យោងលិខិតលេខ ៨១៤សជណ.ឧស ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០០៩ របស់ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០០៩ នៅវិទ្យាស្ថានជាតិអប់រំ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងក្រសួងអភិវឌ្ឍន៍ជនបទ បានសហការរៀបចំផ្សព្វផ្សាយ គោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍជនជាតិដើមភាគតិច គោលនយោបាយ
ស្ដីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីរបស់សហគមន៍ជនជាតិដើមភាគតិច អនុក្រឹត្យស្ដីពីនីតិវិធីនៃការចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច និងអនុក្រឹត្យស្តីពីការធ្វើ ផែនការ ប្រើប្រាស់ដីធ្លី នៅក្នុង ឃុំ សង្កាត់ ។
អញ្ជើញចូលរួមជាគណៈអធិបតីក្នុងឱកាសនោះ មានឯកឧត្ដម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ពិធីបើក) ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ (ពិធីបិទ) ឯកឧត្ដម សឹម សុន រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្ដម សេក សេដ្ឋា អនុរដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដីនគរូបនីកម្ម និងសំណង់ ឯកឧត្ដម មួង ប៉យ ប្រធានក្រុមប្រឹក្សាភិបាលខេត្តរតនគិរី និងឯកឧត្ដម ចាន់ យឿនអភិបាលខេត្តមណ្ឌលគិរី ។
អញ្ជើញចូលរួមក្នុងសិក្ខាសាលានោះដែរ មានឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ជាប្រធានក្រុម ប្រឹក្សារាជធានី ខេត្ត ជាអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ជាប្រធានក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ជាអភិបាល នៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ប្រធានក្រុមប្រឹក្សាឃុំ សង្កាត់ និងតំណាងជនជាតិដើមភាគតិច នៃខេត្តរតនគិរី និងមណ្ឌលគិរី សរុបប្រមាណជា ១៦៣ នាក់ ។
ក្នុងចំណាប់អារម្មណ៍បើកសិក្ខាសាលា ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកឡើងពីខ្លឹមសារសំខាន់ៗ និងគូសបញ្ជាក់ពី គោលនយោបាយរបស់ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ នៅក្នុងនោះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបងប្អូនជនជាតិដើមភាគតិច តាមរយៈការរៀចំនូវក្របខណ្ឌគោលនយោបាយ ក្របខណ្ឌគតិយុត្តដើម្បី អភិវឌ្ឍន៍ជនជាតិដើមភាគតិច មានជាអាទិ៍ ច្បាប់ភូមិបាលឆ្នាំ២០០១ និងឯកសារ បឋមនៃក្របខណ្ឌយុទ្ធសាស្ត្រ គោលនយោបាយដីធ្លី ដែលទទួលស្គាល់សិទ្ធិរបស់សហគមន៍ ជនជាតិដើមភាគតិចក្នុងការកាន់កាប់ និងប្រើប្រាស់ជាកម្មសិទ្ធិសមូហភាព និងឯកសារ ក្រោមច្បាប់ ថ្មីៗមួយចំនួន ទៀតដូចជាអនុក្រឹត្យ ស្តីពីនីតិវិធី នៃការចុះបញ្ជីដី សហគមន៍ជនជាតិដើម ភាគតិច និងអនុក្រឹត្យ ស្តីពីនីតិវិធីនៃ ការកសាងផែនការប្រើប្រាស់ដីក្នុងឃុំ សង្កាត់ ។ ជាឧទាហរណ៍ នៅលើពិភពលោកមិនទាន់មានប្រទេសច្រើនផ្តល់ជូនកម្មសិទ្ធិសហគមន៍ជនជាតិដើមភាគតិចទេ បើប្រៀបធៀបមកប្រទេសកម្ពុជា ឃើញថា ប្រទេសកម្ពុជាបានផ្តល់ កម្មសិទ្ធិជាអាទិភាព ជូនបងប្អូនជនជាតិដើម ភាគតិចបានល្អប្រសើរជាងគេ ។ នៅប្រទេសហ្វីលីពីន គេគ្រាន់តែចេញវិញ្ញាបនប័ត្រទទួលស្គាល់សិទ្ធិប្រើប្រាស់ដីធ្លីរបស់សហគមន៍ជនជាតិដើមភាគតិច មិនមែនជាប័ណ្ណកម្មសិទ្ធិទេ ប្រទេសថៃ គេទទួលស្គាល់កម្មសិទ្ធិឯកក្កតជន មិនផ្តល់កម្មសិទ្ធិសមូហភាពទេ នៅប្រទេសវៀតណាម ដី គឺជារបស់ប្រជាជនទាំងមូល និងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ រីឯនៅប្រទេសកាណាដា គេផ្តល់សិទ្ធិប្រើប្រាស់ និងអាស្រ័យផលតែប៉ុណ្ណោះ ជូនសហគមន៍ជនជាតិ ដើមភាគតិច ។
សិក្ខាសាលាបានស្តាប់បទបង្ហាញរបស់ ឯកឧត្ដម សឹម សុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច លើកឡើងពីចំនុចសំខាន់ៗក្នុងគោលនយោបាយ ពីគោលបំណង សាវតា គោលនយោបាយទូទៅ គោលនយោបាយតាមវិស័យ សេចក្តីសន្និដ្ឋាន និងការបង្ហាញពីទិដ្ឋភាពច្បាប់ជាក់ស្តែង ដូចជាៈ នៅខេត្តរតនគិរី មានផ្សាយវិទ្យុ និយាយ ភាសា ជនជាតិដើមភាគតិច មួយម៉ោង/ថ្ងៃ ព្រឹក និងល្ងាច មានការអប់រំពីរភាសា មានអន្តេវាសិកដ្ឋាន ពីរកន្លែង មានមជ្ឈមណ្ឌលវប្បធម៌បឹងយក្សលោម មានសិប្បកម្មតម្បាញ។ល ។
ក្នុងបទបង្ហាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សេក សេដ្ឋា អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារពង្រឹង និងផ្សព្វផ្សាយច្បាប់ បានបង្ហាញអំពីគោលនយោបាយ ស្តីពីការចុះបញ្ជីដី និងសិទ្ធិប្រើប្រាស់ដីរបស់សហគមន៍ ជនជាតិដើម ភាគតិច អនុក្រឹត្យស្តីពីនីតិវិធី នៃការចុះបញ្ជីដីសហគមន៍ជនជាតិដើម ភាគតិច និងអនុក្រឹត្យ ស្តីពីការធ្វើផែនការ ប្រើប្រាស់ដីនៅក្នុងឃុំ សង្កាត់ ។ ឯកឧត្តមបានលើកឡើងពីចក្ខុវិស័យ និងគោលបំណង នៃគោលនយោបាយ និងអនុក្រឹត្យ ដំណើរការ នៃការចុះបញ្ជីដី សហគមន៍ ជនជាតិដើមភាគតិចនិងដីធ្លីដែលមានលក្ខណៈសមស្របសម្រាប់ការចុះបញ្ជីដីសហគមន៍ ជនជាតិ ដើមភាគតិចជាកម្មសិទ្ធិសមូហភាព គោលការណ៍ សំខាន់ៗដែលមានចែងក្នុងលក្ខន្តិកៈ ដែលជា ឧបករណ៍គតិយុត្តជួយដល់សហគមន៍ក្នុងការអភិវឌ្ឍ និងការប្រើប្រាស់ដីធ្លី ធនធានធម្មជាតិ ឱ្យមានប្រសិទ្ធភាពទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ។ (១) ការចុះបញ្ជីដីធ្លីជូនសហគមន៍ជនជាតិដើមភាគតិចរួមចំណែកដល់ ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការគ្រប់គ្រងដីធ្លីប្រកបដោយនិរន្តរភាព ការបំបាត់សកម្មភាព ទន្ទ្រាន កាន់កាប់ព្រៃឈើ និងការបង្ខាំដីទុក ការថែរក្សាភាពសំបូរបែប នៃវប្បធម៌ (២) ដើម្បីចុះបញ្ជីដី សហគមន៍ត្រូវមាន លក្ខន្តិកៈសហគមន៍ដែលទទួលស្គាល់តាមផ្លូវច្បាប់ ជានីតិបុគ្គល/បទបញ្ជាផ្ទៃក្នុងសហគមន៍ពាក់ពន្ធ័នឹងការគ្រប់គ្រង និងការប្រើប្រាស់ដីធ្លី និងធនធាន ធម្មជាតិ /សេចក្តីសម្រេច តែងតាំង គណៈកម្មាធិការសហគមន៍ ដោយថ្នាក់ឃុំ/និងលិខិតពាក់ព័ន្ធ បើមាន (៣) ដីដែលសមស្របដើម្បីចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរបស់សហគមន៍ រួមមាន ដីឯកជនរបស់រដ្ឋ(ដែលមាន ដីដែលសហគមន៍បានរៀបចំនិវេសនដ្ឋាន និងដីដែល សហគមន៍ ប្រកបរបរកសិកម្មប្រពៃណី) និងដីសាធារណៈរបស់រដ្ឋ (ដែលមានដីបម្រុងចាំបាច់ក្នុងការដូរវេនដំណាំ ដីព្រៃអារក្ស ដីព្រៃកប់ខ្មោច)។
ក្នុងបទបង្ហាញរបស់តំណាងក្រសួងមហាផ្ទៃ លោក គីវ ហ៊ន អនុប្រធាននាយកដ្ឋានរដ្ឋបាលមូលដ្ឋាន នៃអគ្គនាយកដ្ឋាន រដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារនៃគម្រោង ចុះបញ្ជីសហគមន៍ជនជាតិដើមភាគតិច បានបង្ហាញពីគោលសំខាន់ៗដែលមានចែងក្នុង លក្ខន្តិកៈសហគមន៍ ជនជាតិដើមភាគតិច ដែលបង្ហាញពីរូបភាពវីដេអូនៃវប្បធម៌ របស់សហគមន៍ផ្សេងៗនៅខេត្តរតនគិរី និងមណ្ឌលគិរី នីតិវិធី និងវិធីសាស្ត្រសម្របសម្រួលទស្សនៈ រៀបចំបង្កើត លក្ខន្តិកៈសហគមន៍ តាមរយៈការធ្វើអត្តសញ្ញាណកម្មរបស់សហគមន៍៘
នៅក្នុងវេទិការសំនួរ-ចម្លើយ និងសំណូមពរ អង្គសិក្ខាសាលាបានពិភាក្សាយ៉ាងផុលផុស ជាពិសស មានសំនួរគួរឲ្យចាប់អារម្មណ៍ ពីលោក៖
-
លោក នង ដារិទ្ធ អភិបាលស្រុកអណ្តូងមាស ខេត្តរតនគិរី ដែលថា៖ ជនជាតិឡាវ បានរស់នៅតាមតំបន់ព្រៃភ្នំ ខ្ពង់រាប វាលទំនាបក្នុង ខេត្តរតនគិរី ជាយូរមកហើយ តាំងពីដូនតា ជីទួត ជីលួត ជីលា តើអាចចាត់ទុកជាជនជាតិដើម ភាគតិចដែរ ឬទេ ?ណអឿមួយចំនួនដែលធ្វើសកម្មភាពបំផុសឱ្យជនជាតិដើមភាគតិច បង្កើតសហគមន៍ព្រៃឈើ តើសកម្មភាព នេះស្របច្បាប់ដែរ ឬទេ ?តើ NGO មានសិទ្ធិនាំសហគមន៍ជនជាតិដើមភាគតិចទៅចុចអ័ក្សបោះបង្គោលកំណត់ព្រំដែន ដីដែរឬទេ ?
-
លោកមេឃុំ ចាអ៊ុង ខេត្តរតនគិរី៖ បើសមាជិកសហគមន៍ណាចាកចេញពីសហគមន៍តើយើងត្រូវចែកចំណែកកម្មសិទ្ធិដូចម្តេច ?
-
លោក កុល អ៊យ នៅស្រុកអូរជុំ រតនគិរី៖ មានក្រុមហ៊ុនមកឈូសឆាយដីអ្នកភូមិ នៅស្រុកវើនសៃ រតនគិរី ចំនួន ៣០០ហិកតា ឱ្យជួយដោះស្រាយ ។
ជាការឆ្លើយតប ឯកឧត្តម សឹម សុន និងឯកឧត្តម សេក សេដ្ឋា បានបកស្រាយថា៖
-
ជនជាតិឡាវបើមើលតាមសន្ទានុក្រមក្នុងគោលនយោបាយមាន តែ ២៤ ក្រុមជនជាតិដើម ភាគតិច ដូចនេះ ជនជាតិ ឡាវ មិនអាចចាត់ជាជនជាតិដើមភាគតិចបានទេ ។
-
ទង្វើដែល NGO មួយចំនួនបំផុសឱ្យជនជាតិដើមភាគតិចបង្កើតសហគមន៍ព្រៃឈើ មិនមានការ ខុសច្បាប់ អ្វីទេ ព្រោះ NGO ទាំងនោះក៏មានការចុះបញ្ជីនៅក្រសួងមហាផ្ទៃរួចដែរ ហើយការបង្កើតសហគមន៍មិនមែនអង្គការ បង្កើតបានដែរ ទាល់តែមានក្រដាសស្នាមត្រឹមត្រូវ ពីអាជ្ញាធរមានសមត្ថកិច្ចទើបអាចបង្កើតសហគមន៍នោះបាន។
-
ចំណែកឯ NGO នាំសហគមន៍ជនជាតិដើមភាគតិចទៅចុច បោះបង្គោល កំណត់ព្រំដីនោះមិនត្រឹមត្រូវទេ ការបោះបង្គោលកំនត់ព្រំប្រទល់ដីនោះ ទាល់តែមានការឯកភាព ព្រមព្រៀងពីអាជ្ញាធររដ្ឋបាល គឺមានអាជ្ញាធរដែនដី និងអាជ្ញាធរកាន់កាប់ដីរដ្ឋ ដែលមានក្រសួង ស្ថាប័នពាក់ព័ន្ធព្រមទាំងមានការចូលរួមពីអ្នកជិតខាងផងដែរ (ព្រោះក្នុងគោលនយោបាយ និងអនុក្រឹត្យ មានចែងដូចនេះ) តែបើគេធ្វើ គឺជាការរំលោភលើសមត្ថកិច្ច។
-
បើសមាជិកសហគមន៍ចាកចេញពីសហគមន៍វិញ គណៈកម្មាធិការសហគមន៍អាចកាត់ ដីមួយចំណែកណា នោះជូនគាត់បាន ហើយដីនោះជាដីឯកជនរបស់រដ្ឋតែប៉ុណ្ណោះ ។
-
មានក្រុមហ៊ុនមកឈូសឆាយដីអ្នកភូមិចំនួន ៣០០ ហិកតា បញ្ហានេះយើងមិនអាចដោះស្រាយ បានភ្លាមទេទាល់តែទៅពិនិត្យមើលជាក់ស្តែង ព្រោះយើងមិនអាចធ្វើសេចក្តីសន្និដ្ឋាន តាមភាគី តែម្ខាងបានទេ ដោយយើងមិនបាន ដឹងច្បាស់ថា រឿងកើតឡើងដូចម្តេចផង វាតម្រូវឲ្យមានការអង្កេត ស្រាវជ្រាវជាក់ស្តែង និងយកឯកសារពាក់ព័ន្ធមកពិនិត្យ ទើបយើងដឹងថាខាងណា រំលោភ លើខាងណាបាន ។
នៅក្នុងចំណាប់អារម្មណ៍បិទសិក្ខាសាលារបស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើងពីខ្លឹមសារសំខាន់ៗ និងផ្តល់អនុសាសន៍សំខាន់ៗមួយចំនួន ។ យើង មាននីតិវិធីអស់ហើយ នៅសល់តែការអនុវត្តតែប៉ុណ្ណោះ តើការអនុវត្តយើងផ្អែកលើ អ្វីខ្លះ ? ហើយ វា មាន សារៈសំខាន់ណាស់ ។ ដើម្បីរក្សាបាននូវអត្តសញ្ញាណ ជនជាតិដើមភាគតិច អំពីជំនឿ អំពីទំលាប់ពីសិទ្ធិប្រើប្រាស់ដី ដីរក្សាទុក ដីពនេចរ ដីព្រៃអារក្ស ដីព្រៃកប់ខ្មោច ដីសង់ផ្ទះ ការដោះស្រាយទំនាស់នៅក្នុង សហគមន៍ ការចុះបញ្ជីដីជាមួយការបង្កើត សហគមន៍ជនជាតិដើមភាគតិច យើងត្រូវធ្វើមុនគេ ដូច្នេះត្រូវសហការគ្នា ។ ក្រសួងអភិវឌ្ឍន៍ កំពង់ពិចារណាដើម្បីឱ្យបានដឹងថា ការចុះបញ្ជីឱ្យកើតជាសហគមន៍មួយ វាមានលក្ខណៈសម្បត្តិ យ៉ាងណាខ្លះហើយយើងត្រូវ កត់សំគាល់ថា នេះជាសហគមន៍ ។ ក្នុងករណីយើងមិនបានធ្វើម៉ត់ចត់វាអាចកើតឡើង មួយភូមិចេញ ២ ទៅ ៣ សហគមន៍ វាអាចមាន ច្រើនអំបូរ តែយើងគិតថាអំបូរណារាមច្បងជាងគេ ឬអំបូរ ក្រាក់ច្រើនជាងគេ យើងយកអំបូរនោះ ធ្វើជាមូលដ្ឋានចម្បងដើម្បី វាយតម្លៃអំពីអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិច ហើយវាស្រប ទៅតាមគោលនយោបាយ និងស្មារតីរបស់រាជរដ្ឋាភិបាលផង។
ចំនុចកត់សំគាល់មួយទៀត ការសហការរបស់ក្រសួងអភិវឌ្ឍន៍ជនបទមិនមែនមានតែមន្ទីរនៅតាមខេត្តទេ មន្ទីរដ៏ទៃទៀតក៍ជាភ្នែកច្រមុះរបស់យើង អភិបាលខេត្ត លោកអភិបាលស្រុក ប្រធានក្រុមប្រឹក្សាឃុំ ដែលជាអ្នកនៅមូលដ្ឋាន ដែលជាភ្នែកច្រមុះសម្រាប់ឱ្យការអភិវឌ្ឍ ហើយវាមានប្រសិទ្ធភាព ជាងគេបំផុតនោះ គឺកំលាំងនៅក្នុងមូលដ្ឋានដែល ជាអ្នករៀបចំសម្របសម្រួលពីនីតិវិធីបញ្ចុះបញ្ចូល បងប្អូននៅក្នុងសហគមន៍ ។
ជាគោលការណ៍រួមការរៀបចំឱ្យមានអត្តសញ្ញាណ ហើយបង្កីតសហគមន៍ដើម្បីចុះបញ្ជីដីរួច យើងធ្វើការអភិវឌ្ឍ ក្រសួងអភិវឌ្ឍន៍ជនបទបាននឹងកំពុងរៀបចំសម្របសម្រួលផ្ដល់អាទិភាព នៅកន្លែងណា ដែលចុះបញ្ជី ឬបង្កើតសហគមន៍ ដើម្បីធ្វើឱ្យមានការប្រែប្រួលជាបឋម ដូចជាកន្លែងដែលគ្មានអណ្តូងទឹកស្អាតប្រើប្រាស់ (បងប្អូនទម្លាប់ប្រើប្រាស់តែទឹកអូរហើយនៅឆ្ងាយ ពីភូមិ) ដូចនេះយើងផ្ដល់ សេវាដល់ទីនោះ។ តែមិនមានន័យថា ទាល់តែចុះបញ្ជីទើបធ្វើការអភិវឌ្ឍនោះទេ ការអភិវឌ្ឍនេះ គឺជាគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជាលើគ្រប់វិស័យ ។ អំពីហេដ្ឋារចនាសម្ព័ន្ធយើងបានធ្វើសមាហរណ៍កម្មគ្នាគ្រប់តំបន់អស់ហើយដូចជាការធ្វើផ្លូវគ្រប់ច្រកល្ហក ។
ការអភិវឌ្ឍបម្រើជីវភាពរបស់ប្រជាពលរដ្ឋដោយផ្ទាល់ ដោយផ្ដល់សេវាឱ្យទៅកៀកប្រជាពលរដ្ឋនេះ គឺជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។អំពីកម្លាំងពលកម្មត្រូវបំផុសប្រជាពលរដ្ឋឱ្យចូលរួមបដិភាគ ជាថវិកា ឬកម្លាំងពលកម្ម ក្តីដូចជា ការសាង សង់បង្គន់អនាម័យបើមានឡៅ(លូ) ហើយ ប្រជាពលរដ្ឋគ្រាន់តែចូលរួមជីក ដីដាក់ឡៅចូលដើម្បីបានបង្គន់ប្រើប្រាស់។
ក្រសួងអភិវឌ្ឍន៍ជនបទបន្តពង្រឹងនូវគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) តទៅទៀត ហើយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានគាំទ្រ ។ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិជាភ្នាក់ងារសម្របសម្រួល ហើយគ្មានប្រកាន់ ពណ៌សម្បុរអាចជា យន្តការប្រើប្រាស់បានគ្រប់ទីកន្លែង រដ្ឋក៏ប្រើបាន អង្គការក៏ប្រើបាន ហើយយើង ចង់បាននិរន្តរភាពរបស់ គ.អ.ភ ព្រោះ គ.អ.ភ យកអ្នកដែលរស់នៅក្នុងភូមិ ហើយដែលជាត្រកូល រាមច្បងឬត្រកូល គ្រាក់ជាងគេសម្រាប់សម្របសម្រួលការអភិវឌ្ឍគម្រោងនានា ការថែទាំ ការចូលរួមបដិភាគ៘
ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរដ៏ស្មោះចំពោះក្រុមការងាររបស់ក្រសួង ទាំងពីរ ដែលបានខិតខំ រៀបចំសិក្ខាសាលាក្នុងថ្ងៃនេះដោយទទួលបានជោគជ័យ និងសូមជូនពរ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ដែលបានអញ្ជើញចូលរួម សិក្ខាសាលានេះ ត្រឡប់ទៅគេហដ្ឋានវិញប្រកបដោយសុវត្ថិភាព និងទទួលបានជោគជ័យ គ្រប់ភារកិច្ច។
អ្នកធ្វើរបាយការណ៍
វេជ្ជបណ្ឌិត យឹម ជុង








