈយេនឌ័រ និងអនុសញ្ញាលុបបំបាត់រាល់ទម្រង់ នៃ​ការរើសអើង​ប្រឆាំង​នារី​ភេទ ស៊ី-ដ(CEDAW) និង យោបល់ សន្និដ្ឋាន ៤២ ចំណុច របស់គណៈកម្មាធិការទទួលបន្ទុក ស៊ី-ដ ​នៃ​អង្គការ​សហប្រជាជាតិ​នៅមន្ទីរអភិវឌ្ឍន៍ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ដាំ ដារីនី ​អនុរដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ។

សមាសភាពចូលរួមមានៈ

  •  លោកស្រី អ៊ុក តុបតុស្សិដា អ្នកឯកទេសខាងគម្រោងយេនឌ័ររបស់ ADB ប្រចាំនៅប្រទេសកម្ពុជា
  •  លោក ម៉ៅ សារ៉ាយ ប្រធានគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជុំវិញបឹងទន្លេសាប
  •  លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប - លោក វ៉ាន់ ម៉ោង ប្រធានទីប្រឹក្សាគម្រោងយេនឌ័រ ADB
  •  លោកស្រី ខាំ សោភ័ណ្ឌ ទីប្រឹក្សាគម្រោងយេនឌ័រ ADB
  •  លោក ប៉ុក ចាន់ ទីប្រឹក្សាគម្រោងប្រចាំខេត្តសៀមរាប
  •  មន្ត្រីគម្រោងចំនួន ៤៩នាក់ ស្រី ៨នាក់


អ្នកសម្របសម្រួលក្នុងអង្គសិក្ខាសាលាមានៈ

  •  លោកស្រី ឡាច សាម៉ន ជាអនុប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍បទ
  •  កញ្ញា ឡាយ វីរៈបុត្រ សមាជិកក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ
  •  កញ្ញា ខៀវ មាលតី សមាជិកក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ
  • លោក ឈឹម គឹមមុន្នីរតនា សមាជិកក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៍ជនបទ និងជាជំនួយការវគ្គ

alt


alt


លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានមានមតិស្វាគមន៍ចំពោះគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ អ្នក​សម្រប​សម្រួល​​ ​និង​សមាជិក សមាជិកានៃអង្គសិក្ខាសាលាទាំងមូល ហើយបានបញ្ជាក់ ទៀតថា ការបញ្ជ្រាបយេនឌ័រ ​គឺ​ជាការងារដ៏សំខាន់ក្នុងការអនុវត្តន៍​គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ខេត្តជុំវិញ បឹងទន្លេសាប ប្រកបដោយប្រសិទ្ធិភាព និងមាននិរន្តរភាព និងដើម្បីបង្កើន​ការយល់ដឹង​ដល់​អ្នកទទួលផលនៅតាមភូមិ-ឃុំ គោលដៅ និង​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​ ។ យើង​ទាំង​អស់​គ្នា​ដឹង ហើយ​ថា​ស្ត្រី​មាន​តួ​នាទី​យ៉ាង​សំខាន់​ក្នុង ការងា​រ​ប្រើប្រាស់ទឹកស្អាត និងអនាម័យជាងបុរសៗ ហើយស្ត្រីមានសារៈសំខាន់ក្នុងការចូលរួមធ្វើផែនការ និងការអនុវត្តន៍ គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​គោលការណ៍ ។


យោងតាមយុទ្ធសាស្ត្រនៃការអនុវត្តន៍គោលនយោបាយរបស់រាជរដ្ឋាភិបាល ស្ត្រីគឺជាផ្នែកទី៤ នៃ​ការ​បង្កើន​ការ​យល់ដឹង​ និង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ។ ក្រសួងអភិវឌ្ឍន៍ជនបទបានរៀបចំគោលនយោបាយយេនឌ័រ ស្គីពីការបញ្ជ្រាបយេនឌ័រ ​ដើម្បី​លើក​កម្ពស់​ស្ត្រី​អោយ​​មាន​សកម្មភាព​ចូល​រួម​យ៉ាង​​សកម្ម​ក្នុង​​ការ​អភិវឌ្ឍន៍ជនបទ ។


​មតិរបស់ លោក ម៉ៅ សារ៉ាយ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងជានាយកគម្រោងផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ​ខេត្ត​ជុំវិញ​បឹងទន្លេសាប បានមានមតិលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិក​គម្រោង​ ក៏​ដូច​ជា​ការ​ចូល​រួម​របស់​ស្ត្រី​ក្នុង​គម្រោងដើម្បីសម្រេចបាន គឺទាល់តែ​មាន​ស្ត្រី​ចូល​រួម​ផង​ដែរ​ ហើយ​ការ​ចូល​រួម​របស់​ស្ត្រី ​គឺ​ជា ​ការ​ចាំ​បា​ច់​បំផុត​ក្នុង​គម្រោង ​។ គម្រោងនេះមានកិច្ចសហការ​យ៉ាងជិតស្និតពី​ក្រុមការងារ​យេនឌ័រ​​ក្រសួងអភិវឌ្ឍន៍ជនបទ​ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​ជោគជ័យ​ ព្រម​ទាំង​ធ្វើ​ជា​គំរូ​ដល់​គម្រោង​នានា​​ដែល​មាន​កិច្ច​សហការ​ជា​មួយ​​ក្រសួង​អភិវឌ្ឍន៍​ជនបទ​​ផង​ដែរ ​​។ នៅ​ក្នុង​គម្រោង​នេះ​ជា​គោល​ការណ៍ ​គឺ​ត្រូវ​មាន​ស្ត្រី​ចូល​រួម​ចំនួន​៤០%​លើ​រាល់​សកម្មភាព ទាំងអស់របស់គម្រោង ។


មតិរបស់ ​លោកជំទាវ ដាំ ដារីនី អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់គណៈអធិបតី ភ្ញៀវ​កិត្តិយស​ជាតិ អន្តរជាតិ​ អ្នក​សម្រប​សម្រួល​ និង​សមាជិក​ សមាជិកា​នៃ​អង្គ​សិក្ខាសាលា​ទាំង​មូល​ ។ ​អង្គសិក្ខាសាលា​មាន​សារៈ​សំខាន់​ ណាស់ ព្រោះ​បាន​ផ្ដល់នូវ​ចំណេះដឹង​អំពី​ទស្សនៈយេនឌ័រ​ និង​អនុសញ្ញា​​លប់​បំបាត់​​នូវ​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​ នារី​ភេទ​ ស៊ី-ដ​ ដល់​មន្ត្រី​គម្រោង​ផ្គត់​ផ្គង់​ទឹក​ស្អាត​ និង​អនាម័យ​ជនបទ​ជុំវិញ​បឹងទន្លេសាប​ ។ ​ការ​ចូល​រួម​របស់​លោក​ លោក​ស្រី​ជា​សក្ខីភាព​មួយ​បង្ហាញ​ឱ្យ​ឃើញ​នូវ​ការ​គាំទ្រ​ និង​ការ​លើក​ទឹកចិត្ត​ដល់​ដំណើរ​ការ​ផ្សព្វផ្សាយ​របស់​ក្រុម​ការងារ​ យេនឌ័រ​របស់​​ក្រសួង​អភិវឌ្ឍន៍​ជន​​បទ​​​​ថ្ងៃ​នេះ​ ហើយ​បាន​បញ្ជាក់​ឱ្យ​ឃើញ​នូវ​ការ​ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​យុទ្ធសាស្ត្រ​ របស់​រាជរដ្ឋាភិបាល​​ក្នុង​ផែន​ការ​អភិវឌ្ឍន៍​​​ យុទ្ធសាស្ត្រ​​ជាតិ​ក៏​ដូច​​ជា​ក្នុង​ដំណើរ​ការ​កាត់​បន្ថយភាព​ក្រីក្រ ​នៅ​ក្នុង​ប្រទេសកម្ពុជា​ ដែរ ​។​
​​ដូច្នេះ​ការ​បញ្ជ្រាបយេនឌ័រ​​ត្រូវ​ខិតខំ​ប្រឹងប្រែង​រួម​គ្នា​ជា​ចាំ​បាច់​ហើយ​រាល់​ទង្វើ​នៃ​ការ​រើសអើង​ ក៏​ត្រូវ​ទប់ស្កាត់​ជា​ដាច់​ខាត់​ដើម្បី​ឱ្យ​ស្ត្រី​ទទួល​​បាន​នូវ​សិទ្ធិ​សមភាព​​ជា​មួយ​បុរស ​និង​ដើម្បី​លើក​កម្ពស់​សិទ្ធិ​ស្ត្រី ​។


ថ្ងៃនេះជាឱកាសដ៏មានសារៈសំខាន់សម្រាប់​ក្រសួងអភិវឌ្ឍន៍ជនបទ ដែលក្រុមការងារយេនឌ័របាន​សហការ​ជា​មួយ​ មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត និង​អង្គភាព​​អនុវត្តន៍​គម្រោង​ទឹក​ស្អាត​ ដោយ​បានរៀបចំ​សិក្ខាសាលា​នេះ​ឡើ​ង​មាន​លក្ខណៈ​ ពិសេស​ និង​ចំ​ពេលវេលា​ដែល​យើង​​ត្រូវ​អនុវត្តផែនការ​ផ្សព្វផ្សាយ​​ទស្សនៈ​យេនឌ័រ​ ខ្លឹមសារ​អនុសញ្ញាស៊ី-ដ និងយោបល់ សន្និដ្ឋាន ៤២ចំណុច របស់អង្គការ​សហប្រជាជាតិ​ឱ្យបានទូលំទូលាយ ដើម្បី​ទទួលបាន​ពេញលេញ​​នូវ​​គោល​បំណង សិក្ខាសាលា​ផ្សព្វផ្សាយ​បន្តទៅ​មុខទៀត ។ នាងខ្ញុំតំណាងឱ្យ​ក្រុមការងារ​យេនឌ័រ សូមថ្លែង​អំណរគុណ​ដល់អង្គភាព​អនុវត្ត គម្រោង និង​សហគមន៍​អ្នក​ផ្ដល់ជំនួយ​ដែល​បាន​បង្កលក្ខណៈ​ឱ្យ​មាន​ភាពងាយ​ស្រួលក្នុង​ការផ្សព្វផ្សាយ​ការយល់​ដឹងទាំ​ងនេះ ទៅដល់​មន្ត្រីអនុវត្ត​គម្រោង​ទឹកស្អាត និង​អនាម័យ​ជនបទ​ទាំងអស់​នាពេលនេះ ព្រមទាំង​សូម​ប្រកាស​បើក​អង្គសិក្ខាសាលា និង​សូមថ្លែង​អំណរគុណ​ដល់ថ្នាក់​ដឹកនាំ​ក្រសួង ជាពិសេស ឯកឧត្ដមរដ្ឋមន្ត្រី ដែល​តែងតែ​គាំទ្រ​ក្រុមការងារ​យេនឌ័ររហូតមក និង​ផ្ដាំផ្ញើការសួរសុខទុក្ខ​ពីសំណាក់ ឯកឧត្ដម​រដ្ឋមន្ត្រី ជូនមន្ត្រីរាជ​ការទាំងអស់ដែរ ។
លោកស្រី ឡាច សាម៉ន បានបង្ហាញអំពីគោលបំណងរបស់វគ្គផ្សព្វផ្សាយនេះ ។


គោលបំណង៖

1.ឱ្យសិក្ខាកាម​ទទួល​បាន​ការយល់​ដឹងកាន់​តែច្បាស់​អំពី​គោលគំនិត និង​ទស្សនៈយេនឌ័រ
2.ឱ្យសិក្ខាកាម​ទទួល​បាន​ការយល់​ដឹង កាន់​តែច្បាស់អំពីខ្លឹមសារនៃអនុសញ្ញាលុប​បំបាត់​រាល់ទម្រង់នៃ ការរើសអើង​ប្រឆាំង​នារី​ភេទស៊ី-ដ និង​យោបល់សន្និដ្ឋាន ៤២ចំណុច របស់គណៈ កម្មាធិកាទទួលបន្ទុក ស៊ី-ដ (CEDAW) នៃ​អង្គការសហប្រជាជាតិ ឱ្យសិក្ខាកាមយល់កាន់​តែច្បាស់ពីសិទ្ធិ​របស់ស្ត្រី និង​ទស្សនៈនៃ​ ការបញ្ជ្រាប​យេនឌ័រ​ជាមួយគោលដៅអភិវឌ្ឍន៍កម្ពុជា និងច្បាប់​រដ្ឋ​ធម្មនុញ្ញ ច្បាប់ជាតិនានា
3.អោយសិក្ខាកាម​ទទួលបាន​នូវចំណេះដឹង ជំនាញ វិធីសាស្ត្រ របៀបដំណើរការ​ក្នុងការរៀបចំ យុទ្ធសាស្ត្រផ្សព្វផ្សាយ​បន្តដល់​មន្ត្រីថ្នាក់ខេត្ត-ស្រុក ក្នុង​សហគមន៍


លទ្ធផលរំពឹងទុក៖
1.ឱ្យថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសយេនឌ័រ មន្ត្រីគ្រប់លំដាប់ថ្នាក់​ទួលបានចំណេះដឹង និងជំនាញ ច្បាស់លាស់​អំពីគោលគំនិត និងទស្សនៈយេនឌ័រ
2.ឱ្យថ្នាក់ដឹក​នាំ​និង​ក្រុមការងារ​បច្ចេកទេសយេនឌ័រ​មន្ត្រីគ្រប់លំដាប់ថ្នាក់​ទទួលបានចំណេះដឹង ​និង​ជំនាញច្បាស់លាស់​អំពីគោល​គំនិត​នៃ​អនុសញ្ញាលុបបំបាត់​រាល់ទម្រង់​នៃ​ការរើសអើង​ប្រឆាំង​នារីភេទ ស៊ី-ដ (CEDAW) មាន​មូលដ្ឋាន​គ្រឹះនៃរដ្ឋ​ធម្មនុញ្ញសហប្រជាជាតិ សិទ្ធិសញ្ញាពី​ប្រព័ន្ធ​ទំនាក់​ទំនង ច្បាប់​អន្តរជាតិ និង​ច្បាប់​ជាតិ​ដើម្បីរៀបចំ​បញ្ចូលទស្សនៈយេនឌ័រ​គ្រប់កម្រិត
3.នៅឆ្នាំ២០០៩ នារីជាថ្នាក់ដឹកនាំនៅថ្នាក់ខេត្ត-ក្រុង ថ្នាក់ស្រុក និងឃុំមាន​ការកើន​ឡើងសមស្រប នូវសន្ទស្សន៍នៃគោល​ដៅអភិវឌ្ឍន៍​សហស្សវត្ស និងផែនការយុទ្ធសាស្ត្រ​ជាតិ​ជាមួយ​និងផែនការយុទ្ធសាស្ត្រ ក្រសួង-មន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្ត


ប្រធានបទថ្ងៃទី ១ (ថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០០៩ )

មេរៀនទី១៖ ទស្សនៈយេនឌ័រ
សម្របសម្រួលដោយ លោកស្រី ឡាច សាម៉ន

- ភេទ                 លក្ខខណ្ឌជីវៈសាស្ត្រ មិនអាចកែប្រែបានឡើយ
- យេនឌ័រ             លក្ខខណ្ឌសង្គម មិនមែនពីកំណើតទេ កែប្រែបាន


ភាពខុសគ្នារវាងភេទ និងយេនឌ័រ៖
- ភេទ ជាកត្តាជីវសាស្ត្រ                មិនអាចកែប្រែបានទេ
- យេនឌ័រ ជាកត្តាសង្គម                 អាចកែប្រែបាន
- តួនាទីភេទ សំដៅលើមុខងារបែបជីវសាស្ត្រ
- តួនាទីយេនឌ័រ គឺជាតួនាទីទាំងឡាយដែលរៀបចំឡើងទៅតាមការកំណត់របស់សង្គម
- សមភាព សំដៅលើភាពស្មើគ្នាក្នុងសង្គម
- សមធម៌ សំដៅលើការយោគយល់គ្នាទៅវិញទៅមកនៅក្នុងសង្គម


សមភាពយេនឌ័រ និងសមធម៌យេនឌ័រ៖
- សមភាពយេនឌ័រ ​​​គឺជាភាពស្មើគ្នា​រវាងបុរស និង​ស្ត្រីសំដៅលើសិទ្ធិ​ប្រើប្រាស់គ្រប់គ្រង​សម្រេចចិត្តទទួល ខុសត្រូវ​ការចូលរួម​ឱកាស និង​ការទទួល​ផលទំនាក់​ទំនងជាដើម។
- សមធម៌​យេនឌ័រ គឺជាការផ្ដល់នូវសមភាព​នៃឱកាស​លើគ្រប់វិស័យ និងមានភាពយុត្តិធម៌


តួនាទីយេនឌ័រទាំងបីប្រភេទ៖
១- តួនាទីមិនផលិត            គឺតួនាទីទាំងឡាយណា ដែលមិនទទួលបានប្រាក់កម្រៃ
២- តួនាទីផលិត               គឺជាតួនាទីទទួលបានប្រាក់កម្រៃ
៣- តួនាទីសហគមន៍          គឺជាតួនាទីបម្រើផលប្រយោជន៍ដល់សហគមន៍

ហើយបែងចែកជា ២យ៉ាង ៖
- មានកម្រៃ
- គ្មានកម្រៃ


តម្រូវការយេនឌ័រតម្រូវការយេនឌ័រចែកចេញជាពីរគឺ ៖
១- តម្រូវការចំពោះមុខ/ជាក់ស្ដែង
២- តម្រូវការជាយុទ្ធសាស្ត្រ/យូរអង្វែង
ការទទួលបានការគ្រប់គ្រងលើធនធាន និងផលកម្រៃ
១- ការទទួលបានធនធាន
២- ការគ្រប់គ្រងធនធាន


ការវិភាគយេនឌ័រ៖
ការវិភាគយេនឌ័រ គឺជាការរកអោយឃើញនូវ ៖
- ភាពច្បាស់លាស់ក្នុងការបែងចែកកម្លាំងពលកម្មរវាងបុរស និងស្ត្រី
- ទំនាក់ទំនងរវាងបុរស-ស្ត្រីនៅក្នុងសង្គម និងវិសមភាពនៅក្នុងទំនាក់ទំនងនោះ
- បញ្ហារបស់បុរស-ស្ត្រីនៅក្នុងសង្គម
- ផលប៉ះពាល់ពីកម្មវិធីអភិវឌ្ឍន៍ដល់បុរសស្ត្រី និងកម្រិតជីវភាពរបស់ពួកគេ
- សិទ្ធិក្នុងការប្រើប្រាស់ធនធានសាធារណៈ និងឯកជនរវាងបុរស និងស្ត្រី


ការបញ្ជ្រាបយេនឌ័រ៖
ការបញ្ជ្រាបយេនឌ័រ គឺជាយុទ្ធសាស្ត្រសម្រាប់ដោះស្រាយ​បញ្ហាវិសមភាព​យេនឌ័រ ដើម្បីធ្វើ​អោយសង្គម មានការ​យល់ដឹង ជ្រួតជ្រាបពីយេនឌ័រ​​​នៅក្នុងសង្គម ដើម្បីបញ្ចូលបញ្ហាទាំង​នោះទៅក្នុងគោល​នយោបាយ ផែនការ កម្មវិធី និងគម្រោងនានា ។ ដើម្បី​មានសិទ្ធិ​ប្រើប្រាស់ និងគ្រ​ប់គ្រងធនធាន ធ្វើ​ការ​សម្រេច​ចិត្តទទួល​ផល និង​ការលើកទឹកចិត្ត​ផ្សេងៗ នៅក្នុងសង្គម ។

alt



មេរៀន​ទី​២៖ ផ្នត់គំនិត និង​មនោគមន៍​វិជ្ជា​យេនឌ័រ
សម្រប​សម្រួល​ដោយ លោកស្រី ឡាច សាម៉ន


ផ្នត់​គំនិត និង​មនោគមន៍​វិជ្ជា​យេនឌ័រ៖
ទម្លាប់ ឬ​រៀន​ធ្វើ​តៗ​គ្នា​តាំង​ពី​ដូន​តា
1.ការ​អប់រំ​សិក្សា - កូន​ស្រី​មិន​ចាំ​បាច់​រៀន​សូត្រ​ច្រើន​ពេក​ទេ
- ត្រូវ​ទទួល​ការ​រ៉ាប់​រង​ការងារ​ផ្ទះ
- ជា​ភរិយា​ថែ​ទាំ​កូន​ចៅ
- មិន​ត្រូវ​ទៅ​ឆ្ងាយ
- មិន​បាច់​ចេះ​អក្សរ​នាំ​តែ​សរសេរ​សំបុត្រ​ទាក់​ទង​គ្នា


១. សុខភាព - កូន​ស្រី​មិន​អាច​និយាយ​អំពី​សុខ​ទុក្ខ​ផ្លូវ​ភេទ​ទេ
- កិច្ចការ​ផ្លូវ​ភេទ​សម្រេច​លើ​ប្ដី
- និយាយ​ជា​ស្ត្រី​មិន​ល្អ
- តួនាទី​របស់​ប្ដី

៣. សេដ្ឋកិច្ច - កូន​ស្រី-ប្រពន្ធ ជា​អ្នក​ទុក​ដាក់​លុយ
- មិន​អាច​សម្រេច​ក្នុង​ការ​ទិញ​ដូរ ទ្រព្យ​សម្បត្តិ​ធំ​ៗ
- ការ​ចំណាយ​សម្រាប់​ក្នុង​ផ្ទះ

៤.ក្បួន​អប់រំ​កូន​ស្រីមួយ​ចំនួន​នាំ​អោយ​មាន​គម្លាត​យេនឌ័រ​ដែរ​ឬ​ទេ?
- មាន​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន...

៥.តើ​ទំនៀម​ទម្លាប់​ដែល​មិន​ទទួល​ស្គាល់​ដល់​តម្លៃ​នៃ​ជីវិត​កូន​ស្រីនាំ​មក​នូវ​គម្លាត​យេនឌ័រនិង​ការ​រើស​អើង ដល់​កូន​ស្រី​ដែរ​ឬ​ទេ?

៦.បើ​កើត​កូន​ស្រី - មិន​សូវ​សប្បាយ​ចិត្ត
- មិន​មាន​រាសី មិន​មាន​លាភ
- កូន​ស្រី​ដាច់​ខ្សែ ដាច់​ត្រកូល ដាច់​ខ្សែ​ខាង​ឪពុក
- កើត​កូន​ស្រី​ដូច​ប្រហុក
- ដូច​ប្រាក់​ធ្លាក់​ផុក​ខ្មៅ
- ពេញ​វ័យ​ចូល​ម្លប់ មិន​អោយ​ទាក់​ទង​ប្រុស

៧.បើ​កើត​កូន​ប្រុស - កាន់​សែ​ខាង​ឪពុក មាន​តម្លៃ​ដូច​មាស ធ្លាក់​ភក់​មិន​ខ្មៅ
- កូន​ប្រុស​ហូត​ក្រឡះ​លែង
- កូន​ប្រុស​ប្រកក់​ប្រសិទ្ធិ មាន​រូប​ភាព​ធំ​ដុំ
- កូន​ប្រុស​ដើរ​លេង​បាន​តាម​ចិត្ត
- កូន​ប្រុស​កុំ​ធ្វើ​ការងារ​ផ្ទះ

៨.ការ​យល់​ដឹង​អំពី​យេនឌ័រ និង​ការ​រើស​អើង​ទៅ​លើ​នារី​ភេទ​មិន​ទាន់​គិត​គូ​ពី​អារម្មណ៍​យេនឌ័រ
- ដាក់​សំពាធ​ទៅ​លើ​កូន​ស្រី
- កូន​ស្រី​មិន​បាច់​រៀន
- កូន​ស្រី​ធ្វើ​ការងារ​ផ្ទះ
- មើល​ប្អូន​តូច​ៗ
បច្ចុប្បន្ន​មាន​ការ​កែ​ប្រែ​ខ្លះ​ហើយ
- ការ​ចូល​រួម​របស់​ប្រពន្ធ និង​កូន​ស្រី
- ទៅ​រៀន
- ទៅ​ប្រជុំ​សហគមន៍


មេរៀន​ទី​៣៖ប្រវត្តិ​ស៊ី-ដ

សម្រប​សម្រួល​ដោយ លោកស្រី ឡាច សាម៉ន


តើ​យើង​មាន​រចនា​សម្ព័ន្ធ​អ្វីខ្លះ មុន​នឹង​យើង​មាន​អនុសញ្ញា ស៊ី-ដ ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ០៣ ខែ កញ្ញា ឆ្នាំ​១៩៨១ (អនុម័ត ១៩៧៩) ?
យើង​មានៈ -អង្គការសហប្រជាជាតិ ត្រូវ​បាន​បង្កើត​ឡើង​ឆ្នាំ ១៩៤៥
-មហា​សន្និបាត​អង្គការ​សហប្រជាជាតិ
-ក្រុម​ប្រឹក្សា​សេដ្ឋកិច្ច និង​សង្គម
-អនុ​គណៈ​កម្មការ​មួយ ឧទ្ទិស​ដល់​ស្ថានភាព​ស្ត្រី គណៈ​កម្មការ​ស្ដី​ពី​ស្ថានភាព​ស្ត្រី​រហូត​មក​ដល់ បច្ចុប្បន្ន ។
-កិច្ច​សន្យា​របស់​អង្គការ​សហ​ប្រជាជាតិ ចំពោះ​ការ​លើក​ស្ទួយ​ស្ត្រី ចាប់​ផ្ដើម​ឡើង​ជា​មួយ​នឹង​ការ ចុះ​ហត្ថលេខា​លើ​ធម្មនុញ្ញ​អង្គការ​សហ​ប្រជាជាតិ ក្នុង​ឆ្នាំ ១៩៤៥ មក​ម្ល៉េះ ។
-១៦០ ហត្ថលេខី មាន​ហត្ថលេខី ចំនួន ០៤ ជា​ស្ត្រី ដែល​មក​ពី​ប្រទេស ៖ ចិន សហរដ្ឋអាមេរិក ប្រេស៊ីល និង​សាធារណៈ​រដ្ឋ​ដូមីនីកង់ ។
-ខែ​កុម្ភៈ ឆ្នាំ​១៩៤៦ នៅ​ទី​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស បន្ទាប់​ពី​គណៈប្រតិភូ​សហរដ្ឋអាមេរិក បាន​អាន​លិខិត​ចំហ​មួយ​ផ្ញើ​ជូន​ស្ត្រី​ទាំងអស់ នៅ​លើ​ពិភពលោក​នេះ​មក​អនុគណ​កម្មការ​មួយ ឧទ្ទិស​ដល់​ស្ថានភាព​របស់​ស្ត្រី​ត្រូវ​បាន​គេ​បង្កើត​ឡើង​នៅ​ក្នុង​គណៈកម្មការ​សិទ្ធិ​មនុស្ស ។
-នៅ​ថ្ងៃ​ទី ២១ ខែ កក្កដា ឆ្នាំ ១៩៤៦ អនុគណ​កម្មការ​នេះ​បាន​ក្លាយ ទៅ​ជា​គណៈកម្មការ ស្ដី​ពី​ស្ថានភាព​ស្ត្រី រហូត​មក​ដល់​បច្ចុប្បន្ន ។
-ឆ្នាំ ១៩៦៣ ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ពង្រឹង​ស្តង់​ដា​នានា ស្ដី​ពី​សិទ្ធិ របស់​នារី​ភេទ ។
-រដ្ឋធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ (បុព្វកថា) ១៩៤៥
-សេចក្ដី​ប្រកាស​ជា​សកល​នៃ​សិទ្ធិ​មនុស្ស ១៩៤៨
-អនុសញ្ញា​អន្តរជាតិ ស្ដី​ពី​ការ​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​ប្រកាន់​ពូជសាសន៍ ថ្ងៃ​ទី ២១ ខែ ធ្នូ ឆ្នាំ ១៩៦៥
-កតិកាសញ្ញា ស្ដី​ពី​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ ឆ្នាំ ១៩៦៦-១៩៧៦
-កតិកាសញ្ញា ស្តី​ពី​សិទ្ធិ​សេដ្ឋកិច្ច សង្គម និង​វប្បធម៌ ឆ្នាំ ១៩៦៦-១៩៧៦
-អនុសញ្ញា ស៊ី-ដ ថ្ងៃ​ទី ១៨ ខែ ធ្នូ ឆ្នាំ ១៩៧៩ ចូលជាធរមាន ថ្ងៃ​ទី ​៣ ខែ កញ្ញា ឆ្នាំ ១៩៨១
-អនុសញ្ញា​ប្រឆាំង​ការ​ធ្វើ​ទារុណកម្ម និង​អំពើ​ឃោរឃៅ​ដទៃ​ទៀត អមនុស្សធម៌ ឬ​ការ​ដាក់ ទណ្ឌកម្ម ពី​ថ្ងៃ​ទី ១០ ខែ ធ្នូ ឆ្នាំ ១៩៨៤ ដល់​ថ្ងៃ​ទី ២៦ ខែ មិថុនា ឆ្នាំ ១៩៨៧
-អនុសញ្ញា ស្ដី​ពី​សិទ្ធិ​កុមារ ថ្ងៃ​ទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ដល់​ថ្ងៃ​ទី ២ ខែ កញ្ញា ឆ្នាំ ១៩៩០
-អនុសញ្ញា ស្តី​ពី​ការ​ការពារ​សិទ្ធិ​ពលករ​ចំណាក​ស្រុក​ទាំងអស់ និង​សមាជិក​គ្រួសារ​របស់​ពួក​គេ ឆ្នាំ ១៩៩០ ។
ប្រធាន​បទ​ថ្ងៃ​ទី​២ (ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ ២០០៩ )


មេរៀន​ទី​៤៖ សង្ខេប​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ​ ស៊ី-ដ

សម្រប​សម្រួល​ដោយ លោកស្រី ឡាច សាម៉ន


អនុ​សញ្ញា​ស៊ី-ដ៖ ជា​កម្រង​សិទ្ធិ​មនុស្ស សិទ្ធិ​ស្ត្រី​ត្រូវ​បាន​អនុម័ត​ដោយ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ នៅ ថ្ងៃ​ទី ១៨ ធ្នូ ឆ្នាំ​១៩៧៩
- ប្រទេស​កម្ពុជា​ចុះ​ហត្ថលេខា នៅ​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ១៩៩២
- ប្រទេស​កម្ពុជា​ចូល​ជា​រដ្ឋ​ភាគី នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ ១៩៩២
អនុសញ្ញា​ស៊ី-ដ៖​ មាន ៣០​មាត្រា ចែកចេញជា ៦​ផ្នែក
- អនុសញ្ញា​អោយ​និយមន័យ៖ អ្វី​ទៅ​ជា​ការ​រើស​អើង​ប្រឆាំង​នារី​ភេទ? ការ​រើស​អើង​ប្រឆាំង​នារី​ភេទ បាន​ន័យ​ថា៖
- ការបែងចែក ការ​ផាត់​ចេញ ការ​ដាក់​កំហិត ការ​ធ្វើ​អោយ​ខូច​ខាត ការ​ធ្វើ​អោយ​ទៅ​ជា​មោឃៈ ការ​មិន​ទទួល​ស្គាល់ រដ្ឋ​ភាគី​ចុះ​ហត្ថលេខា និង​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា ហើយ​រដ្ឋ​ភាគី​នោះ​ត្រូវ​សន្យា​ទទួល​អនុវត្តន៍​នូវ វិធាន​ការណ៍ និង​កាតព្វកិច្ច​ជា​ច្រើន​ដើម្បី​បញ្ចប់​ការ​រើសអើង ។
- ឯកភាព​អនុវត្ត​តាម​គោល​នយោបាយ​បំបាត់​ចោល​ការ​រើសអើង​ប្រឆាំង​នារី​ភេទ
- ធានា​រ៉ាប់​រង​បញ្ចូល​គោល​នយោបាយ​សមភាព​របស់​បុរស និង​នារី​ទៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​របស់ ប្រទេស​ជា​រដ្ឋ​ភាគី
- ធានា​រ៉ាប់រង​អនុម័ត​ច្បាប់​ទាំង​ឡាយ​ណា ដែល​មិន​សមស្រប ដើម្បី​ហាម​ឃាត់​ការ​រើសអើង នឹង​នារី​ភេទ
- បង្កើត​សាលា​ក្ដី​ដើម្បី​ការពារ​អោយ​មាន​ប្រសិទ្ធិ​ភាព​ជូន​នារី ហើយ​ប្រឆាំង​នឹង​ការ​រើស​អើង
- ធានា​លុប​បំបាត់​រាល់​ទង្វើ​នៃ​ការ​រើសអើង​នារី​ភេទ​ដោយ​បុគ្គល អង្គភាព អង្គការ​សហគ្រាស
- ផ្ដន្ទា​ទោស ការ​រើសអើង​ប្រឆាំង​នារី​ភេទ​គ្រប់​ប្រភេទ
- អនុញ្ញាត​អោយ​រដ្ឋ​ភាគី ដាក់​ចេញ​នូវ​វិធាន​ការ​វិសេស​បណ្ដោះ​អាសន្ន​នានា ដើម្បី​ពន្លឿន សមភាព​ជាក់​ស្ដែង បុរស-នារី ដោយ​មិន​គិត​ថា​ជា​ទង្វើ​ប្រឆាំង​នឹង​បុរស​ឡើយ
- ធានា​រ៉ាប់​រង​ធ្វើ​របាយការណ៍ ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​រៀងរាល់ ០៤​ឆ្នាំ​ម្ដង ដើម្បី​អោយ អគ្គលេខាធិការ​ពិនិត្យ គោលការណ៍​នៃ​អនុសញ្ញា​ស៊ី-ដ
១ .អោយ​មាន​លក្ខណៈ​សមភាព រវាង​បុរស នារី
២ .គ្មាន​ការ​រើស​អើង រវាង​បុរស-នារី
៣.កាតព្វកិច្ច​រដ្ឋ​ភាគី


ស្មារតី​នៃ​អនុសញ្ញា ស៊ី-ដ
១-មាត្រា​នានា
២-អនុសាសន៍​ទូទៅ​នៃ​អនុសញ្ញា​ស៊ី-ដ (មាន ២៥​អនុសាសន៍)
៣-ពិធី​សារ​ជម្រើស Optional Protocol
៤-យោបល់​សន្និដ្ឋាន​របស់​គណៈកម្មាធិការ​ស៊ី-ដ
-ចំណុច​ទាំង​៤ នៃ​ស្មារតី​អនុសញ្ញា​ស៊ី-ដ ខាង​លើ​នេះ គឺ៖
- គឺ​ពាក់​ព័ន្ធ​គ្នា​ទៅ​វិញ​ទៅ​មក
- មិន​អាច​ចែក​ដាច់​ពី​គ្នា​ទេ
- ឆ្លង​កាត់​អោយ​គ្នា​ទៅ​វិញ​ទៅ​មក


មេរៀន​ទី​៥៖ កាតព្វកិច្ច​រដ្ឋ​ជា​ភាគី​នៃ​អនុសញ្ញា​ស៊ី-ដ
សម្រប​សម្រួល​ដោយ ​កញ្ញា ខៀវ មាលតី


មាត្រា​២៦ នៃ​អនុសញ្ញា​ទី​ក្រុង​វីយ៉ែន ស្ដី​ពី​ច្បាប់​នៃ​សន្ធិ​សញ្ញា (ឆ្នាំ ១៩៦៩)ចែង​ថា៖
- រាល់​សន្ធិសញ្ញា​ដែល​ចូល​ជា​ធរ​មាន​ត្រូវ​ភ្ជាប់​ចំណង​កាតព្វកិច្ច​ទៅ​នឹង​រដ្ឋ​ភាគី ហើយ​ត្រូវ​អនុវត្ត​ដោយ ភាគី​រដ្ឋ​ទាំង​នោះ​ប្រកប​ដោយ​សុចរិត ។
មាត្រា ២៧ ចែង​ថា៖
- ភាគី​មួយ​មិន​អាច​លើក​ឡើង​នូវ​បទ​បញ្ញត្តិ​ទាំង​ឡាយ នៃ​ច្បាប់​ក្នុង​ប្រទេស​របស់​ខ្លួន​ដើម្បី​សំអាង​ភាព បរាជ័យ​ក្នុង​ការ​អនុវត្ត​សន្ធិសញ្ញា​ឡើយ ។
តើ​កម្ពុជា​មាន​កាតព្វកិច្ច​អ្វី​ខ្លះ​ត្រូវ​ធ្វើ​ក្នុង​តួនាទី​ជា​រដ្ឋ​ភាគី?
យោង​តាម​មាត្រា​ទី​១៨ នៃ​អនុសញ្ញា
-រដ្ឋ​ភាគី សន្យា​ដាក់​ជូន​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ ដើម្បី​គណៈកម្មាធិការ​ ពិនិត្យ​នូវ​របាយការណ៍ ស្ដី​ពី​វិធាន​ការ​ខាង​នីតិកម្ម តុលា​ការ​រដ្ឋ​បាល ឬ​វិធាន​ការណ៍​ផ្សេង​ៗ ដែល​បាន​អនុម័ត​ផ្ដល់​អនុភាព​ដល់​បទបញ្ញត្តិ នៃ​អនុសញ្ញា​នេះ ព្រម​ទាំង​ការ​រីក​ចំរើន​ដែល​សម្រេច​បាន
- ក្នុង​រយៈពេល ១​ឆ្នាំ ក្រោយ​ពី​ការ​ចូល​ជា​ធរមាន​នៃ​អនុសញ្ញា​ចំពោះ​រដ្ឋ​ដែល​ពាក់​ព័ន្ធ។
- បន្ទាប់​មក​យ៉ាង​ហោច​ណាស់​រៀងរាល់ ០៤​ឆ្នាំ​ម្ដង និង​របាយការណ៍​បន្ថែម​បើ​មាន​សេចក្ដី​ស្នើ​សុំ​របស់ គណៈកម្មាធិការ
តើ​កម្ពុជា​បាន​ក្លាយ​ជា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស៊ី-ដ ពី​ពេល​ណា?
- កម្ពុជា​ឱ្យ​សច្ចាប័ន នៅ​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​១៩៩២ ដោយ​គ្មាន​លក្ខខ័ណ្ឌ
- រដ្ឋធម្មនុញ្ញ (ជំពូក​៣ អំពី​សិទ្ធិ និង​ករណី​កិច្ច​របស់​ប្រជាពលរដ្ឋ​ខ្មែរ)
- មាត្រា​៤៥ ៖ ការ​រើស​អើង​គ្រប់​ប្រភេទ​ប្រឆាំង​នឹង​ស្ត្រី​ភេទ​ត្រូវ​លុប​ចោល
- យន្ត​ការ​ជាតិ ៖ ក្រុម​ប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​ស្ត្រី-ក្រសួង​កិច្ចការ​នារី និង ក្រុម​បច្ចេកទេស​យេនឌ័រ​តាម ក្រសួង ស្ថាប័ន និង​តាម​បណ្ដាញ​ខេត្ត ក្រុង
របាយការណ៍​អាច​បញ្ជាក់​ពី​កត្តា និង​ការ​លំបាក​ដែល​នាំ​ឱ្យ​ប៉ះពាល់​ដល់​ការ​បំពេញ​កាតព្វកិច្ច​ស្រប​តាម​អនុសញ្ញា​នេះ។
សេចក្ដី​សង្ខេប​កាតព្វកិច្ច​របស់​រដ្ឋ​ជា​ភាគី
- ទប់​ស្កាត់​មិន​អោយ​មាន​ការ​រើសអើង
- ហាម​ឃាត់​ការ​រើសអើង
- ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​សកម្មភាព​រើសអើង
- ជំរុញ​សិទ្ធិ​ស្ត្រី និង​សមភាព​ចំពោះ​មុខ​ច្បាប់
- រក​អោយ​ឃើញ និង​កែ​លំអ​ឡើង​វិញ (ចំពោះ​ការ​រើសអើង)ពន្លឿន​សមភាព​អោយ​ឃើញ​ជាក់​ស្ដែង​នៅ​ក្នុង​សង្គម ។


alt


មេរៀន​ទី​​៦៖ ស្ថានភាព​ស្ត្រី​នៅ​កម្ពុជា និង​ករណី​សិក្សា
សម្រប​សម្រួល​ដោយ កញ្ញា ឡាយ វីរៈបុត្រ


អ្នក​សម្រប​សម្រួល​បាន​បែង​ចែក​សិក្ខា​កាម​ជា​៤​ក្រុម ដើម្បី​ពិភាក្សា​ទៅ​លើ​ករណី​សិក្សា​និមួយៗ​ដែល​មាន​ ៣ សំនួរ
- ក្រុម​ទី ១ និង​ក្រុម​ទី ៤៖ ករណី​សិក្សា​ទី​៦ - ស្ត្រី​ជនបទ​/ការ​ចូល​រួម​នយោបាយ

alt



- ក្រុម​ទី ២ និង​ក្រុម​ទី​៣៖ ករណី​សិក្សា​ទី​៩ - ស្ត្រី​ជនបទ​/ភាព​ក្រីក្រ​/កង្វះ​ការ​អប់រំ​/ភាព​គ្មាន​ដីធ្លី

alt


បន្ទាប់​មក​តំណាង​ក្រុម​នីមួយៗ​បាន​ឡើង​ធ្វើ​បទ​បង្ហាញ និង​ចែក​រំលែក​នូវ​បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដល់​សិក្ខាកាម​នានា ដោយ​ទទួល​បាន​នូវ​ចំណេះដឹង​ជា​ច្រើន​ពី​ករណី​សិក្សា​ទាំង​នេះ ។

alt


មេរៀន​ទី​៧៖ យោបល់​សន្និដ្ឋាន ៤២​ចំណុច​របស់​គណៈកម្មាធិការ ស៊ី-ដ នៃ​អង្គការ​សហប្រជាជាតិ
សម្រប​សម្រួល​ដោយ កញ្ញា ឡាយ វីរៈបុត្រ


សម័យ​ប្រជុំ​លើក​ទី ៣៤ របស់ អ.ស.ប
ថ្ងៃ​ទី ១៦ ខែ មករា ដល់​ថ្ងៃ​ទី ០៣ ខែ កុម្ភៈ ឆ្នាំ​២០០៦
នៅ​ទី​ក្រុង​ញ៉ូវយក
ដោយ​គណៈកម្មាធិការ​អនុសញ្ញា​លុប​បំបាត់​រាល់​ទម្រង់​នៃ​ការ​រើសអើង​ប្រឆាំង​នឹង​នារី​ភេទ
ថ្ងៃ​ទី ០៣ ខែ កុម្ភៈ ឆ្នាំ ២០០៦ អង្គការ UNIFEM បាន​ទទួល​ឯកសារ​សេចក្ដី​សន្និដ្ឋាន ​ពី​គណៈ កម្មាធិការ ស៊ី-ដ និង​បាន​ធ្វើ​ការ​បក​ប្រែ​ជា​ភាសា​ខ្មែរ និង​ផ្ញើ​ជូន​ ក.ជ.ក.ស ក្រសួង​កិច្ចការ​នារី អង្គការ​សង្គម​ស៊ីវិល , អង្គការ​មិនមែន​រដ្ឋាភិបាល
យោបល់​សន្និដ្ឋាន ៤២​ចំណុច​របស់​គណៈកម្មាធិការ ស៊ី-ដ នៃ​អង្គការ​សហប្រជាជាតិ ចែក​ចេញ​ជា​២​ផ្នែក​ធំ​ៗ
ផ្នែក​ទី​ ១- សេចក្ដី​ផ្ដើម ការ​ស្ងើច​សរសើរ និង​ការ​សោកស្ដាយ (ចំណុច ១ ដល់​៨)
ផ្នែក​ទី ២- កង្វល់ សំណូមពរ និង​អនុសាសន៍ (ចំណុច ៩ ដល់ ៤២)
ផ្នែក​ទី ១- សេចក្ដី​ផ្ដើម (ចំណុច​១ ដល់​៨)
- ការ​ដាក់​របាយការណ៍​យឺតយ៉ាវ
ផ្នែក​ទី ២​- កង្វល់ សំណូមពរ និង​អនុសាសន៍ (ពី​ចំណុច​ទី ៩ ដល់ ៤២) ចែក​ជា ១៤​ ផ្នែក៖
១.ផ្នែក​ច្បាប់(ចំណុច ៩ និង ១០) ៨.វិស័យ​អប់រំ(ចំណុច ២៥ និង ២៦)
២.សិទ្ធិ​ស្ត្រី(ចំណុច ១៣ និង ១៤) ៩.វិស័យ​ការងារ(ចំណុច ២៧ និង ២៨)
៣.អំពើ​ហិង្សា​ក្នុង​គ្រួសារ​(ចំណុច ១៥ និង ១៦) ១០.វិស័យ​សុខាភិបាល​(ចំណុច ២៩ និង ៣០)
៤.ច្បាប់​ស្ត្រី(ចំណុច ១៧ និង ១៨) ១១.ស្ត្រី​ជន​បទ(ចំណុច ៣១ និង ៣២)
៥.ការ​ជួញ​ដូរ(ចំណុច ១៩ និង ២០) ១២.ច្បាប់​អាពាហ៍ពិពាហ៍(ចំណុច ៣៣ និង ៣៤)
៦.ចំណាក​ស្រុក​(ចំណុច ២១ និង ២២) ១៣.ស្ត្រី​ជនជាតិ​ភាគតិច-ស្ត្រី​ពិការ​(៣៥ និង ៣៦)
៧.ការ​ចូល​រួម​កិច្ចការ​នយោបាយ(២៣​និង ២៤) ១៤.អនុសាសន៍​បន្ថែម
- សរុប​យោបល់​សន្និដ្ឋាន ៤២​ចំណុច​រួម​មានៈ
- ការ​ស្ងើច​សរសើរ
- ការ​សោក​ស្ដាយ
- ការ​កង្វល់
- សំណូមពរ និង​អនុសាសន៍

alt


មតិ​របស់​លោក វ៉ាន់ ម៉ោង ប្រធាន​ទី​ប្រឹក្សា​របស់​គម្រោង​ផ្គត់ផ្គង់​ទឹក​ស្អាត និង​អនាម័យ​ជនបទ​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប បាន​មាន​ប្រសាសន៍​ថា៖
- សកម្មភាព​យេនឌ័រ​មាន​សារៈសំខាន់​ណាស់​សម្រាប់​គម្រោង ព្រោះ​ស្ត្រី​ត្រូវ​ការ​ទឹក ហើយ​ជា​អ្នក​ទទួល​យ៉ាង​សំខាន់ ក្នុង​វិស័យ​ទឹក​ស្អាត​នេះ តាម​ការ​សិក្សា​នា ឆ្នាំ​២០០៧ យើង​ឃើញ​ថា​ស្ត្រី​ចំណាយ​រយៈពេល ០៣​ម៉ោង ទើប​យក​ទឹក​មក ប្រើ​ប្រាស់​បាន​ ដូច្នេះ​ក្នុង​គម្រោង​មាន​ការ​ទាក់​ទង​ជា​មួយ​ស្ត្រី​ច្រើន​ជាង​បុរស ហើយ​យោង​តាម​អនុសញ្ញា​ស៊ី-ដ មាន​ការ​យក ចិត្ត​ទុក​ដាក់​ដល់​ស្ត្រី ហើយ​យើង​ក៏​ដឹង​ហើយ​ថា​ទឹក​ជា​សុខភាព​ដ៏​សំខាន់​សម្រាប់​ស្ត្រី ដោយ​សារ​តែ​ស្ត្រី​មាន​ភាព​អៀនខ្មាស ច្រើន​ពាក់​ព័ន្ធ​នឹង​ចំណុច​នេះ យើង​យក​សមភាព​យេនឌ័រ​សម្រាប់​ធ្វើ​ការ​និយាយ ក្នុង​នោះ​យើង​ចង់​បញ្ជាក់​ពី​បុរស-ស្ត្រី​ក្នុង​ការ ប្រើ​ប្រាស់​ទឹក ។
- បុរស​ទៅ​យក​ទឹក​យូរ​ៗ​ម្ដង តែ​ការ​សម្រេច​ចិត្ត​បុរស​ជា​អ្នក​សម្រេច
- ស្ត្រី​ជា​អ្នក​គ្រប់​គ្រង​ទឹក និង​អនាម័យ ហើយ​មាន​ការ​ចូល​រួម​ច្រើន​ជាង​បុរស តែ​ការ​សម្រេច​ចិត្ត​គឺ​ស្ថិត​នៅ​លើ​បុរស -ស្ត្រី​ចូល​រួម​ប្រជុំ​ច្រើន តែ​គ្មាន​អំណាច និង​ការ​សម្រេច​ចិត្ត
- បុរស​មាន​ការ​អល់អែក​ក្នុង​ការ​ចូលរួម​ប្រជុំ
- ស្ត្រី​ជា​គ្រូ​បង្រៀន សម្រាប់​កិច្ចការ​ផ្ទះ​មើល​កូន និង​ការងារ​ច្រើន
-រាជរដ្ឋាភិបាល​បាន​ឯកភាព​ជា​មួយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​អោយ​ដាក់​កិច្ចការ​យេនឌ័រ​ក្នុង​គម្រោង​នានា ដូច្នេះ ក្រសួង​ត្រូវ​រៀបចំ​បែប​បន្ត​ឱ្យ​ហើយ ដើម្បី​ដាក់​បញ្ចូល​ក្នុង​គម្រោង​ផ្សេង​ៗ​របស់​ក្រសួង ។
- លោកស្រី ឡាច សាម៉ន អនុប្រធាន​ក្រុម​ការងារ​យេនឌ័រ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ធ្វើ​ការ​បូក​សរុប និង​វាយតម្លៃ​វគ្គ ហើយ​បាន​លើក​ឡើង​ពី​សកម្មភាព​នៃ​សិក្ខាសាលា ដែល​មាន​រយៈ​ពេល ០៣​ថ្ងៃ គឺ​ទទួល​បាន​នូវ​ចំណេះដឹង​អំពី​ទស្សនៈ យេនឌ័រ និង​អនុសញ្ញា​ស៊ី-ដ ជា​ទី​ពេញ​ចិត្ត សម​ស្រប​ទៅ​នឹង​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អ្នក​សម្រប​សម្រួល និង​សិក្ខាកាម ។ ថ្វី​ត្បិត​តែ​ការ​សិក្សា​នេះ​ជា​លើក​ទី​១ ហើយ​មាន​រយៈ​ពេល​ខ្លី​ក៏​ដោយ​ក៏​យើង​ទទួល​បាន​នូវ​ការ​ផ្លាស់​ប្ដូរ​បទពិសោធន៍​ល្អ​ៗ​ពី​គ្នា ទៅវិញទៅមក និង​មាន​ភាព​ស្និត​ស្នាល ហើយ​យើង​បាន​រក​ឃើញ​នូវ​ចំណុច​ខ្លាំង ចំណុចខ្សោយ និង​បញ្ហា​ប្រឈម​ព្រម​ទាំង ទទួល​បាន​អនុស្សាវរីយ៍​ល្អ​ៗ ។ យើង​នឹង​ប្ដេជ្ញា​យក​ចំណេះ​ដឹង​ដែល​ទទួល​បាន​ក្នុង​វគ្គ​នេះ​ទៅ​ផ្សព្វផ្សាយ​បន្ត ព្រម​ទាំង​ឆ្លុះ បញ្ចាំង​ក្នុង​គម្រោង ដើម្បី​អនុវត្ត​ឱ្យ​ទទួល​បាន​ជោគជ័យ ត្រូវ​តែ​មាន​កា​ចូល​រួម​ពី​ស្ត្រី​ដាច់​ខាត និង​ជូន​ពរ​ដល់​អង្គ​សិក្ខាសាលា​ ទាំង​មូល​ឱ្យ​ទទួល​បាន​ភាព​ជោគជ័យ​ក្នុង​ការងារ​និង​ធ្វើ​ការ​ប្រកាស​បិទ​អង្គ​សិក្ខាសាលា។

alt



បាន​ឃើញ និង ឯកភាព
ភ្នំពេញ, ថ្ងៃ​ទី ......... ខែ ......... ឆ្នាំ ២០០៩
ក្រុម​ការងារ​យេនឌ័រ
ប្រធាន

ភ្នំពេញ ថ្ងៃ​ទី ....... ខែ....... ឆ្នាំ​២០០៩
អ្នក​ធ្វើ​របាយការណ៍
ឡាច សាម៉ន


ចម្លងជូន
ឯកឧត្ដម​រដ្ឋលេខាធិការ
ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ
ឯកឧត្ដម​អគ្គនាយក
នាយកដ្ឋាន​រដ្ឋបាល និង​បុគ្គលិក

You are here Gender សិក្ខាសាលា​ស្ដី​ពី​ការ​ផ្សព្វផ្សាយ​ទស្សនៈ​យេនឌ័រ​ និង​អនុសញ្ញាស៊ី-ដ​ ដល់​មន្ត្រី​គម្រោង​ផ្គត់ផ្គង់​ទឹក​ ស្អាត​ និង​អនាម័យ​ជនបទ​ជុំវិញ​បឹង​ទន្លេសាប​នៅខេត្ត​សៀមរាប​ ថ្ងៃ​ទី១៤-១៦​ ខែ​តុលា​ ឆ្នាំ​២០០៩​