I.ប្រវត្តិ
ក្នុងឱកាសពិធីបិទវេទិកាជាតិស្ដីពី “សន្តិសុខស្បៀងនិងអាហារូបត្ថម្ភ” ក្រោមប្រធានបទ “ប្រព័ន្ធបណ្ដាញសុវត្ថិភាពសង្គមនៅកម្ពុជា” កាលពីថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានរំលឹកអំពីតំបន់តាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើងថា “ទឹកប្រាក់ប្រមាណ ៦០០ លានដុល្លារវិនិយោគលើប្រព័ន្ធផ្លូវ ” ។សម្តេច បន្តថា “យើងត្រូវធ្វើតាមទស្សនាទានប្រែក្លាយអតីតតំបន់ប្រយុទ្ធឲ្យក្លាយទៅជាតំបន់មានការអភិវឌ្ឍ យករចនាសម្ព័ន្ធដែលមានស្រាប់ រៀបចំប្រជាពលរដ្ឋឲ្យទៅជាភូមិ ករ នៅតំបន់នោះ និងកសាងភូមិធម្មជាតិមួយនៅស្រអែម សម្រាប់ប្រជាពលរដ្ឋដែលឆេះផ្ទះពីការប្រយុទ្ធ ហើយយកតំបន់នោះ ដើម្បីអភិរក្សប្រាសាទព្រះវិហារ ” ។ សម្ដេច បានផ្ដល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ឲ្យប្រែក្លាយតំបន់នោះ ឲ្យទៅជាតំបន់សេដ្ឋកិច្ច ដោយប្រើប្រាស់ “យន្តការជាប្រព័ន្ធ ” ។
នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៩ រាជរដ្ឋាភិបាលបានចេញសេចក្ដីសម្រេចលេខ ៤៨ សសរ ដើម្បីបង្កើតគណៈកម្មការអន្តរក្រសួងមួយ ដើម្បីសម្របសម្រួល រៀបចំ និង សម្របសម្រួលការអនុវត្តគម្រោងអភិវឌ្ឍ ការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើងនៃព្រះរាជាណាចក្រកម្ពុជា ។ គណៈកម្មការអន្តរក្រសួងមានតួនាទីធ្វើជាសេនាធិការជូនរាជរដ្ឋាភិបាលក្នុងការរៀបចំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ ផែនការ និងគម្រោងអភិវឌ្ឍការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើង ក្នុងលក្ខណៈជាប្រព័ន្ធ និងជាខ្សែសង្វាក់ប្រទាក់ក្រឡាគ្នា។
II.គោលបំណងនៃកម្មវិធីអភិវឌ្ឍន៍ភូមិ
ការបង្កើត និងអភិវឌ្ឍភូមិថ្មី ជាមួយនឹងការរៀបចំឲ្យមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាមូលដ្ឋានសំខាន់ៗ ដោយមានការរៀបចំលំនៅឋានសម្រាប់គ្រួសារយោធិនយ៉ាងតិច ១៥០ គ្រួសារ ប្រមូលផ្ដុំគ្នានៅទីតាំងមួយសមស្រប ធានាបាននូវសន្តិសុខស្បៀង ពិសេសការបង្កើនកម្រិតជីវភាពរស់នៅរបស់គ្រួសារយោធិន ប្រកបដោយចិរភាព និងការលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស សម្រាប់សហគមន៍ពួកគេប្រកបដោយនិរន្តរភាព ដើម្បីប្រែក្លាយអតីតតំបន់ប្រយុទ្ធឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងសហប្រតិបត្តិការ ។
III. ប្រតិទិននៃកម្មវិធីអភិវឌ្ឍន៍ភូមិ
រៀបចំបង្កើតលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសទាំង ០៣ ចំណុះលេខាធិការដ្ឋាន
រៀបចំគោលការណ៍ស្ដីពីកម្មវិធីរៀបចំបង្កើត និងអភិវឌ្ឍភូមិថ្មីសម្រាប់គ្រួសារយោធិននៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើង នៃព្រះរាជាណាចក្រកម្ពុជា
ក្រុមការងារបច្ចេកទេសនីមួយៗ ចុះសិក្សា កំណត់និយាមការទីតាំងដែលត្រូវបង្កើត និងអភិវឌ្ឍភូមិ
រៀបចំសំណើជូនរាជរដ្ឋាភិបាលដើម្បីធ្វើអនុបយោគទីតាំងបង្កើតភូមិ
លេខាធិការដ្ឋានរៀបចំសេចក្ដីព្រាងផែនការសកម្មភាពរបស់គណៈកម្មការអន្តរក្រសួង
សមាជិកគណៈកម្មការអន្តរក្រសួងដែលតំណាងឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំផែនការសកម្មភាពរបស់ក្រសួង-ស្ថាប័នដែលខ្លួនតំណាង និងសុំការអនុម័តយល់ព្រមជាផ្លូវការពីប្រធានស្ថាប័ន
ធ្វើសមាហរណកម្មផែនការសកម្មភាពតាមបណ្ដាក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលទៅក្នុងសេចក្ដីព្រាងផែនការដែលរៀបចំឡើងដោយក្រុមការងារបច្ចេកទេស របស់លេខាធិការដ្ឋាន និងអនុម័ត
គោរពស្នើសុំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី លើផែនការសកម្មភាព របស់គណៈកម្មការអន្តរក្រសួង
ចាប់ផ្ដើមអនុវត្តផែនការអភិវឌ្ឍ ការតាំងទីលំនៅតាមបណ្ដោយព្រំដែនទិស ខាងលិច និងខាងជើង ជាផ្លូវការ
IV.លទ្ធផលការងារសម្រេចបានកន្លងមក
គិតមកដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០០៩ នេះ គណៈកម្មការអន្តរក្រសួងត្រូវបានបង្កើតឡើងបានរយៈពេល ០៥ ខែគត់ ។ គណៈកម្មការអន្តរក្រសួងបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ជាលទ្ធផល គណៈកម្មការអន្តរក្រសួងសម្រេចអនុវត្តការងារបានដូចខាងក្រោម៖
A.លទ្ធផលសម្រេចបាន
1.កិច្ចប្រជុំគណៈកម្មការអន្តរក្រសួង
គណៈកម្មការអន្តរក្រសួងបានធ្វើការប្រជុំចំនួន ២ លើក លើកទី ១ នៅថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០០៩ និងលើក ទី ២ នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០៩ ។
នៅកិច្ចប្រជុំលើកទី ១ គណៈកម្មការអន្តរក្រសួងបានសម្រេចឯកភាពគ្នាគោរពស្នើសុំការឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ដូចខាងក្រោម៖
1)ទទួលយកសេចក្ដីព្រាងគោលការណ៍ ស្ដីពីកម្មវិធីរៀបចំបង្កើត និងអភិវឌ្ឍភូមិថ្មីសម្រាប់គ្រួសារយោធិន និងនគរបាល នៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើង នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងដោយមន្ត្រីជំនាញក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការកែតម្រូវលើចំណុចមួយចំនួន ។
2)ឯកភាពលើខ្លឹមសារសេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខា ការដ្ឋានរបស់គណៈកម្មការអន្តរក្រសួងដើម្បីសម្របសម្រួល រៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ នៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើង ដើម្បីដាក់ជូនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះហត្ថលេខាតាមស្មារតីនៃសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ៤៨ សសរ ចុះថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០០៩។
3)កំណត់យកទីតាំងអាទិភាពចំនួន ៥ កន្លែងនៅក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ខេត្តព្រះវិហារ សម្រាប់ចាប់ផ្តើមរៀបចំ និងអភិវឌ្ឍភូមិ ក្នុងនោះមានភូមិតេជោបុស្សស្បូវ ភូមិសែនជ័យ ភូមិតេជោមរកត ភូមិសែនតេជៈ និងភូមិសែនរុងរឿង ដែលមានគ្រួសារយោធិនជាក់ស្ដែងសរុប ១០០៩ គ្រួសារ។
4)ផ្ដល់ស័ង្កសី ៣០ សន្លឹកក្នុង ០១ គ្រួសារ ដើម្បីធ្វើជម្រកបណ្ដោះអាសន្ន និងសាងសង់ផ្ទះជាជំហានៗ តាមលទ្ធភាពថវិកាជាតិ ជូនគ្រួសារយោធិនទាំង ១០០៩ គ្រួសារ ។
5)ទទួលយកប្លង់ផ្ទះគំរូ ដែលស្នើឡើងដោយក្រសួងអភិវឌ្ឍន៍ជនបទ សម្រាប់ប្រើប្រាស់ជាផ្លូវការ ។ ផ្ទះមានរចនាបទខ្មែរ ទំហំ ៦,៥០ ម៉ែត្រ គុណនឹង ៧,២៥ ម៉ែត្រ សង់អំពីឈើ មានដំបូលប្រក់ក្បឿងក្បាច់ ប្រើប្រាស់ថវិកា ៣៧០០ ដុល្លារ សម្រាប់ផ្ទះ ១ ខ្នង ។
6)រៀបចំលិខិតថ្លែងអំណរគុណរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់សប្បុរសជន ដែលបានផ្ដល់ថវិកាផ្ទាល់ខ្លួនសម្រាប់ជួយសាងសង់ផ្ទះ ជូនគ្រួសារយោធិន និងនគរបាល នៅក្នុងភូមិគោលដៅ ។
គណៈកម្មការអន្តរក្រសួងបានទទួលចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០០៩ ហើយ សម្តេច បានចេញបញ្ជាឲ្យត្រៀមដីសម្រាប់សាងសង់ផ្ទះបន្ថែមជូនគ្រួសារកងទ័ព នៅពេលចំនួនកើនឡើង និងត្រៀមដីសម្រាប់សាងសង់សាលារៀន និងមណ្ឌលសុខភាព ។ សម្តេច បន្ថែមថា ត្រូវខិតខំកសាងសាលារៀនមុនដើម្បីឲ្យក្មេងៗបានរៀន សូត្រ និងឲ្យយកចិត្តទុកដាក់បំផ្លាញចោលមីន និងគ្រាប់មិនទាន់ផ្ទុះនៅតំបន់កសាងលំនៅឋាន និងតំបន់ត្រូវបង្កបង្កើនផល ។
កិច្ចប្រជុំលើកទី ២ គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពគ្នាគោរពស្នើសុំការឯកភាពដ៏ខ្ពង់ខ្ពស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដូចខាងក្រោម៖
1)អនុម័តជាផ្លូវការគោលការណ៍ ស្តីពីកម្មវិធីរៀបចំបង្កើត និងអភិវឌ្ឍភូមិថ្មីសម្រាប់គ្រួសារយោធិន និងនគរបាល នៅតាមបណ្ដោយព្រំដែនទិសខាងលិច និងខាងជើង នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីបានកែសម្រួលតាមយោបល់របស់ក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលព្រៃឈើ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ។
2)កំណត់យកនិយាមការរបស់ទីតាំងសម្រាប់បង្កើត និងអភិវឌ្ឍភូមិទាំង ០៥ ដើម្បីរៀបចំធ្វើអនុបយោគដីសាធារណៈរបស់រដ្ឋ និងបញ្ចូលក្នុងកម្មវិធីសម្បទានដីសង្គមកិច្ចជូនគ្រួសារយោធិន និង នគរបាលជាតិ។
3)ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង សហការជាមួយក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់ និងក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដើម្បីរៀបចំបែបបទធ្វើអនុបយោគ និងរៀបចំឯកសារអនុវត្តនីតិវិធីសម្បទានដីសង្គមកិច្ច។
4)ប្រគល់ភារកិច្ចជូនមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដើម្បីរៀបចំផែនការ និងយន្តការបង្កើតក្រុមអ្នកដោះមីនសហគមន៍ តាមរយៈកម្មវិធីដោះមីនសហគមន៍មូលដ្ឋាន ដោយមានបញ្ជូនមកហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺននៅខេត្តកំពង់ឆ្នាំង ។
5)ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលសិក្សា និងរៀបចំផែនការប្រើប្រាស់ដីធ្លី ដោយមានកំណត់អំពីទីតាំងអាទិភាពសម្រាប់អគារសាធារណៈសំខាន់ៗ ពិសេសសាលារៀន មណ្ឌលសុខភាព ផ្សារ ទីស្នាក់ការភូមិ ។ល។
6)ប្រគល់ភារកិច្ចជូនលេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួង រៀបចំ និងផលិតសម្ភារៈសម្រាប់សាងសង់ផ្ទះចំនួន ១០០៩ ខ្នង ជាស្រេច (មានឈើ ជើងតាង ក្បឿង) ដើម្បីត្រៀមលើកផ្ទះឲ្យបានឆាប់។
គណៈកម្មការអន្តរក្រសួងបានទទួលចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០០៩ ។
2.ការងារផ្គត់ផ្គង់ស័ង្កសី
លេខាធិការដ្ឋានគណៈកម្មការអន្តរក្រសួងបានបញ្ជាទិញស័ង្កសីចំនួនពីរលើក លើកទី ១ ចំនួន ៥ ៦១០ សន្លឹក និងលើកទី ២ ចំនួន ២៧ ៨០០ សន្លឹក ។ ស័ង្កសីទាំងអស់ត្រូវបានដឹកដល់ភូមិគោលដៅ ដើម្បីត្រៀមចែកជូនគ្រួសារយោធិន និងនគរបាល សរុបចំនួន ១០០៩ គ្រួសារ ដោយមួយគ្រួសារទទួល បាន ៣០ សន្លឹក ។ ស័ង្កសីទាំងនេះចែកជូនសម្រាប់ប្រើប្រាស់ប្រក់ជម្រកបណ្ដោះអាសន្ននៅពេលក្រុមការងារគណៈកម្មការអន្តរក្រសួងកំពុងសាងសង់ផ្ទះ ។ ក្រុមការងារគណៈកម្មការអន្តរក្រសួងសំណូមដល់បងប្អូនយោធិន និងនគរបាលដែលទទួលអំណោយ ឲ្យសាងសង់ជម្រកបណ្ដោះអាសន្នទាំងនោះ នៅលើក្បាលដីផ្នែកខាងមុខជាប់ផ្លូវថ្នល់ ដោយទុកលំហខាងក្រោយសម្រាប់សាងសង់ផ្ទះឈើ ។ ក្រោយពេលសាងសង់ផ្ទះហើយ បងប្អូនអាចប្រើប្រាស់ស័ង្កសីទាំងនោះសម្រាប់ធ្វើរោងដាក់សម្ភារៈ តូបលក់ទំនិញ ឬទ្រុងចិញ្ចឹមសត្វជាដើម ។
3.ការងារបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ
មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ជាអង្គភាពមួយដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងសកម្មភាព អភិវឌ្ឍន៍របស់គណៈកម្មការអន្តរក្រសួង ។ CMAC មិនត្រឹមតែជាប្រតិបត្តិការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះប៉ុណ្ណោះទេ តែថែមទាំងជាអង្គភាពបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនអ្នកដោះមីនសហគមន៍ទៀតផង ។ គណៈកម្មការអន្តរក្រសួងបានសម្រេចប្រគល់ភារកិច្ចជូន CMAC ដើម្បីធ្វើការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងភូមិសាស្ត្រភូមិគោលដៅទាំង ៥ និងរៀបចំជាក្រុមអ្នកដោះមីនសហគមន៍ ដើម្បីទទួលការងារបន្តពីអ្នកដោះមីនរបស់ CMAC ក្នុងទស្សនវិស័យធានានិរន្តរភាពនៃការងារដ៏មានសារៈសំខាន់នេះ ។ ចាប់តាំងពីសប្ដាហ៍ទី ៤ នៃខែកញ្ញា ឆ្នាំ ២០០៩ មក CMAC បានដាក់ពង្រាយកម្លាំងចូលតំបន់អភិវឌ្ឍន៍ជាបណ្ដើរៗ រហូតដាក់ពង្រាយកម្លាំងបានចំនួន ០៨ ភូមិគោលដៅ ហើយបាន និងកំពុងប្រតិបត្តិការបោសសំអាតយ៉ាងសស្រាក់សស្រាំ ដែលជាលទ្ធផលគិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៩ នេះសម្រេចបានផ្ទៃដី ១ ៤២៨ ៧១២ ម២ ស្មើនឹង ២,១% នៃផ្ទៃដីសរុប ៦៧ ៧៤៥ ០០០ ម២ ។
ចំពោះការងារហ្វឹកហ្វឺនអ្នកដោះមីនសហគមន៍ CMAC បានធ្វើការជ្រើសរើសសមាជិកគ្រួសារយោធិន នៅភូមិសែនរុងរឿង (អូរជុញ) និងកម្លាំងក្នុងកងពលធំលេខ ៣ បានសរុបចំនួន ៧០ នាក់ និងបញ្ជូនមកដល់សាលាហ្វឹកហ្វឺនស្ថិតនៅខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការបណ្ដុះបណ្ដាល ពីថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០០៩ ដល់ថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០០៩ ។
2.ការងារសាងសង់ផ្ទះគំរូ
គណៈកម្មការអន្តរក្រសួងមានផែនការសាងសង់ផ្ទះគំរូចំនួន ១០០៩ ខ្នង ក្នុងជំហានទី ១ ជូនគ្រួសារយោធិន និងនគរបាល ។ ដើម្បីសម្រេចការងារនេះ ការដ្ឋានដ៏ធំនេះត្រូវការឈើសំណង់សរុបប្រមាណជាង ១៦ ០០០ ម៉ែត្រត្រីគុណ។ មកទល់បច្ចុប្បន្ន លេខាធិការដ្ឋានបានបញ្ជាទិញឈើ និងដឹកដល់ទីតាំងសាងសង់បានសរុបចំនួន ២ ៦៤២ ម៉ែត្រត្រីគុណ និងបានចាក់ជើងតាងសសរផ្ទះបាន ៧ ៥៣៤ ស្មើនឹង ៨៣% នៃផែនការសរុបចំនួន ៩ ០៨១ ជើងតាង។ គួរបញ្ជាក់ថា ភ្លៀងធ្លាក់ខ្លាំងនាចុងរដូវវស្សាកន្លងមក បានរំខានដល់ការប្រមូលទិញឈើឲ្យទាន់តាមប្រតិទិនសាងសង់ ។
3.ការងារសាងសង់សាលារៀន និងមណ្ឌលសុខភាព
កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០០៩ ប្រតិភូអន្តរក្រសួងមួយដែលមានការចូលរួមពីឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យផ្ទាល់ក្នុងភូមិសាស្ត្រភូមិអភិវឌ្ឍន៍ទាំង ០៩ ហើយសម្រេចកំណត់ទីតាំងសម្រាប់រៀបចំសាងសង់សាលាបឋមសិក្សាចំនួន ០៩ កន្លែង ដីត្រៀមបម្រុងសាងសង់អនុវិទ្យាល័យចំនួន ០១ កន្លែង ដីត្រៀមបម្រុងសម្រាប់សាងសង់មណ្ឌលសុខភាពចំនួន ០២ កន្លែង ។
4.ការចូលរួមពីឯកជន និងសប្បុរសជន
គិតមកទល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០០៩ នេះគណៈកម្មការអន្តរក្រសួងបានទទួលការសន្យានូវអំណោយជាថវិកាសរុប ១ ១៨៥ ៨៥០ ដុល្លារសហរដ្ឋអាមេរិក ពីសប្បុរសជនសរុបចំនួន ៨៦ រូប/អង្គ សម្រាប់ជួយសាងសង់ផ្ទះគំរូជូនគ្រួសារយោធិន និងនគរបាល ក្នុងនាម សម្តេចតេជោនាយករដ្ឋមន្រ្តី និង លោកជំទាវ ។
A.បញ្ហាប្រឈម
បញ្ហាប្រឈមដែលគណៈកម្មការអន្តរក្រសួង និងក្រុមការងារនៃលេខាធិការដ្ឋានគណៈកម្មការបានជួបប្រទះ មានដូចខាងក្រោម៖
មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅមានច្រើនក្នុងតំបន់ដែលត្រូវអភិវឌ្ឍ ដែលជាតំបន់ភ្នំ និងព្រៃឈើ មានការលំបាកដល់ប្រតិបត្តិការបោសសំអាត
កម្មវិធីអភិវឌ្ឍន៍បានចាប់ផ្ដើមចំរដូវវស្សា ដែលមានភ្លៀងធ្លាក់ជោគជាំ បង្កឲ្យមានការលំបាកដល់ក្រុមការងារ ដែលត្រូវចុះស្រាវជ្រាវ ប្រមូលទិន្នន័យ ដើម្បីកំណត់និយាមកា និងទីតាំងភូមិ និងរំខានដល់ប្រតិបត្តិការប្រមូលទិញឈើ ដើម្បីសាងសង់ផ្ទះឲ្យបានទាន់តាមផែនការ
ថវិកាសម្រាប់អនុវត្តកម្មវិធីនៅមានកម្រិត
III.ទិសដៅបន្ត
ជាទិសដៅបន្ត គណៈកម្មការអន្តរក្រសួងនឹង៖
ជំរុញការអនុម័តអនុក្រឹត្យស្ដីពីអនុបយោគដីសាធារណៈរបស់រដ្ឋ ដើម្បីគណៈកម្មការអន្តរក្រសួងមានលទ្ធភាពចាប់ផ្ដើមរៀបចំផែនការសម្បទានដីសង្គមកិច្ច តាមគោលការណ៍ជាធរមានរបស់រាជរដ្ឋាភិបាល
ជំរុញការសាងសង់ផ្ទះគំរូទាំង ១០០៩ ខ្នង ក្នុងជំហានទី ១ ឲ្យហើយមុនឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
បន្តផ្សព្វផ្សាយ ជំរុញ និងអំពាវនាវរកសប្បុរសជន ដើម្បីជួយឧបត្ថម្ភជាថវិកាសម្រាប់សាងសង់ផ្ទះសម្រាប់គ្រួសារយោធិន និងនគរបាលជាតិ ក្នុងនាម សម្ដេចតេជោនាយករដ្ឋមន្រ្តី និង លោកជំទាវ
ជំរុញ និងគាំទ្រមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ក្នុងបេសកកម្មបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងបរិមាត្រនៃទីតាំងសម្រាប់បង្កើតភូមិថ្មីទាំង ០៩
ស្រាវជ្រាវ និងសិក្សាស្វែងរកដៃគូឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីវិនិយោគ និងជួយក្នុងវិស័យអនាម័យ និងទឹកស្អាត ដូចជាសាងសង់បង្គន់អនាម័យ និងពាង ឬអាងត្រងទឹកភ្លៀងក្នុងតម្លៃសមរម្យ
IV.សេចក្ដីសន្និដ្ឋាន
ដើម្បីសម្រេចជោគជ័យក្នុងការងារអភិវឌ្ឍន៍តាមបណ្ដោយព្រំដែន តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សំដៅការពារបូរណភាពទឹកដី និងប្រែក្លាយតំបន់ដែលធ្លាប់រងគ្រោះធ្ងន់ធ្ងរដោយសារសង្គ្រាម ឲ្យទៅជាតំបន់មានការអភិវឌ្ឍ គណៈកម្មការអន្តរក្រសួងបានកំណត់ថា ការងារអភិវឌ្ឍន៍ជាកិច្ចការអន្តរវិស័យ ដែលទាមទារឲ្យមានកិច្ចប្រតិបត្តិការល្អប្រសើរ ពីគ្រប់ភាគីពាក់ព័ន្ធ និងពីផ្នែកឯកជន។
កន្លងមក គណៈកម្មការអន្តរក្រសួងបានខិតខំអនុវត្តភារកិច្ចរបស់ខ្លួនបានក្នុងកម្រិតល្អប្រសើរ និងទាន់សភាពការណ៍ ។ ទាំងពលទាហាន ទាំងកងនគរបាល និងប្រជាពលរដ្ឋ បានសំដែងនូវការអបអរសាទរចំពោះកម្មវិធីអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ ដ៏មានសារៈសំខាន់មួយនេះ និងបានសម្ដែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដួចផ្ដើមគំនិតប្រកបដោយគតិបណ្ឌិត និងការទទួលខុសត្រូវខ្ពស់បំផុត ដើម្បីបង្កើតកម្មវិធីនេះឡើង ។ កម្មវិធីនេះមិនត្រឹមតែបានទទួលការអបអរសាទរពីប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ប៉ុណ្ណោះទេ តែក៏បានទទួលនូវការជួយឧបត្ថម្ភគាំទ្រទាំងស្មារតី និងថវិកាពីសំណាក់វិស័យឯកជន និងសប្បុរសជនជិតឆ្ងាយជាបន្តបន្ទាប់ ។
ធ្វើនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១០
ខុទ្ទកាល័យក្រសួងអភិវឌ្ឍន៍ជនបទ
ឧបសម្ព័ន្ធនិយាមកាទីតាំងសម្រាប់បង្កើត និងអភិវឌ្ឍភូមិទាំង៥
1.ភូមិតេជោមរកត មានផ្ទៃដីទំហំ ៥២,៥ ហិកតា ដែលមាននិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ៦ ចំណុចដូចខាងក្រោម៖
| លរ | X | Y | ទីតាំង |
| 1 | 522195 | 1584270 | A |
| 2 | 522327 | 1584270 | B |
| 3 | 522299 | 1583647 | C |
| 4 | 521848 | 1583647 | D |
| 5 | 521383 | 1583648 | E |
| 6 | 521550 | 1584266 | F |
2.ភូមិសែនតេជៈ មានផ្ទៃដីទំហំ ៥៨២ ហិកតា ដែលនិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ៦ ចំណុចដូចខាងក្រោម៖
| លរ | X | Y | ទីតាំង |
| 1 | 520470 | 1575249 | C |
| 2 | 522460 | 1575263 | E |
| 3 | 522279 | 1572320 | F |
| 4 | 520296 | 1572327 | B |
| 5 | 521292 | 1572324 | A |
| 6 | 521451 | 1575256 | D |
3.ភូមិសែនរុងរឿង មានផ្ទៃដីទំហំ ៨៣២៧ ហិកតា ដែលនិយាមការនៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ១៦ ចំណុចដូចខាងក្រោម៖
| លរ | X | Y | ទីតាំង |
| 1 | 503574 | 1565907 | A |
| 2 | 503750 | 1566887 | B |
| 3 | 510144 | 1565561 | C |
| 4 | 519829 | 1571451 | D |
| 5 | 520324 | 1570756 | E |
| 6 | 520790 | 1570100 | F |
| 7 | 511010 | 1563751 | G |
| 8 | 516074 | 1559712 | H |
| 9 | 525378 | 1560621 | I |
| 10 | 523733 | 1563934 | J |
| 11 | 524588 | 1564462 | K |
| 12 | 525283 | 1564909 | L |
| 13 | 528579 | 1558912 | M |
| 14 | 515341 | 1557772 | N |
| 15 | 507159 | 1584121 | O |
| 16 | 503396 | 1564922 | P |
4.ភូមិតេជោបុស្សស្បូវ មានផ្ទៃដីទំហំ ៦៦៨ ហិកតា ដែលនិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ១៨ ចំណុចដូចខាងក្រោម៖
| លរ | X | Y | ទីតាំង |
| 1 | 479369 | 1595086 | A |
| 2 | 479575 | 1594707 | B |
| 3 | 479417 | 1594583 | C |
| 4 | 479305 | 1594788 | D |
| 5 | 478604 | 1594145 | E |
| 6 | 478263 | 1594398 | F |
| 7 | 479255 | 1595307 | G |
| 8 | 478378 | 1594015 | H |
| 9 | 480328 | 1594013 | I |
| 10 | 480329 | 1591041 | J |
| 11 | 478786 | 1591039 | K |
| 12 | 478785 | 1592350 | L |
| 13 | 477799 | 1592350 | M |
| 14 | 477794 | 1593389 | N |
| 15 | 478035 | 1593389 | O |
| 16 | 478043 | 1593572 | P |
| 17 | 477842 | 1593589 | Q |
| 18 | 478106 | 1594016 | R |
5.ភូមិសែនជ័យ (ក្បែរទីតាំងបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ ៧) មានផ្ទៃដីទំហំ ៤៦៩០ ហិកតា ដែលនិយាមកានៃប្រព័ន្ធកូអ័រដោណេ UTM, Zone 48 N Datum Indian 1960 មានចំនួន ៦ ចំណុចដូចខាងក្រោម៖
| លរ | X | Y | ទីតាំង |
| 1 | 478113 | 1579314 | A |
| 2 | 477920 | 1588627 | B |
| 3 | 480113 | 1579314 | C |
| 4 | 475113 | 1579314 | D |
| 5 | 479920 | 1588627 | E |
| 6 | 474920 | 1588627 | F |








