MRD

  • Full Screen
  • Wide Screen
  • Narrow Screen
  • Increase font size
  • Default font size
  • Decrease font size

ជំនួយ​ស្មារតី​ស្ដីពី​ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ នៅព្រះរាជណាចក្រកម្ពុជា

Print
There are no translations available.

សេចក្ដីផ្ដើម
ប្រទេស​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មាន​ផ្ទៃដី​ភាគ​ច្រើន​ជា​តំបន់​ជនបទ និង​មាន​ប្រជាជន​រស់​តាម ជនបទ​ចំនួន ១០,៧៧ លាន​នាក់ (៨០,៥% នៃ​ប្រជាជន​សរុប) រស់​នៅ​ក្នុង​ភូមិ​ចំនួន ១៤,០៧៣ (យោង​ស្ថិតិ​ជំរឿន​ឆ្នាំ​ ២០០៨)។ ប្រជាជន​ទាំង​នេះ​ភាគ​ច្រើន គឺ​ជា​ប្រជាជន​ដែល​ក្រីក្រ​បំផុត​នៅ​ក្នុង​សង្គម​កម្ពុជា។

ការ​ខ្វះ​នូវ​លទ្ធភាព​ទទួល​បាន​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត គឺ​ជា​កត្តា​មួយ​យ៉ាង​ច្បាស់​ដែល​កំណត់​បាន​នូវ​ភាព​ក្រី​ក្រ​នេះ។ ជា​ការ​ពិត​ណាស់​ដែល​ថា​ទឹក​មាន​សារៈសំខាន់​សម្រាប់​ទ្រ​ទ្រង់​ជីវិត​មនុស្ស ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ប្រសិនបើ យើង​ប្រើ​ប្រាស់​ទឹក​មិន​ស្អាត​ដែល​មាន​ភាព​កខ្វក់​ទៅ​ដោយ​ភ្នាក់ងារ​បង្ក​រោគ​ជា​បាក់តេរី វីរុស និង​អតិសុខុម ប្រាណ​នោះ នោះ​ពពួក​ប៉ារ៉ាស៊ីត​ដង្កូវ​តូច​ៗ​ទាំង​នេះ​អាច​ដើរ​តួ​ជា​ភ្នាក់​ងារ​ចំលង​រោគ​បាន។ ប្រជាជន​កម្ពុជា ជា​ច្រើន​នាក់ ដោយ​រាប់​បញ្ចូល​ទាំង​កុមារ​ផង​ដែរ​នោះ កំពុង​ទទួល​រងគ្រោះ​ដោយ​ជំងឺ​រាករូស និង​ជំងឺ​ដំ កាត់ ផ្សេង​ទៀត​ដែល​ទាក់ទង​នឹង​ទឹក។ ម៉្យាង​វិញ​ទៀត សម្រាប់​សហគមន៍​ជនបទ ដើម្បី​ទទួល​បាន​ទឹក​សម្រាប់ ប្រើប្រាស់ គឺ​តែង​ជួប​នូវ​ការ​លំបាក និង​ត្រូវ​ចំណាយ​ពេល​ច្រើន​ផង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ខាត​ពេល​វេលា​មាន ប្រយោជន៍​របស់​ពួក​គេ​ក្នុង​ការ​ចូល​រួម​កិច្ចការ​អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច។ ក្រៅ​ពី​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រាប់​ទ្រ​ទ្រង់​សុខភាព​មនុស្ស សហគមន៍​ជនបទ​ក៏​កំពុង​តែ​ជួប​ប្រទះ​កង្វះ​ខាត​ទឹក​សម្រាប់​ស្រោច​ស្រព​ស្រូវ និង​ផល​ដំណាំ​ផ្សេងៗ​ជា​លក្ខណៈ​គ្រួសារ​លើ​ ទំហំ ​ដី​ ខ្នាត​តូច​ផង​ដែរ ។ បច្ចុប្បន្ន​មាន​ប្រព័ន្ធ​ធារាសាស្ត្រ​​ខ្នាត​តូច​ប្រហែល​ពី ៦០​% ទៅ​ ៧៥​% ដែល​មិន​មាន​ដំណើរការ​ល្អនោះ​ទាមទារ​ឲ្យ​អោយ​មាន​ការ​ស្តា​រ​ និង​ជួស​ជុល​ឡើង​វិញ​ដើម្បី​ធានា​នូវ​សុវត្ថិភាព​ស្បៀង​នៅ​ជនបទ​។
ដោយ​យោង​ទៅ​លើ​បញ្ហា​ប្រឈម​ខាង​លើ​នេះ​ហើយ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ទឹក​សម្រាប់​ស្រោចស្រព​ផល​ដំណាំ​ខ្នាត​តូច អាច​ជំរុញ​ឱ្យ​ការ​អភិវឌ្ឍមាន​ភាព​ល្អ​ប្រសើរ​ឡើង ដែល​អាច​មើល​ឃើញ​យ៉ាង​ច្បាស់ នៅ​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ក្រីក្រ។ ការ​ទទួល​បាន​ប្រភព​ផ្គត់ផ្គង់​ទឹក​ស្អាត និង​ទឹក​ស្រោចស្រព​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សកល​ថា​ជា​តម្រូវ​ការ​មូលដ្ឋាន​សម្រាប់​ប្រជាជន​រស់​នៅ​ជនបទ និង​ជា​លក្ខខណ្ឌ​ចម្បង មួយ​ដែល​ជំរុញ​ឱ្យ​មាន​ការអភិវឌ្ឍ និង​ការ​គិតគូរ​យក​ចិត្ត​ទុក​ដាក់​កាត់​បន្ថយ​ភាព ក្រី​ក្រ​នៅ​ជនបទ​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ជា​ពិសេស​គឺ​នៅ​កម្ពុជា​។
ដោយ​ឡែក​ឆ្លង​តាម​ការ​អនុវត្តវិស័យ​ផ្គត់ផ្គង់​ទឹក​ស្អាត​រយៈពេល​យ៉ាង​យូរ​កន្លង​មក​នោះ​ បានបង្ហាញ​ឱ្យ​ឃើញ​ថា វា​មាន​សារ​ប្រយោជន៍​ជា​ច្រើន ទាក់​ទិន​ទៅ​នឹង​សុខភាព ដែល​ទទួល​បាន​ពី​ការ​កែ​លម្អ​​នូវ​ការ​ផ្គត់ផ្គង់​ទឹក​នេះ។ ការ​ទទួល​បាន​ប្រភព​ទឹក​ស្អាត និង​អនាម័យ​ដែល​ល្អ មិន​ត្រឹម​តែ​នាំ​ឱ្យ​សុខភាព​មាន​ភាព ប្រសើរ​ឡើង​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច​ជួយ​សំចៃ​បាននូវ​ពេល​វេលា និង​ថាមពល ព្រម​ទាំង​បង្កើន​ឱកាស ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​ផង​ដែរ​។ ដើម្បី​ចូល​រួម​ចំណែកដល់​ការ​កាត់​បន្ថយ​​ភាព​ក្រីក្រ​ក្នុង​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា ព្រម​ទាំង​ដើម្បី​កែ​លម្អ​ស្ថានភាព​សុខភាពសាធារណៈ និង​ស្ថានភាព​រស់​នៅ​របស់​ប្រជាជន​ជនបទ តាម​រយៈ​ការ​កែ​លំអ​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទនោះ ចាប់​តាំង​ពី​ឆ្នាំ ២០០៣ មក​រាជ​រដ្ឋាភិបាលកម្ពុជា​បាន​សម្រេច​បង្កើត​នូវ​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ (DRWS) មួយ ក្រោម​ឱវាទ​របស់​ក្រសួង​អភិវឌ្ឍន៍ ជនបទ (MRD) ។

ចក្ខុ​វិស័យ​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ
ស្រប​តាម​ចក្ខុ​វិស័យ​របស់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដែល​ធានា​ឱ្យ​មាន “សហគមន៍​ជនបទ​ប្រកប ដោយ​សុខភាព សុភមង្គល និង​សុវត្ថិភាព” នោះ នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ កំណត់​ចក្ខុវិស័យ​របស់​ខ្លួន ដោយ​ធានា​ថា “ប្រជាជន​ក្នុង​សហគមន៍​ជនបទ​គ្រប់​រូប នឹង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​ការ​ផ្គង់ផ្គង់​ទឹក​ស្អាត និង​រស់​នៅ​ក្នុង​បរិស្ថាន​មួយ​ប្រកប​ដោយ​អនាម័យ ដែល​យូរ​បំផុត​ចាប់​ពី​ឆ្នាំ ២០២៥ ខាងមុខតទៅ”។ នៅ​ពេល​នោះ សហគមន៍​ជនបទ​នឹង​មាន​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែល​នៅ​ក្បែរ​ខ្លួន ព្រម​ទាំង​អាច​ពឹង ផ្អែក​លើ​ខ្លួន​ឯង ​និង​ទទួល​បាន​សិទ្ធិ​គ្រប់​គ្រាន់​ក្នុង​ការ​គ្រប់​គ្រង​ការ​ប្រើប្រាស់​ទឹក​ស្អាត​ប្រកប​ដោយ​ប្រសិទ្ធភាព និង​មាន​ដំណើរ​ការ​ពេញលេញ​នៅ​តាម​ផ្ទះ​របស់​ខ្លួន ដោយ​ផ្អែក​លើ​ជំនួយ​ពី​ខាង​ក្រៅ​តិច​តួច​បំផុត ដូច្នេះ សហគមន៍​ជនបទ​នឹង​រួច​ផុត​ពី​បណ្ដា​ជំងឺ​ទាក់ទិន​ទៅ​នឹង​ទឹក ដែល​នាំ​ឱ្យ​សុខភាព​របស់​ពួកគេ​មាន​ភាព​ប្រសើរ​ ហើយ​ពួក​គេ​អាច​មាន​ឱកាស​កាន់​តែ​ច្រើន​ឡើង​ដើម្បី​ឱ្យ​ស្ថានភាព​រស់​នៅ​របស់​ពួក​គេ​មាន​ភាព​ប្រសើរ​ឡើង។ ក្រៅ​ពី​នេះ​ដោយ​មើល​ឃើញ​បញ្ហា​សុវត្ថិភាព​ស្បៀង​នៅ​ជនបទ​ដែល​ពាក់ព័ន្ធ​យ៉ាង​សំខាន់​ទៅ​នឹង​តម្រូវ​ការ​ទឹក​ នោះ​ចាំ​បាច់​ត្រូវ​មាន​ការ​ស្តា​រ និង​ជួសជុល​ឡើង​វិញ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ស្រោច​ស្រព​ខ្នាត​តូច​ចាំ​បាច់​មួយ​ចំនួន​ធំ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​កំណត់​នូវ​ទិសដៅ​របស់​ខ្លួន​យ៉ាង​ម៉ត់​ចត់​ធ្វើ ការសិក្សា និង​ស្តា​ឡើង​វិញ​នូវ​ប្រព័ន្ធ​ធារាសាស្ត្រ ខ្នាត​តូច​ដែល​ចាំ​បាច់​ទាំង​នោះ​អោយ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស សមស្រប​នៅ​ជនបទ ។

បេសកកម្ម​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ
ដូច​មាន​ចែង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​អំពី​គោលនយោបាយ​ជាតិ​ស្ដី​ពី​ការ​ផ្គត់ផ្គង់​ទឹក និង​អនាម័យជនបទ រដ្ឋាភិបាល​​នឹង​ដើរ​តួនាទី​ជា​អ្នក​សម្រួល​នៅ​គ្រប់​ជាន់​ថ្នាក់ និង​ធ្វើ​ការ​លើក​កម្ពស់​នូវ​ទំនាក់ទំនង​រវាងសហគមន៍ និង​អ្នក​ផ្គត់ផ្គង់​អនាម័យ និង​ទឹក​ស្អាត​ជនបទ ព្រម​ទាំង​ក្រុម​អ្នក​ប្រើប្រាស់​ទឹក សម្រាប់​ស្រោច​ស្រព​ខ្នាត​តូច​ផង​ដែរ។ រដ្ឋាភិបាល​ក៏​នឹង​ប្រឹង​ប្រែង​ពង្រឹង​ការ​សម្រប​សម្រួល​រវាង​ស្ថាប័ន​ពាក់ព័ន្ធ ក្នុង​វិស័យ​ទឹក​ស្អាត ​និង​ស្រោច​ស្រព​ខ្នាត​តូច ធ្វើ​យ៉ាង​ណា​ឱ្យ​មាន​ការ​ប្រើ​ប្រាស់​បាន​យ៉ាង​ប្រសើរ​បំផុត​នូវធនធាន​ទាំងឡាយ ដើម្បី​កាត់​បន្ថយ​ចំណាយ​លើ​សេវា​នានា ជៀសវាងការ​អនុវត្ត​ការងារ​ត្រួត​គ្នា​ដដែលៗ និង​ដើម្បី​ផ្ដល់​ជំនួយ​នៅ​ទីណា​ដែល​ត្រូវ​ការ។ ក្នុង​ការងារ​នេះ នាយកដ្ឋានផ្គត់ផ្គង់​ទឹក​ជនបទ ក្នុង​នាម​ជា​ទីភ្នាក់ងារ​កណ្ដាល​របស់​រដ្ឋាភិបាល​ទទួល​បន្ទុក​លើ​ការងារ​កែ​លម្អការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ គឺ​ជា​ស្ថាប័ន​រៀបចំ​យុទ្ធសាស្ត្រ សម្របសម្រួល និង​ជំរុញ​ការ​សម្របសម្រួល​ការងារ​កែ​លម្អការផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ ហេតុ​ដូច្នេះ​ហើយ នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​ គឺ​ជា​ស្ថាប័ន​ដែល​មាន​តួនាទី​ចម្បង​​ពីរ​គឺ (i) ជា​អ្នក​ជំរុញ និង​សម្របសម្រួល​ការងារ​ជា​មួយ​ទី​ភ្នាក់ងារ និង​ដៃ​គូ​អភិវឌ្ឍន៍ផ្សេងទៀត ទាក់ទិន​នឹង​ការងារ​កែ​លម្អការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ និង (ii) ជា​ផ្នែក​គ្រប់គ្រង​ការងារ​រៀបចំ ផែនការ​យុទ្ធសាស្ត្រ និង​អនុវត្តកម្មវិធី តាម​រយៈ​ស្ថាប័ន​នៅ​ថ្នាក់​ស្រុក និង​ខេត្ត។ នៅ​ក្នុង​បរិបថ​នេះ បេសកកម្ម​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ ត្រូវ​បាន​កំណត់​ដូច​ខាងក្រោម ៖
បំផុស​ឱ្យ​មាន​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី​សំណាក់​សហគមន៍ និង​អ្នក​ផ្គត់ផ្គង់​សេវាកម្ម​ក្នុង​ការងារ​កែ​លំអ​ការ ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ ដោយ​ជំរុញ​ឱ្យ​មាន​ការ​ផ្ដល់​អំណាច​ដល់​សហគមន៍ គំនិត​ផ្ដួចផ្ដើម​ពី​សហគមន៍ សមភាព​យេនឌ័រ និង​ការ​ចូលរួម​យ៉ាង​សកម្ម​ពី​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​ប្រកប​ដោយ​ចិរភាព​នូវ​កម្មវិធីផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ។
រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ​រយៈពេល​វែង និង​មធ្យម សម្រាប់​អនុវត្ត​នូវ​គោលនយោបាយ។
រៀបចំ​សេចក្ដី​ណែនាំ​បច្ចេកទេស​សម្រាប់​រៀបចំ​នូវ​ផែន​ការ​សកម្មភាព​ជាតិ ដែល​ឆ្លើយតប​ទៅ​តាម​តម្រូវការ និង​តម្រូវការ​របស់​សហគមន៍។
សម្របសម្រួល និង​គៀង​គរ​ជំនួយ​ទាំង​ក្នុង និង​ក្រៅ និង​ការ​វិនិយោគ​ក្នុង​វិស័យ​នេះ សម្រាប់​ការងារ​កែលំអ ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ។
ធ្វើ​ការ​អភិវឌ្ឍន៍ និង​ពង្រឹង​ជំនួយ​បច្ចេកទេស​នៅ​ក្នុង​​វិស័យ​អភិវឌ្ឍន៍​ធនធាន​មនុស្ស ការស្រាវជ្រាវ និង ពង្រឹង​ចំណេះដឹង​ថ្នាក់​សហគមន៍ តាម​រយៈ កម្មវិធី​អប់រំ​អនាម័យ និង​ការ​ប្រើប្រាស់​ទឹក​ស្អាត។
រៀបចំ និង​ពង្រឹង​យន្តការ ឬ ប្រព័ន្ធ​ត្រួត​ពិនិត្យ និង​វាយ​តម្លៃ​អំពី​ការ​អនុវត្តន៍​ការងារ​កែ​លំអ​ការ​ផ្គត់ផ្គង់ ទឹក​ស្អាត​ជនបទ ដើម្បី​ធានា​បាន​ថា ដំណើរ​ការ​ឈាន​ទៅ​សម្រេច​បាន​តាម​ចក្ខុវិស័យ​ក្នុង​ផ្នែក ផ្គត់ផ្គង់​ទឹក
ស្អាត​ជនបទ​ដែល​កំពុង​ត្រូវ​បាន​អនុវត្ត​យ៉ាង​ត្រឹមត្រូវ។
សម្រួល​ដល់​ការ​ពិនិត្យ​ឃ្លាំ​មើល​លើ​គុណភាព​ទឹក​នៃ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​នៅ​តាម​ជនបទ តាមរយៈ​ស្ថាប័ន ថ្នាក់​ឃុំ ស្រុក និង​ខេត្ត។
តស៊ូ​មតិ​គាំទ្រ​គោល​នយោបាយ​ជាតិ និង​រៀបចំ​បទបញ្ញត្តិ និង​យុទ្ធសាស្ត្រ​សម្រាប់​ការងារ​កែ​លំអ​ការ ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ ដោយ​មាន​កិច្ច​សម្របសម្រួល​ជា​មួយ​នឹង​ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត សហគមន៍​ម្ចាស់ ជំនួយ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា។
លើក​កម្ពស់ និង​ប្រមូល​ផ្ដុំ​ការ​វិនិយោគ និង​ការ​ចូល​រួម​ពី​វិស័យ​ឯកជន​ក្នុង​ការងារ​កែ​លំអ​ការ​ផ្គត់ផ្គង់​ទឹក ស្អាត​ជនបទ។
លើក​ស្ទួយ​ការ​ស្តា​សុវត្ថិភាព​ស្បៀង​ជនបទ​តាមរយៈ​ផ្ដល់​នូវ​ការ​ជួសជុល​និង​ស្តា​ប្រព័ន្ធ​ស្រោច​ស្រពខ្នាតតូច មួយ​ចំនួន​ដែល​ចាំបាច់។
ត្រូវ​កសាង​នូវ​សហគមន៍​អ្នក​ប្រើប្រាស់​ទឹក​ស្រោចស្រព​ខ្នាត​តូច និង​ជំរុញ​អោយ​មាន​យន្តការ​ថែទាំ​ប្រព័ន្ធ ប្រកប​ដោយ​ថេរភាព​ដោយ​មូលដ្ឋាន​ខ្លួន​ឯង​ផ្ទាល់។
ចាំ​បាច់​កសាង​អោយ​មាន​នូវ​គោល​នយោបាយ​ពាក់ព័ន្ធ​ទៅ​នឹង​វិស័យ​ប្រព័ន្ធ​ស្រោចស្រព​ខ្នាត​តូច​មួយ​ដែល មាន​ប្រសិទ្ធ​ភាព​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ខាង​លើ។ ដោយ​យោង​ទៅ​តាម​បរិបទ​នៃ​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង
ប្រភព​ទឹក​នៅ​ប្រទេស​កម្ពុជា​ឆ្នាំ​២០០៧។

អំពី​សកម្មភាព​របស់​នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ
គោលដៅ​អភិវឌ្ឍន៍ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស “យុទ្ធសាស្ត្រច​តុកោណ​របស់​ខ្លួន​ថា ជា​ឧបករណ៍​ជំនួយ ក្នុង​ការ​អនុវត្តន៍​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​សំរេច​ឱ្យ​បាន​នូវ​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ ការ អភិវឌ្ឍន៍ វឌ្ឍនភាព វិបុលភាព ឯកភាពជាតិ និង​សុភមង្គល​សំរាប់​ប្រជាជន​កម្ពុជា។ ក្នុង​យុទ្ធសាស្ត្រ ចតុកោណ​របស់​រដ្ឋាភិបាល មាន​ចំណុច​មួយ​ផ្តោត​ទៅ​លើ៖ (១)ផ្តល់​ជូន​ពលរដ្ឋ​គ្រប់​រូប​នូវ​ទឹក​ស្អាត​ប្រកប​ដោយ សុវត្ថិភាព (២)ការពារ​ពលរដ្ឋ​គ្រប់​រូប​ពី​ជំងឺ​ពាក់ព័ន្ធ​ទៅ​នឹង​ទឹក (៣) ផ្គត់ផ្គង់​ទឹកស្អាត​ឱ្យ​បាន​គ្រប់​គ្រាន់​ដើម្បី​ធានា បាន​នូវ​សុវត្ថិភាព​ចំណី​អាហារ សកម្មភាព​សេដ្ឋកិច្ច និង​ជីវភាព​សមរម្យ (៤) ធានា​ឱ្យ​បាន​ថា ធនធាន​ទឹក និង បរិស្ថាន​ពុំ​មាន​សារធាតុពុល។ រដ្ឋាភិបាល​ក៏​បាន​ដាក់​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​ថ្មី​ជា​សកល​ជា​មួយ​ដំណើរ​ការ ថ្នាក់​ជាតិ​ផង​ដែរ ហើយ​រដ្ឋាភិបាល​បាន​កំណត់​ចេញ​នូវ​គោលដៅ​អភិវឌ្ឍន៍​សហសវត្ស​របស់​កម្ពុជា (CMDGS) លើស​ពី​នេះ​ទៅ​ទៀត ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​ប្តេជ្ញា​អនុវត្ត​តាម​គោលដៅ​រួមនៃ​ការ​ផ្គត់ផ្គង់​អនាម័យ និង​ទឹក ស្អាត​ជន​បទ​នៅ​ក្នុង CMDGS ដែល​មាន​គោលដៅ​បង្កើន​ចំនួន​ប្រជាជន​នៅ​ជនបទ ដែល​មាន​លទ្ធភាព​ទទួល បាន​ទឹក​ស្អាត​ពី​អត្រា ២៤% នៅ​ក្នុង​ឆ្នាំ ១៩៩៨ ទៅ​ដល់ ៥០% នៅ​ក្នុង​ឆ្នាំ ២០១៥ ផង​ដែរ ហើយ គោលដៅ​រយៈពេល​វែង មាន​ទិសដៅ​ឆ្ពោះ​ទៅ​រក​ការ​គ្រប​ដណ្តប់​ឱ្យ​បាន​ជា​សកល នូវ​សេវា​ផ្គត់ផ្គង់​ទឹក​ស្អាត មាន​លក្ខណៈ​ប្រសើរ​ជាង​មុន​នៅក្​នុង​តំបន់​ជនបទ​ទាំងមូល ឱ្យ​បាន​យ៉ាង​យូរ​បំផុត​ចាប់​ពី​ឆ្នាំ ២០២៥ ត​ទៅ ដូច មាន​ចែង​នៅ​ក្នុង​ចក្ខុវិស័យ​នៃ​គោលនយោបាយ​ជាតិ។
របៀប​វារៈ​ជា​គន្លឹះ​នៃ​ការ​កែ​លំអ​ការ​ផ្គត់ផ្គង់​ទឹក​នៅ​តំបន់​ជនបទ ៖ ផ្អែក​តាម​ការងារ​របស់​នាយកដ្ឋាន និង​ក្នុង គោល​បំណង​ឆ្ពោះ​ទៅ​សំរេច​ឱ្យ​បាន​តាម​គោលដៅ​ថ្នាក់​ជាតិ និង​គោលបំណង​នៃ​បណ្តា​កម្មវិធី​ផ្គត់ផ្គង់​ទឹកស្អាត​ តាម​តំបន់​ជនបទ​នៅ​ក្នុង​ប្រទេស​កម្ពុជា នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទកំណត់​ចេញ​នូវ​របៀប​វារៈ​ជា​គន្លឹះ ​របស់​
ខ្លួន​សំរាប់​ការងារ​កែ​លំអ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​ដូច​ខាង​ក្រោម ៖
ការ​តស៊ូ​មតិ​គាំទ្រ​គោលនយោបាយ និង​ការ​រៀបចំ​យុទ្ធសាស្ត្រ ក្រោម​កិច្ច​សហប្រតិបត្តិ​ការ​ជា​មួយ​នឹង ក្រសួង​ពាក់ព័ន្ធ​ផ្សេង​ទៀត ទី​ភ្នាក់ងារ​ម្ចាស់​ជំនួយ​សំខាន់ៗ និង​ដៃ​គូ អភិវឌ្ឍន៍​នានា
ការ​រៀបចំ​ផែន​ការ​យុទ្ធសាស្ត្រ និង​ផែន​ការ​អភិវឌ្ឍន៍​រយៈពេល​មធ្យម ដើម្បី​សម្រេច​បាន​តាម គោលដៅ​ថ្នាក់​ជាតិ​សម្រាប់​ការងារ​កែ​លំអ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ
ការ​ប្រមូល​ផ្ដុំ​នូវ​ធនធាន​ហិរញ្ញវត្ថុ និង​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​សម្រាប់​កម្មវិធី​កែ​លំអ​ការ​ផ្គត់ផ្គង់ ទឹក​ស្អាត​ជនបទ
ការ​សម្របសម្រួល និង​ការ​សហប្រតិបត្តិការ​ជាមួយ​នឹង​ដៃ​គូ​អភិវឌ្ឍន៍​ផ្សេង​ទៀត សម្រាប់​ការ​អនុវត្តន៍ កម្ម​វិធី​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ តាម​រយៈ​វិធី​សាស្ត្រ​រួម ដែល​សម្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​វិស័យ និង ការ​កំណត់​ទិសដៅ​លទ្ធផល​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែល​មាន​លក្ខណៈ​ប្រសើរ​ឡើង
ការ​គ្រប់គ្រង​ជា​រួម និង​ការ​ពិនិត្យ​បច្ចេកទេស​ក្នុង​ការ​អនុវត្តន៍​កម្មវិធី​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ ដើម្បី ធានា​បាន​ថា ភាគី​ពាក់ព័ន្ធ​សំខាន់​ៗ​នឹង​ចូល​រួម ព្រមទាំង អនុវត្ត​តាម​ការ​ណែនាំ និង​គោលការណ៍ យុទ្ធសាស្ត្រ​ថ្នាក់​ជាតិ ដើម្បី​លើក​កម្ពស់​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ។
ការពិនិត្យ និង​ការ​វាយ​តម្លៃ​ដែល​មាន​ទិសដៅ (i) គ្រប់គ្រង​នូវ​ចិរភាព និង ប្រសិទ្ធភាព​នៃ​មុខងារ ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​ (ii) សម្របសម្រួល​ការ​អង្កេត​ថ្នាក់​តំបន់ និង​ថ្នាក់​ជាតិ និង​ការសិក្សា​អំពី​វិស័យ ក្នុង​បទដ្ឋាន និង​ក្របខ័ណ្ឌ​ជាតិ (iii) ព្រម​ទាំង​ប្រៀបធៀប និង​កែ​សម្រួល​នូវ​ការ​អនុវត្តន៍​កម្មវិធី អនុលោម​ទៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​ជាតិ និង គោលដៅ​អភិវឌ្ឍន៍
រៀបចំ​វេទិកា​សាធារណៈ និង​កិច្ច​សន្ទនា​សម្របសម្រួល​វិស័យ ដើម្បី​ប្រមូល​ផ្ដុំ និង​ចែក​រំលែក​បទ​ពិសោធន៍ ដែល​ទទួល​បាន​ពី​កម្មវិធី​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ​ផ្សេង​ៗ ដើម្បី​រៀបចំ និង កែ​សម្រួល​បច្ចេកវិទ្យា សមស្រប ព្រម​ទាំង​ពង្រីក​ជម្រើស​បច្ចេកវិទ្យា សម្រាប់​ការងារ​កែ​លំអ​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ នៅ​ក្នុង​ប្រទេស​កម្ពុជា។
ធ្វើ​ការ​សិក្សា​និង​ស្តា​ប្រព័ន្ធ​ស្រោចស្រព​ខ្នាត​តូច​លើ​គម្រោង​មាន​អាទិភាព​ខ្ពស់​មួយ​ចំនួន​ក្នុង​ខេត្ត​ដែល មាន​ការ​រាំង​ស្ងួត​ខ្លាំង​ ជា​ពិសេស​ខេត្ត​ភាគ​ខាង​ត្បូង។

យុទ្ធសាស្ត្រ​អនុវត្ត
ក/ផ្នែក​កម្មវិធី​ទឹក​ស្អាត

នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជន​បទ​រៀបចំ​នូវ “យុទ្ធ​សាស្ត្រ​អនុវត្តន៍​បី​ថ្នាក់” របស់​ខ្លួន​ដូច​ខាង​ក្រោម នេះ ដើម្បី​ធានា​បាន​នូវ​កិច្ច​អន្តរាគមន៍​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធ​ផល​នូវ កម្មវិធី​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ ៖
1. កិច្ច​អន្តរាគមន៍​ថ្នាក់​គ្រួសារ
ការ​លើក​កម្ពស់​អនាម័យ និង​ការ​ប្រើប្រាស់​ទឹក
ការ​បណ្ដុះបណ្ដាល​បច្ចេកទេស​ស្ដី​ពី​ការ​គ្រប់គ្រង​ទឹក​នៅ​ថ្នាក់​គ្រួសារ ដូចជា​ស្ដី​ពី​សម្ភារៈ​ស្តុក​ទឹក​ត្រឹម ត្រូវ ការ​លើក​ដាក់​ទឹក​ប្រកប​ដោយ​សុវត្ថិភាព​នៅ​តាម​ផ្ទះ ការថែទាំ និង​រក្សាទុក​យ៉ាង​ត្រឹមត្រូវ​នូវ​ទឹក មិន​ទាន់​ប្រើប្រាស់ និង​ទឹក​ប្រើ​រួច​នៅ​តាម​ផ្ទះ ការ​ចម្រោះ​ទឹក​ស្អាត​តាម​វិធី​សាមញ្ញ​តាម​គ្រួសារ ៘
បញ្ហា​សុខភាព​ទាក់​ទិន​ទៅ​នឹង​ទឹក និង​អនាម័យ ព្រម​ទាំង​ការ​អនុវត្តន៍​ការ​ថែទាំ​ក្នុង​គ្រួសារ
ការ​លើក​កម្ពស់​ចំណេះ​ដឹង​ដើម្បី​ឱ្យ​មាន​ការ​ទទួល​ស្គាល់ និង​ការ​ទទួល​យក​នូវ​តម្លៃ​ពិត​ប្រាកដ​នៃ​ការ ប្រើប្រាស់​ទឹក​ស្អាត និង​ការ​អនុវត្តន៍​ថែទាំ​អនាម័យ​ផ្ទាល់​ខ្លួន​ល្អ ព្រម​ទាំង​ការ​បង្កើត​នូវ​តម្រូវការ​ពិត ប្រាកដ​សំរាប់​ការ​កែ​លំអ​អនាម័យ និង​ទឹក​ស្អាត។


2. កិច្ច​អន្តរាគមន៍​ថ្នាក់​សហគមន៍
ការ​អភិវឌ្ឍន៍​នូវ​ប្រភព​ទឹក​ស្អាត​ដែល​មាន​តម្លៃ​ថោក និង​អាច​ទុក​ចិត្ត​បាន
ការ​អភិវឌ្ឍន៍​ស្ថាប័ន​សម្រាប់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ដែល​គ្រប់គ្រង​ដោយ​សហគមន៍ (ដូចជា ក្រុម​អ្នក ប្រើប្រាស់​ទឹក​ស្អាត និង​អនាម័យ និង​ក្រុមប្រឹក្សា​ឃុំ)
ការ​បង្កើត​នូវ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ផ្គត់ផ្គង់​ទឹក​តាម​សហគមន៍ ដោយ​រាប់​បញ្ចូល​ទាំង នីតិ​វិធី​គ្រប់គ្រង ហិរញ្ញ​វត្ថុ​ផង​ដែរ​
ការ​បណ្ដុះបណ្ដាល​សមត្ថភាព​ស្ដី​ពី​ការ​គ្រប់គ្រង​ការ​ថែទាំ និង​ប្រតិបត្តិ​ការ​ត្រឹមត្រូវ​នៅ​ថ្នាក់​សហគមន៍ (ដូចជា ការ​បណ្ដុះបណ្ដាល​ស្ដី​ពី​ការ​ថែ​ទាំ និង​ប្រតិបត្តិ​ការ ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ ៘)
ការ​ប្រមូល​ផ្ដុំ​សហគមន៍ និង​ការ​លើក​កម្ពស់​ការ​យល់​ដឹង​ជា​សាធារណៈ​ស្ដី​ពី​ការ​ចូល​រួម​យ៉ាង​សកម្ម​ពី សហគមន៍​នៅ​ក្នុង​សកម្មភាព​កែ​លំអ​អនាម័យ និង​ការ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ
ភ្ជាប់(ឬ បញ្ចូល) នូវ​ការងារ​ផ្គត់ផ្គង់​ទឹក​ស្អាត ជាមួយ​នឹង​ការងារ​កែ​លំអ​អនាម័យ និង​អនាម័យ​ផ្ទាល់ ខ្លួន ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ខ្លាំងក្លា​ក្នុង​ការងារ​កែ​លំអ​សុខភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង។


3. កិច្ច​អន្តរាគមន៍​ថ្នាក់​ជាតិ
ការ​រៀបចំ​គោល​នយោបាយ និង​យុទ្ធសាស្ត្រ​ស្ដី​ពី​ការ​កែ​លំអ​អនាម័យ និង​ទឹក​ស្អាត
ផែនការ​យុទ្ធ​សាស្ត្រ និង​ផែនការ​វិនិយោគ​ដែល​សំដៅ​សម្រេច​ឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​រយៈ​ពេល វែង និង​គោលដៅ​ដែល​ត្រូវ​សម្រេច​ឱ្យ​បាន​ភ្លាម​ៗ (កម្ម​វិធី​រយៈ​ពេល​មធ្យម និង​រយៈ​ពេល​ខ្លី) ដោយ រាប់​បញ្ចូល​នូវ​បញ្ហា​ដូច​ខាង​ក្រោម ៖
ការ​កែ​លំអ​ទូ​ទាំង​វិស័យ
ផែន​ការ​អភិវឌ្ឍន៍​តាម​តំបន់
វិធីសាស្ត្រ​ចម្រុះ​ស្ដី​ពី​ការ​លើក​កម្ពស់​ទឹក អនាម័យ និង​អនាម័យ​ផ្ទាល់​ខ្លួន
បញ្ហា​ចម្រុះ (ដូចជា ការ​បញ្ជ្រាប​យេនឌ័រ ជនជាតិភាគតិច កិច្ច​ការពារ​បរិស្ថាន ការ​កាត់បន្ថយ ភាព​ក្រី​ក្រ ការ​កែ​លំអ​សុខភាព​សាធារណៈ)
ការ​បង្កើត​នូវ​កិច្ច​សម្របសម្រួល កិច្ច​សហ​ប្រតិបត្តិ​ការ និង​ភាព​ជា​ដៃ​គូ​ថ្នាក់​ជាតិ រវាង​ភ្នាក់​ងារ​ដែល​ពាក់ ព័ន្ធ សំខាន់ៗ
ការ​ប្រមូល​ផ្គុំ​ធនធាន ដោយ​រាប់​បញ្ចូល​ទាំង ការ​វិនិយោគ​ថ្នាក់​ជាតិ និង​ជំនួយ​ពី​ខាង​ក្រៅ
ការ​តស៊ូ​មតិ​គាំ​ទ្រ និង​ការ​លើក​កម្ពស់​ការ​ប្ដេជ្ញា​របស់​អ្នក​នយោបាយ​របស់​រដ្ឋាភិបាល និង​ស្ថាប័ន​ជាតិ ដើម្បី ការ​កែ​លំអ​សេវាកម្ម​ផ្គត់ផ្គង់​ទឹក​ស្អាត សម្រាប់​ប្រជាពលរដ្ឋ​គ្រប់​​រូប​នៅ​ជនបទ
យុទ្ធនាការ​ស្ដី​ពី​ការ​ប្រើប្រាស់​ទឹក​ស្អាត និង ការ​លើក​កម្ពស់​អនាម័យ និង​អនាម័យ​ផ្ទាល់​ខ្លួន តាមរយៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​មហាជន និង​បណ្ដាញ​ចែកចាយ​ព័ត៌មាន
ការពិនិត្យ និង​ការ​ប្រៀបធៀប​កែ​សម្រួល​ការ​អនុវត្តន៍​កម្មវិធី​ទឹក​ស្អាត
ខ/ផ្នែក​កម្មវិធី​ធារាសាស្ត្រ​ខ្នាត​តូច៖
នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​រៀបចំ​នូវ “យុទ្ធ​សាស្ត្រ​អនុវត្តន៍​បី​ថ្នាក់” របស់​ខ្លួន​មាន​ (១) កិច្ច​សហ​ប្រតិបត្តិការ​ថ្នាក់​ជាតិ​ (២)​ធ្វើ​ផែនការ​ថ្នាក់​ឃុំ និង​ (៣)​ ការ​អនុវត្ត​កម្មវិធី​ថ្នាក់​សហគមន៍ ។


១.កិច្ច​សហប្រតិបត្តិការ​ថ្នាក់​ជាតិ៖
នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​នៃ​ក្រសួង​អភិវឌ្ឍន៍​ជនបទ​និង​ធ្វើ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ដើម្បី​កំណត់​នូវ​អត្ត​សញ្ញាណ និង​តួ​នាទី ទទួល​ខុស​ត្រូវ​ច្បាស់​មួ​យ​របស់​នាយកដ្ឋាន ផ្គត់ផ្គង់​ទឹក​ជនបទ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​ក៏​ដូច​ជា​ការ​អនុវត្ត​ធារាសាស្ត្រ​ខ្នាត​តូច​ដែរ​ដូច​ដែល​មាន ចែង​នៅ​ក្នុង​បរិបទ​របស់​ច្បាប់​ស្ដី​ពី​ការ​គ្រប់គ្រង​ប្រភព​ធនធាន​ទឹក​ឆ្នាំ ២០០៧ ។ ២.ធ្វើ​ផែនការ​ថ្នាក់​ឃុំ៖
នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​និង​ធ្វើ​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​តាម​រយៈ​មន្ទីរ​ អភិវឌ្ឍន៍​​ជ​នបទ​​ខេត្ត​នីមួយ​ៗ​ និង​មន្ត្រី​ស្រុក​របស់​ខ្លួន​ដើម្បី​កំណត់​នូវ​អត្តសញ្ញាណ​និង​ផែនការ​ដើម្បី​ធ្វើការ​ អភិវឌ្ឍន៍​ប្រព័ន្ធ​ធារា​សាស្ត្រ​ខ្នាត​តូច​ឱ្យ​បាន​សម​ស្រប​តាម​តម្រូវការ។


៣,ការ​អនុវត្ត​កម្ម​វិធី​នៅ​ថ្នាក់​សហគមន៍៖
នាយកដ្ឋាន​ផ្គត់ផ្គង់​ទឹក​ជនបទ​និង​ធ្វើ​សម្របសម្រួល និង​ចលនា​គណៈកម្មាធិការ​កសិករ​អ្នក​ប្រើប្រាស់ ទឹក​តាម​ប្រព័ន្ធ ធារាសាស្ត្រ​និមួយៗ​ក្រោម​ការ​ត្រួត​ពិនិត្យ​ពី​គណៈកម្មាធិការ​អភិវឌ្ឍន៍​ភូមិ​តាម​រយៈ​ការ​គ្រប់គ្រង​ផ្នែក​កិច្ចការ​រដ្ឋបាល​របស់​ក្រុម​ប្រឹក្សា​ឃុំ។


អ្នករាយការណ៍
វេជ្ជបណ្ឌិត ម៉ៅ សារ៉ាយ ប្រធាន​នាយកដ្ឋាន​ផ្គត់ផ្គង់ទឹកជនបទ

You are here Rural Water Supply ជំនួយ​ស្មារតី​ស្ដីពី​ការងារ​ផ្គត់ផ្គង់​ទឹក​ជនបទ នៅព្រះរាជណាចក្រកម្ពុជា