
សារ
របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាក្នុងឧិកាសបើកបវេសនកាលឆ្នាំសិក្សា ២០០៩-២០១០
ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៩
-
សូមក្រាបថ្វាយបង្គំព្រះថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
-
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
-
លោកគ្រូ អ្នកគ្រូ ក្នួយៗសិស្សានុសិស្ស និងបងប្អូនជនរួមជាតិទាំងអស់ជាទីស្នេហា!
ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៩ នេះ គឺជាថ្ងៃដ៏មានអត្ថន័យជ្រាលជ្រៅសម្រាប់វិស័យអប់រំនៃព្រះរាជាណាចក្រកម្ពុជាយើង ពីព្រោះជាថ្ងៃបើកទំព័របវេសនកាលឆ្នាំសិក្សាថ្មី សម្រាប់កុលបុត្រកុលធីតាជាទីស្នេហានៃយើងទាំងអស់គ្នា ជាពិសេសជាថ្ងៃដំបូងនៃជីវិតរៀនសូត្ររបស់កុមារដែលទើបដល់អាយុចូលសាលារៀន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្ញុំព្រះករុណាខ្ញុំផ្ទាល់ សូមចូលរួមរីករាយជាមួយបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ព្រមទាំងក្មួយៗសិស្សានុសិស្សទាំងអស់នៅគ្រប់ភូមិសិក្សា ទាំងសិស្សថ្មី ទាំងសិស្សចាស់ដែលកំពុងអបអរសាទរនឹង ទិវាបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០០៩-២០១០ នៅ ទូទាំងប្រទេស ។ ពិតណាស់ថា ស្នាដៃ និងបទពិសោធន៍ល្អៗកន្លងមក បានបន្សល់ទុកជាច្រើនសម្រាប់ជាមេរៀនឲ្យយើងបន្តអនុវត្តភារកិច្ចឆ្នាំសិក្សាថ្មីឲ្យបានល្អ សំដៅបំពេញបន្ថែមនូវរាល់ចំណុចខ្វះចន្លោះកន្លងមក និងពុះពារដោះស្រាយនូវរាល់សំណូមពរនានា ដើម្បីលើកម្ពស់គុណភាព និងប្រសិទ្ធភាពអប់រំក្នុងដំណាក់កាលនៃកំណែទម្រង់វិស័យអប់រំបន្តទៀតឲ្យស្របតាមនិន្នាការអប់រំក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ។
ឆ្លៀតក្នុងឧិកាសនេះដែរ ខ្ញុំព្រះករុណាខ្ញុំសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណចំពោះបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ សិស្សានុសិស្ស មាតាបិតាអ្នកអាណាព្យាបាលសិស្ស គ្រួសារ សហគមន៍ អាជ្ញាធរដែនដី ដៃគូអភិវឌ្ឍន៍នានាដែលបានបូជាទាំងកម្លាំងកាយចិត្ត សម្ភារៈ និងជួយជ្រោមជ្រែងគ្រប់សកម្មភាពដោយខិតខំបំពេញការងារតាមតួនាទីភារកិច្ចរៀងៗខ្លួន ក្នុងការកសាង និងអភិវឌ្ឍវិស័យអប់រំនៅគ្រប់ភូមិសិក្សាប្រកបដោយជោគជ័យក្នុងឆ្នាំសិក្សាកន្លងមក ។ ជាក់ស្តែងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនសិស្ស និងនិស្សិតទៅចូលរួមប្រកួតថ្នាក់អន្តរជាតិនូវមុខវិជ្ជាគណិតវិទ្យា រូបវិទ្យាជាដើម ហើយទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធដែលជាមោទនភាពសម្រាប់កម្ពុជាយើង ។
ទន្ទឹមនឹងនេះ ថ្ងៃបើកបវេសនកាលឆ្នាំនេះ ប្រារព្ធឡើងចំពេលដែលប្រទេសជាតិយើងទទួលបានជោគជ័យថ្មីៗទៀតនោះ គឺការប្រារព្ធខួប ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារខ្មែរជាបេតិកភ័ណ្ឌពិភពលោកកាលពីខែកក្កដាកន្លងទៅ និងជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង ស្រុក-ខណ្ឌ ប្រកបដោយភាពរលូន និងត្រឹមត្រូវ ។ ម្យ៉ាងទៀត យើងក៏ទើបតែបានបញ្ចប់ពិធីបុណ្យភ្ជុំបិណ្ឌជាបុណ្យប្រពៃណីជាតិដែលប្រជាជនខ្មែរតែងតែប្រារព្ធជារៀងរាល់ឆ្នាំនៅតាមវត្តអារាម ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធជីដូនជីតាញាតិការទាំងប្រាំពីរសន្តានដែលបានទទួលមរណភាពទៅហើយនោះ ។
-
ព្រះថេរានុថេរៈគ្រប់ព្រះអង្គ
-
បងប្អូនជនរួមជាតិជាទីស្នេហា!
តាមរយៈសារលិខិតនេះ ខ្ញុំព្រះករុណាខ្ញុំសូមបញ្ជាក់ថា ការអប់រំនៅតែជាអាទិភាពមួយក្នុងចំណោមអាទិភាពទាំងឡាយ សម្រាប់អភិវឌ្ឍប្រទេសជាតិ ហើយការសិក្សារៀនសូត្រ គឺជាការងារមួយគ្មានទីបញ្ចប់ សម្រាប់ធានាការផលិតធនធានមនុស្សប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ស្របតាមទស្សនៈថា "ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយនូវរាល់បញ្ហាសង្គម-សេដ្ឋកិច្ច " ។ ពិតណាស់ បញ្ហាប្រឈមរបស់វិស័យអប់រំដែលត្រូវបន្តដោះស្រាយបន្ទាន់នោះ គឺគុណភាពអប់រំដោយធានាឲ្យមានតុល្យភាពរវាងការពង្រឹងគុណភាពអប់រំ និងការពង្រីកបរិមាណអប់រំ ។ ការពង្រីកផ្នែកបរិមាណអប់រំ គឺតម្រូវឲ្យមានការបង្កើតសាលារៀន គ្រូបង្រៀន (ជាពិសេសតំបន់ដាច់ស្រយាល) និងមូលដ្ឋានសម្ភារៈថែមទៀត ដើម្បីដោះស្រាយចំពោះកំណើនសិស្ស និស្សិតដែលកាន់តែកើនឡើងបន្តបន្ទាប់រាល់ឆ្នាំ ស្របពេលដែលតម្រូវការទីផ្សារពលកម្មកំពុងទាមទារធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពផងដែរ ។ ក្នុងស្មារតីនេះហើយ ដែលយើងត្រូវប្រើកម្លាំងសរុបរួមគ្នាដោះស្រាយ ដោយមិនត្រូវទុកឲ្យកូនចៅយើងណាម្នាក់ស្ថិតនៅក្រៅសេវាអប់រំ ឬជាមនុស្សដែលគ្មានជំនាញពិតប្រាកដនោះឡើយ ។
ជាក់ស្តែង ដើម្បីសម្រេចបាននូវផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នានៅឆ្នាំ ២០១៥ ព្រមទាំងផែនការយុទ្ធសាស្រ្តវិស័យអប់រំ និងការឆ្លើយតបទៅនឹងការអនុវត្តសិទ្ធិកុមារ ក្រសួងអប់រំ យុវជន និងកីឡាបាន និងកំពុងយកចិត្តទុកដាក់អនុវត្តស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា ៦៨ ដែលចែងច្បាស់ថា "ប្រជាពលរដ្ឋត្រូវបានទទួលការអប់រំយ៉ាងតិច ៩ ឆ្នាំ " និងច្បាប់ស្តីពីការអប់រំដែលមានគោលដៅកំណត់ពីវិធានការ និងល័ក្ខខ័ណ្ឌតម្រូវឲ្យថ្នាក់ជាតិកសាងប្រព័ន្ធអប់រំមួយពេញលេញ និងឯកភាពដែលធានាបាននូវគោលការណ៍សេរីភាពខាងសិក្សាធិការស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ។ ក្រសួងបានចលនាសហគមន៍ជាតិ អន្តរជាតិឲ្យចូលរួមជួយអភិវឌ្ឍវិស័យអប់រំ ជាពិសេសផ្នែកចំណេះទូទៅនៅកម្រិតអប់រំមូលដ្ឋាន ។ តាមរយៈនេះ យើងសង្កេតឃើញថា ក្នុងប៉ុន្មានឆ្នាំចុងក្រោយកន្លងទៅនេះ កុមារដល់វ័យ និងក្នុងវ័យសិក្សាបានមកចុះឈ្មោះចូលរៀនស្របតាមផែនការនៃកម្មវិធីគាំទ្រវិស័យអប់រំ ជាពិសេសក្នុងឆ្នាំសិក្សា ២០០៨-២០០៩ អត្រាពិតចូលរៀនថ្មីបាន ៩១,៩% លើសឆ្នាំសិក្សា ២០០៧-២០០៨ ប្រមាណ ២,៤% ។
ដោយឡែក ក្នុងឆ្នាំសិក្សាថ្មីនេះ រាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់ថែមទៀត ក្នុងការអនុវត្តសិទ្ធិកុមារឲ្យបានល្អដោយទាក់ទាញឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធ ពិសេសមាតាបិតាអ្នកអាណាព្យាបាលសិស្សក្នុងការបង្កើតបរិស្ថានរៀនសូត្ររបស់សិស្សប្រកបដោយផាសុខភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ។ ដើម្បីធានាបាននូវការចូលរៀនប្រកបដោយសមធម៌ យើងត្រូវផ្តោតទៅលើការស្វែងរក និងប្រមូលកុមារឲ្យបានគ្រប់ទីកន្លែង និងគ្រប់ស្ថានភាព ទាំងតំបន់ជួបការលំបាក តំបន់ដាច់ស្រយាល និងតំបន់ព្រំដែន ។
កន្លងមក ការងារអប់រំទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធពិតជាចលនាយ៉ាងខ្លាំងក្លាមួយនៅគ្រប់លំដាប់ថ្នាក់ក្នុងទូទាំងប្រទេស ។ ជាក់ស្តែងកិច្ចការនេះមិនត្រឹមតែបានបង្កលក្ខណៈ និងផ្តល់កាលានុវត្តភាពឲ្យកូនចៅយើងបានចូលរៀន និងរៀនប្រកបដោយគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្សារភា្ជប់ការសិក្សាទៅនឹងចលនាអក្ខរកម្មវិជ្ជាជីវៈ ស្របទៅតាមផែនការនៃការអប់រំសម្រាប់ទាំងអស់គ្នាទៀតផង ។ ឆ្លៀតក្នុងឧិកាសនេះ ខ្ញុំព្រះករុណាខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងពង្រីកឧិកាសដល់គ្រប់អ្នកពាក់ព័ន្ធ ជាពិសេសមន្រ្តីអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងការពង្រឹងគុណភាពប្រកបដោយមនសិការវិជ្ជាជីវៈ មានគំនិតច្នៃប្រឌិត គោរពវិន័យ និងសចក្តីថ្លៃថ្នូរប្រកបដោយមានការទទួលខុសត្រូវខ្ពស់ ។
ជាមួយគ្នានេះ ខ្ញុំព្រះករុណាខ្ញុំធ្លាប់បានបញ្ជាក់រួចមកហើយថា "មានការអប់រំល្អ ទើបមានធនធាមនុស្សល្អសម្រាប់អភិវឌ្ឍប្រទេសជាតិ " ។ ក្នុងន័យនេះ តម្រូវឲ្យគ្រប់គ្រឹះស្ថានសិក្សាទាំងវិស័យសាធារណៈ និងវិស័យឯកជនត្រូវធានាតម្លៃសញ្ញាបត្ររបស់ខ្លួនឲ្យមានពិតប្រាកដ និងត្រូវបានទទួលស្គាល់ជាសកលដែលអាចប្រើប្រាស់បាននៅលើទីផ្សារពលកម្មក្នុងប្រទេស និងក្នុងតំបន់ ។
ក្នុងស្មារតីនេះ ក្រសួងអប់រំ យុវជន និងកីឡាត្រូវនាំមុខគេក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ស្របទៅតាមគោលដៅនៃការអប់រំ គឺអប់រំឲ្យក្លាយជា "កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ " និងស្របទៅតាមចតុស្តម្ភអប់រំ គឺអប់រំឲ្យមាន "ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងឲ្យចេះរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនា " ។
-
ព្រះថេរានុថេរៈគ្រប់ព្រះអង្គ
-
បងប្អូនជនរួមជាតិជាទីស្នេហា!
ក្នុងឧិកាសនៃបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ ខ្ញុំព្រះករុណាខ្ញុំសូមរំលឹកឡើងវិញនូវ ទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលា ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗ ខាងមុខនេះ ពីព្រោះថា "គ្រូបង្រៀន គឺជា ឪពុក មា្តយទី ២ របស់សិស្ស " ហើយសិស្សទាំងអស់ គ្រប់វ័យ មិនថាគ្រហស្ថ ឬបុព្វជិត គប្បីប្រកាន់ខ្ជាប់នូវ កតញ្ញុតាធម៌ តាមរយៈការតបស្នងសងគុណដោយប្រការផ្សេងៗ ដែលជាប្រពៃណីល្អមានតាំងពីយូរណាស់ មកហើយ ។ ទិវាគ្រូបង្រៀន ដែលខ្ញុំព្រះករុណខ្ញុំបានផ្តួចផ្តើមបង្កើតឡើងតាំងពីឆ្នាំ ១៩៩៧ មានគោល បំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបក្ការៈដ៏ថ្លៃថ្លាចំពោះគ្រូបង្រៀននៅទូទាំងប្រទេស ដែលបាន និងកំពុងបំពេញការងារជាអ្នកអប់រំ និងជាសិល្បករផង ក្នុងការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ការការពារ កសាង និងការអភិវឌ្ឍមាតុភូមិលើគ្រប់វិស័យ ។ ខ្ញុំព្រះករុណាខ្ញុំសូមឧទ្ទិសឲ្យ ទិវាគ្រូបង្រៀន ថ្ងៃទី ៥ ខែតុលានេះ ក្លាយទៅជា ទិវាដឹងគុណគ្រូ ដែលស្ថិតនៅជាអមតៈក្នុងបេះដូងរបស់សិស្សគ្រប់វ័យ គ្រប់ជំនាន់ និងគ្រប់សម័យកាល ។
ឆ្លៀតក្នុងឧិកាសនេះដែរ ខ្ញុំព្រះករុណាខ្ញុំសូមផ្តាំទៅក្មួយសិស្សានុសិស្ស និងយុវជន យុវនារីទាំងអស់ថា បើស្រឡាញ់ខ្លួន និងស្រឡាញ់ឪពុកម្តាយ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវមានការទទួលខុសត្រូវចំពោះខ្លួនឯង ចំពោះមិត្តភក្តិ និងត្រូវចេះណែនាំគ្នាទៅវិញទៅមកអំពីគ្រោះថ្នាក់ នៃការប្រើគ្រឿងញៀន និងត្រូវបដិសេធន៍ចំពោះគ្រឿងញៀនគ្រប់ប្រភេទ ។ ទន្ទឹមនឹងនេះ ចូរក្មួយៗប្រតិបត្តិច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដោយត្រូវចេះយោគយល់ និងមានអធ្យាស្រ័យគ្នា ដើម្បីធានាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ ក៏ដូចជារក្សាបាននូវសេចក្តីថ្លៃថ្នូរដល់សង្គមជាតិ ។
ជាទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំសូមថ្លែងអំណរគុណព្រះគុណ អរគុណសាជាថ្មីម្តងទៀត ចំពោះព្រះតេជគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ចំពោះបងប្អូនជនរួមជាតិ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ ក្នួយៗសិស្សានុសិស្ស និស្សិតទាំងអស់នៅទូទាំងប្រទេស ព្រមទាំងអង្គការជាតិ អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា ដែលបានរួមចំណែកស្តារ កសាង និងអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាប្រកបដោយជោគជ័យក្នុងរយៈកាលកន្លងមក និងសូមបន្តការជួយឧបត្ថម្ភ និងកិច្ចសហការនេះតទៅមុខទៀត ដើម្បីបុព្វហេតុនៃការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងភាពស័ក្តិសិទ្ធិ ។
សូមឲ្យឆ្នាំសិក្សាថ្មី ២០០៩-២០១០ នេះនាំមកនូវសំណាងល្អ និងជ័យជំនះថ្មីដល់សិស្ស និស្សិតគ្រូបង្រៀនទាំងអស់គ្រប់ភូមិសិក្សានៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។
សូមអរព្រះគុណ និងសូមអរគុណ
រាជធានីភ្នំពេញ, ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០០៩
នាយករដ្ឋមន្រ្តី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន








