សន្និបាតបូកសរុបការងារឆ្នាំ ២០០៨ និងទិសដៅការងារឆ្នាំ ២០០៩
របស់ក្រសួងអភិវឌ្ឍន៍ជនបទ
សាលសន្និសីទចតុមុខ ថ្ងៃទី ២៥-២៦ ខែ មីនា ឆ្នាំ ២០០៩
បទអន្តរាគមន៍ស្ដីពីសេចក្ដីព្រាងចុងក្រោយគោលនយោបាយផ្លូវជនបទ (ខ្លឹមសារសង្ខេប)
របស់ក្រសួងអភិវឌ្ឍន៍ជនបទ
ដោយ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង
អគ្គនាយកបច្ចេកទេស
-
សេចក្ដីផ្ដើម
ការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ គឺជាផ្នែកមួយនៃការវិនិយោគទូទៅក្នុងការអភិវឌ្ឍ ជនបទ។ ការវិនិយោគទាំងនេះត្រូវបានបង្ហាញយ៉ាងត្រឹមត្រូវតាមរយៈការកើនឡើងនូវលទ្ធភាពទៅកាន់ឱកាសសង្គម និង សេដ្ឋកិច្ចផ្សេងៗ ដែលរួមចំណែកផ្ទាល់ក្នុងការកាត់បន្ថយភាពក្រីក្រនៅជនបទ និងសមាហរណកម្មសេដ្ឋកិច្ចជាតិ។ ប្រជា កសិករត្រូវការដឹកជញ្ជូនផលិតផលកសិកម្មរបស់ពួកគាត់ទៅកាន់ទីផ្សារក្នុងតម្លៃមួយប្រកួតប្រជែង និងទាន់ពេលវេលា ឱ្យបានគ្រប់រដូវកាល។ ប្រជាជនជនបទដែលមានជំងឺត្រូវការផ្លូវទៅកាន់មណ្ឌលសុខភាព កុមារា-កុមារី និងសិស្សានុសិស្ស ត្រូវការផ្លូវទៅកាន់សាលារៀន រាជរដ្ឋាភិបាលនិងអង្គការមិនមែនរដ្ឋាភិបាលដែលបម្រើឱ្យវិស័យកសិកម្ម និងអភិវឌ្ឍន៍ ជនបទត្រូវការផ្លូវល្អ ដើម្បីធ្វើដំណើរទៅកាន់ភូមិនានាបានគ្រប់រដូវកាល។
ផ្លូវជនបទដែលកែលំអរួច បានចូលរួមចំណែកយ៉ាងសកម្មក្នុងការឈានទៅសម្រេចយុទ្ធសាស្ត្រចតុកោណរបស់ រាជរដ្ឋាភិបាលដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធិភាពដែលបានដាក់ចេញដោយ សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវជនបទដែលបានកែលំអរួចបានចូលរួមចំណែកដ៏ធំធេង ក្នុងការសម្រេចឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សហស្សវត្សកម្ពុជា។ ប្រជាជនជនបទត្រូវមានផ្លូវប្រើប្រាស់បានគ្រប់ រដូវកាលដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាមូលដ្ឋានទៅកាន់ទីផ្សារ និងសេវាសង្គមផ្សេងៗ។
ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំផែនការយុទ្ធសាស្ត្រលម្អិត ដើម្បីកំណត់ទិសដៅរយៈពេលវែងលើផែនការ អភិវឌ្ឍន៍ និងគ្រប់គ្រងផ្លូវជនបទ។ គោលបំណងមួយនៃផែនការ គឺធានាឱ្យមានយន្តការឯកភាព និងម៉ឺងម៉ាត់មួយ ដើម្បី រៀបចំផែនការកែលំអ និងថែទាំផ្លូវជនបទដែលស្ថិតក្រោមការទទួលខុសត្រូវរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្រសួង អភិវឌ្ឍន៍ជនបទ បានបញ្ចប់ការរៀបចំគោលនយោបាយផ្លូវជនបទ ហើយគោលនយោបាយនេះគឺជាមាគ៌ាសម្រាប់ការ អភិវឌ្ឍ និងគ្រប់គ្រងផ្លូវជនបទប្រកបដោយចីរភាព និងបង្កើនប្រសិទ្ធិភាពលើការវិនិយោគផ្លូវជនបទ។
ខ្លឹមសារគោលនយោបាយនេះ បានទទួលការចូលរួមមតិពីសមាជិកក្រុមការងារ ដែលបានបង្កើតឡើងនៅក្នុងក្រសួង អភិវឌ្ឍន៍ជនបទ និងពីស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិផងដែរ ។ ខ្ញុំសូមថ្លែងអំណរគុណដល់សមាជិកក្រុមការងារ និង គម្រោងកម្មវិធីឆ្ពោះទៅកាន់សហគមន៍នៅអាស៊ីអាគ្នេយ៍ (SEACAP) ព្រមទាំងមន្ត្រីរាជការក្រសួង ស្ថាប័ននានា ដៃគូ អភិវឌ្ឍន៍ តំណាងសង្គមស៊ីវិល និងមន្ត្រីរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលបានរួមចំណែកក្នុងការពិគ្រោះ និងពិភាក្សាផ្ដល់ យោបល់លើការរៀបចំគោលនយោបាយផ្លូវជនបទនេះឈានដល់ការបញ្ចប់ប្រកបដោយជោគជ័យ។
-
វិសាលភាពនៃគោលនយោបាយ
ក. សម្រាប់តែផ្លូវជនបទតែប៉ុណ្ណោះគឺពុំបានរៀបរាប់ទាក់ទងនឹងប្រភេទផ្លូវថ្នល់ ឬក៏ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃឡើយ។
ខ. ជាទិសដៅគោលនយោបាយដែលបានជ្រើសរើសសម្រាប់តែសេវាកម្មដឹកជញ្ជូននៅលើផ្លូវជនបទដែលជាផ្នែកមួយ នៃការដឹកជញ្ជូនជនបទប៉ុណ្ណោះ ប៉ុន្តែវាមិនមែនជាគោលនយោបាយរៀបរាប់លម្អិតលើសេវាកម្មដឹកជញ្ជូនឡើយ។
គោលនយោបាយនេះ នឹងមានសុពលភាពរហូតដល់មានគោលនយោបាយថ្មីមួយត្រូវបានរៀបចំឡើង ឬក៏គោល នយោបាយនេះត្រូវបានធ្វើបច្ចុប្បន្នភាព។ ទោះបីជាមានច្បាប់ដែលពាក់ព័ន្ធផ្សេងៗទៀតត្រូវបានធ្វើការពិនិត្យនៅពេល ដែលកំពុងរៀបចំគោលនយោបាយនេះក៏ដោយ ក៏ច្បាប់ដែលមានស្រាប់នោះ នឹងនៅតែមានអំណាចគតិយុត្តិលើគោល នយោបាយថ្មីនេះក្នុងករណីដែលមានបញ្ហាកើតឡើងពាក់ព័ន្ធទៅនឹងឯកសារទាំងនោះ។
-
ចក្ខុវិស័យ និងគោលដៅ
៣.១ ចក្ខុវិស័យ
ប្រជាពលរដ្ឋគ្រប់រូបដែលរស់នៅជនបទ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវមានផ្លូវប្រើប្រាស់គ្រប់រដូវកាលដើម្បី ធ្វើឱ្យពួកគាត់ទទួលបាននូវឱកាស និងអត្ថប្រយោជន៍អំពីកំណើនសេដ្ឋកិច្ច-សង្គម និងសេវាកម្មផ្សេងៗ។
៣.២ គោលដៅ
ធានាឱ្យបានការអភិវឌ្ឍ និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ ព្រមទាំងសេវាកម្មផ្សេងៗប្រកបដោយ ចីរភាពរួមមាន ៖
-
ធ្វើការអភិវឌ្ឍ និងគ្រប់គ្រងផ្លូវជនបទឱ្យមានប្រសិទ្ធិភាពដើម្បីធានានូវកម្រិតចំណេញអតិបរមាផ្នែកសេដ្ឋកិច្ច លើការវិនិយោគ។ ផ្លូវជនបទទាំងអស់នឹងតភ្ជាប់ទៅបណ្ដាញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដទៃទៀត ហើយនឹង ផ្ដល់ជាគុណប្រយោជន៍ដល់សង្គម និងជំរុញការប្រើប្រាស់ធនធានក្នុងស្រុក។
-
ផ្លូវជនបទនឹងធានានិរន្តរភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន ។
-
ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវគោក និងផ្លូវទឹកជនបទត្រូវបំពេញឱ្យគ្នាទៅវិញទៅមកដើម្បីសម្រួលចរាចរយានយន្ត និងការធ្វើដំណើររបស់ប្រជាជននៅតំបន់ជនបទ។
-
មានមធ្យោបាយដឹកជញ្ជូន និងសេវាកម្មផ្សេងៗនៅជនបទគ្រប់គ្រាន់ក្នុងតម្លៃសមស្របប្រកបដោយសមភាព និងសុវត្ថិភាព។
-
ស្ថានភាពបច្ចុប្បន្ន និងការប្រឈម
៤.១ ការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងសេវាកម្មផ្សេងៗ
ផ្លូវជនបទមានប្រវែងសរុបប្រហែល ២៨.០០០ គ.ម ស្មើ នឹង ៧០% នៃប្រវែងផ្លូវថ្នល់សរុបនៅទូទាំងប្រទេស
ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ប្រវែងផ្លូវថ្នល់ដែលនៅសល់ (ផ្លូវជាតិ និងផ្លូវខេត្ត)ស្ថិតក្រោមការទទួលខុសត្រូវរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន។ ការដឹកជញ្ជូនទំនិញ និងអ្នកធ្វើដំណើរភាគច្រើនប្រើ ប្រាស់មធ្យោបាយដឹកជញ្ជូនតាមផ្លូវគោក។ ផ្លូវជនបទមានចំណាត់ថ្នាក់ដូចខាងក្រោម៖
-
ផ្លូវតភ្ជាប់ពីស្រុកទៅស្រុក
-
ផ្លូវតភ្ជាប់ពីស្រុកទៅឃុំ
-
ផ្លូវតភ្ជាប់ពីឃុំទៅឃុំ
-
ផ្លូវតភ្ជាប់ពីឃុំទៅភូមិ និងពីភូមិទៅភូមិ
-
ផ្លូវដែលតភ្ជាប់ពីផ្លូវជាតិ-ខេត្តទៅកាន់ឃុំ-ភូមិ និងផ្លូវជនបទដទៃទៀត
សេវាកម្មដឹកជញ្ជូនផ្សេងៗនៅជនបទនៃព្រះរាជាណាចក្រកម្ពុជា ភាគច្រើនផ្តល់ដោយផ្នែកឯកជន។ មធ្យោបាយ ធ្វើដំណើរដែលចរាចរណ៍នៅលើបណ្ដាញផ្លូវជនបទរួមមាន មធ្យោបាយដែលមិនប្រើប្រាស់ម៉ាស៊ីនដូចជា ទោចក្រយាន (ភាគច្រើនកង់) និងមធ្យោបាយប្រើដោយម៉ាស៊ីនដូចជា ម៉ូតូ រថយន្ត ព្រមទាំងមធ្យោបាយដឹកជញ្ជូនកែច្នៃផ្សេងៗទៀត ហើយដែលចំនួននៃការធ្វើចរាចរណ៍នៅមានទំហំតិចតួចនៅឡើយ។ ទំហំចរាចរណ៍តិចតួចហាក់ដូចជាមានន័យថា ផ្លូវ ជនបទមានប្រវែងគ្រប់គ្រាន់ដើម្បីបម្រើឱ្យសេវាកម្មដឹកជញ្ជូន និងមធ្យោបាយធ្វើដំណើរផ្សេងៗ ដូច្នេះហើយបានជាពុំសូវ មានការយកចិត្តទុកដាក់ជាបន្ទាន់ណាមួយលើការអនុវត្ត និងការផ្ដល់នូវសេវាកម្មដឹកជញ្ជូន ព្រមទាំងមធ្យោបាយផ្សេងៗ ទៀតនៅតំបន់ជនបទឡើយ។
៤.២ បញ្ហាប្រឈម
រាជរដ្ឋាភិបាលកម្ពុជាបានប្រឈមនឹងការលំបាកជាច្រើនដើម្បីសម្រេចនូវចក្ខុវិស័យ និងគោលដៅសម្រាប់ផ្លូវ ជនបទដូចជា ធនធានហិរញ្ញវត្ថុ និងសមត្ថភាពស្ថាប័នរបស់រាជរដ្ឋាភិបាលនៅមានកម្រិតនៅឡើយ។
ការប្រឈមនិងទិសដៅនៃគោលនយោបាយដែលត្រូវអនុវត្ត នឹងមានពន្យល់ក្នុងជំពូកខាងក្រោម ៖
-
ការរៀបចំកម្មវិធីនិងផែនការ ២. ការផ្ដល់ហិរញ្ញវត្ថុ ៣. និរន្តរភាព និង ៤. ស្ថាប័ន
-
ទិសដៅគោលនយោបាយនៃការធ្វើផែនការ និងកម្មវិធី
៥.១ សារពើភ័ណ្ឌផ្លូវជនបទ
គោលបំណង
-
ធ្វើឱ្យមានប្រព័ន្ធទិន្នន័យជាក់លាក់មួយ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីផ្ដល់លក្ខណៈងាយស្រួលក្នុងការធ្វើសេចក្ដីសម្រេចចិត្ត។
ទិសដៅគោលនយោបាយ
-
ជាអាទិភាពក្រសួងអភិវឌ្ឍន៍ជនបទត្រូវបញ្ចប់ការចុះបញ្ជីសាពើភ័ណ្ឌហេដ្ឋារចនាសម្ព័ន្ធជនបទនៅទូទាំងប្រទេស។
-
បន្តខិតខំចុះបញ្ជីទិន្នន័យដែលនៅសេសសល់ និងបញ្ចូលទិន្នន័យទាំងនោះទៅក្នុងប្រព័ន្ធអេឡិចត្រូនិក។ ចំពោះផ្លូវ ជនបទនីមួយៗនឹងត្រូវធ្វើចំណាត់ថ្នាក់ជាមួយការផ្ដល់លេខសម្គាល់របស់វា។
-
ពង្រឹង និងពង្រីកអង្គភាពផែនការមូលដ្ឋានចម្រុះ (IRAP/GIS)នៅក្រសួងអភិវឌ្ឍន៍ជនបទ និងនៅតាមមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត-ក្រុង ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធិភាពខ្ពស់លើប្រព័ន្ធទិន្នន័យនេះ។
៥.២ អាទិភាពវូបនីយកម្មនៃការវិនិយោគ
គោលបំណង
-
ទិសដៅជាយុទ្ធសាស្ត្រក្នុងការវិនិយោគលើបណ្ដាញផ្លូវជនបទ គឺការផ្ដល់អាទិភាពខ្ពស់ដល់ប្រជាជនក្រីក្រនិងធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទៅគ្រប់បណ្ដាញដឹកជញ្ជូននៅទូទាំងប្រទេស។
-
រាល់គម្រោង និងកម្មវិធីនានាត្រូវផ្ដល់អាទិភាពលើផ្លូវជនបទដែលមានកម្រិតចំណាយលើការវិនិយោគទាបប៉ុន្តែផ្ដល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ច-សង្គម និងបរិស្ថាន។
-
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការកំណត់គោលដៅភូមិសាស្ត្រសម្រាប់ការវិនិយោគផ្លូវជនបទជាអាទិភាពចំពោះខេត្ត ដែលមានអត្រាដង់ស៊ីតេប្រជាជនក្រីក្រខ្ពស់ និងខេត្តដែលមានសក្ដានុពលសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម ទេសចរណ៍ និងវិស័យផ្សេងៗទៀត ដែលចាំបាច់ត្រូវយកចិត្តទុកដាក់ក្នុងការតភ្ជាប់បណ្ដាញគមនាគមន៍ផ្លូវជនបទ។
-
ធ្វើការវាយតម្លៃលើការវិនិយោគផ្លូវជនបទក្នុងក្របខ័ណ្ឌគម្រោង ឬកម្មវិធីរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរៀបចំ នូវវិធីសាស្ត្រក្នុងការផ្ដល់អាទិភាពលើការអភិវឌ្ឍផ្លូវជនបទមួយដែលត្រូវប្រើប្រាស់នូវលក្ខណវិនិច្ឆ័យចម្រុះដែលទាក់ទងទៅនឹងស្ថានភាពសេដ្ឋកិច្ច សង្គម និងបរិស្ថាន។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តពង្រីកសមត្ថភាពលើការគ្រប់គ្រងផ្លូវជនបទ និងការប្រើប្រាស់ប្រព័ន្ធបទដ្ឋានមួយ ដែលអាចទទួលយកបានសម្រាប់កំណត់អាទិភាពលើការវិនិយោគនៃការថែទាំផ្លូវជនបទ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងពង្រឹងការិយាល័យថែទាំនៃនាយកដ្ឋានផ្លូវជនបទ និងបណ្តាការិយាល័យថែទាំនៅ តាមបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត-រាជធានី។
៥.៣ អត្រានៃការកែលំអបណ្ដាញផ្លូវថ្នល់
គោលបំណង
-
កែលំអបណ្ដាញហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទនៅក្នុងកម្រិតមួយប្រកបដោយចីរភាព។
ទិសដៅគោលនយោបាយ
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរៀបចំផែនការអភិវឌ្ឍន៍លើគ្រប់បណ្ដាញផ្លូវជនបទនាពេលអនាគតក្នុងកម្រិតសមស្របមួយទៅនឹងចំនួនថវិកាដែលទទួលបានមកពីប្រភពផ្សេងៗ។
៥.៤ សមាហរណកម្មនៃអន្តរមធ្យោបាយដឹកជញ្ជូន
គោលបំណង
-
ធានាថាគ្រប់មធ្យោបាយដឹកជញ្ជូនជាពិសេសការដឹកជញ្ជូនតាមផ្លូវគោក និងផ្លូវទឹកអាចបំពេញឱ្យគ្នាទៅវិញទៅមកបាន។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ និងពិនិត្យឡើងវិញហើយទទួលយកនូវអនុសាសន៍ដែលទាក់ទងទៅនឹងផែនការមេសម្រាប់ ការដឹកជញ្ជូនតាមផ្លូវទឹកនៅព្រះរាជាណាចក្រកម្ពុជា។
-
ក្រសួងអភិវឌ្ឍន៍ជនបទ និងទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងការស្វែងរកលទ្ធភាពដើម្បីផ្ទេរ សិទ្ធិក្នុងការគ្រប់គ្រងការដឹកជញ្ជូនផ្លូវទឹកជនបទពីក្រសួងសាធារណការ និងដឹកជញ្ជូនមកក្រសួងអភិវឌ្ឍន៍ជនបទ វិញ ហើយចាត់វិធានការចាំបាច់ផ្សេងៗ ដើម្បីឈានដល់ការរៀបចំកិច្ចព្រមព្រៀងជាមួយក្រសួងសាធារណការ និង ដឹកជញ្ជូន។
៥.៥ ការកែលំអបទដ្ឋាន
គោលបំណង
-
ធានាថាផ្លូវជនបទទាំងអស់ត្រូវសាងសង់តាមបទដ្ឋានបច្ចេកទេសសមស្រប។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរក្សាទុកបទដ្ឋានបណ្ដោះអាសន្នរហូតដល់មានបទដ្ឋានថ្មីចុងក្រោយត្រូវបានរៀបចំមកជំនួស។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងព្យាយាមបញ្ចប់នូវការរៀបចំបទដ្ឋានចុងក្រោយក្នុងពេលវេលាមួយដ៏ខ្លីខាងមុខ។
៥.៦ សេវាកម្មដឹកជញ្ជូនជនបទ
គោលបំណង
-
ធានាថាសេវាកម្មដឹកជញ្ជូនជនបទត្រូវឆ្លើយតបតាមតម្រូវការនៃការធ្វើចរាចររបស់ប្រជាជនជនបទ ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបន្តអនុវត្តន៍គោលនយោបាយលើការមិនធ្វើអន្តរាគមន៍ក្នុងវិស័យសេវាកម្មដឹកជញ្ជូន ឡើយ ប៉ុន្តែនឹងផ្ដោតការយកចិត្តទុកដាក់ដើម្បីបញ្ចៀសនូវរាល់ឧបសគ្គទាំងឡាយជារូបវន្តតាមរយៈការផ្ដល់ហេដ្ឋារចនាសម្ព័ន្ធសមស្រប។
៥.៧ យេនឌ័រ
គោលបំណង
-
ធានាថាស្ត្រី និងបុរសទទួលបានផលចំណេញដូចគ្នាពីការអភិវឌ្ឍនៃការដឹកជញ្ជូនជនបទ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការបញ្ជ្រាបយេនឌ័រទៅក្នុងគ្រប់ដំណាក់កាលនៃខួបរបស់គម្រោង ដើម្បីកំណត់ អត្តសញ្ញាណក្នុងការរៀបចំការសិក្សាគ្រោងប្លង់ ការអនុវត្ត ការត្រួតពិនិត្យ និងវាយតម្លៃ។
៥.៨ ការយកចិត្តទុកដាក់លើបរិស្ថាន
គោលបំណង
-
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទមួយដែលធានាបាននូវនិរន្តរភាព និងមិនប៉ះពាល់ដល់បរិស្ថាន ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទប្ដេជ្ញាដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរៀបចំគោលការណ៍ណែនាំលម្អិតមួយស្តីពីការដោះស្រាយផលប៉ះពាល់បរិស្ថានតាមរយៈការធ្វើផែនការ និងការអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធផ្លូវជនបទ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងយកគោលការណ៍ណែនាំនោះមកអនុវត្តក្នុងគម្រោងនានា។
៥.៩ សុវត្ថិភាពផ្លូវថ្នល់
គោលបំណង
-
កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជនបទ ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំស្វែងរកនូវដំណោះស្រាយផ្សេងៗដែលពាក់ព័ន្ធទៅនឹងសុវត្ថិភាពផ្លូវថ្នល់ក្នុងពេល ធ្វើផែនការ និងការកសាងផ្លូវជនបទ ឱ្យស្របតាមបទដ្ឋាននៃទ្រង់ទ្រាយផ្លូវដែលត្រូវគោរពតាមស្លាកសញ្ញា- ចរាចរណ៍ដែលបានដំឡើងរួចលើទីតាំង ឬកំណាត់ផ្លូវដែលងាយរងគ្រោះថ្នាក់ច្រើនដោយយថាហេតុ។ បើមានការ ចាំបាច់ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងស្វែងរកជំនួយពីក្រសួងសាធារណការ និងដឹកជញ្ជូន ឬជំនាញការអន្តរជាតិ ដែលអាចដោះស្រាយលើបញ្ហានេះបាន។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងសហការជាមួយស្ថាប័នពាក់ព័ន្ធដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងអត្រាស្លាប់ ដែលកើតមាននៅលើផ្លូវជនបទតាមរយៈការអប់រំលើកទឹកចិត្ត និងយុទ្ធនាការផ្សព្វផ្សាយផ្សេងៗ។
៥.១០ ហ៊ីវ/អេដស៍
គោលបំណង
-
កាត់បន្ថយនូវហានិភ័យ តាមរយៈការឆ្លងមេរោគអេដស៍/ហ៊ីវ ក្នុងចំណោមកម្មករសំណង់អ្នកបញ្ជាគ្រឿងចក្រសហគមន៍ដែលរស់នៅតាមដងផ្លូវ និងជនដែលងាយរងគ្រោះ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងចាត់វិធានការដើម្បីចូលរួមកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺ អេដស៍/ហ៊ីវ ដែលបណ្ដាលមកពីការកែលំអហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនជនបទ ដូចជាការប្រើប្រាស់ធនធានបច្ចេកទេសក្នុងស្រុក ជាមូលដ្ឋានដែលអាចជួយលើកទឹកចិត្តដល់ការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការដាក់លក្ខខណ្ឌនៅក្នុង
ឯកសារនៃកិច្ចសន្យាដែលតម្រូវឱ្យអ្នកម៉ៅការចាត់វិធានការឱ្យបានច្បាស់លាស់ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ នៃការកើនឡើងនៃជំងឺឆ្លងនេះ។
៥.១១ ការចូលរួមពីភាគីពាក់ព័ន្ធ
គោលបំណង
-
ធានាថារាល់ទស្សនៈរបស់ភាគីពាក់ព័ន្ធត្រូវបានយកមកធ្វើការពិចារណានៅរាល់ដំណាក់កាលនៃការអភិវឌ្ឍគម្រោងផ្លូវជនបទ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើសមាហរណកម្មភាគីពាក់ព័ន្ធចូលរួមទាំងអស់នៅគ្រប់ដំណាក់កាលនៃការអភិវឌ្ឍផ្លូវជនបទគឺចាប់ផ្ដើមពីការធ្វើផែនការដល់ការត្រួតពិនិត្យនិងវាយតម្លៃគម្រោង។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំរៀបចំគោលការណ៍ណែនាំលម្អិត ស្តីពីការចូលរួមរបស់ភាគីពាក់ព័ន្ធគ្រប់ដំណាក់កាលរបស់គម្រោងផ្លូវជនបទ។
-
ទិសដៅនៃគោលនយោបាយហិរញ្ញប្បទាន
៦.១ ការផ្ដល់មូលនិធិទូទៅ
គោលបំណង
-
ធានាឱ្យមានស្ថិរភាព និងធនធានគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍ និងការថែទាំបណ្ដាញផ្លូវជនបទប្រកបដោយចីរភាព។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំប្រឹងប្រែងកៀរគរធនធានបន្ថែមពីរាជរដ្ឋាភិបាល និងពីអ្នកផ្ដល់ជំនួយផ្សេងៗ។
៦.២ ការផ្ដល់មូលនិធិសម្រាប់ការអភិវឌ្ឍនិងការថែទាំ
គោលបំណង
-
ថែរក្សារាល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទដែលមានស្រាប់ និងកសាងថ្មីដោយមានការធានាលើការថែរក្សាការការពារនិងថែទាំនូវហេដ្ឋារចនាសម្ព័ន្ធទាំងនោះ។
ទិសដៅគោលនយោបាយ
-
ធ្វើការថែទាំបណ្ដាញផ្លូវដែលមានស្រាប់គឺជាអាទិភាពខ្ពស់បំផុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ដូច្នេះថវិកាថែទាំ នឹង មានអាទិភាពជាងថវិកាសម្រាប់កសាងផ្លូវថ្មី។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងផ្ដល់មូលនិធិសម្រាប់កសាងផ្លូវជនបទនៅពេលមានការធានាថាមានថវិកាគ្រប់គ្រាន់សម្រាប់ការថែទាំលើផ្លូវដែលបានកសាងរួច។
-
លក្ខណវិនិច្ឆ័យមួយក្នុងការសម្រេចចិត្តលើការវិនិយោគលើផ្លូវជនបទ នឹងត្រូវធ្វើការប្រៀបធៀបតម្លៃខួបនៃជម្រើសផ្សេងៗ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងពិនិត្យលើយន្តការរបស់ស្ថាប័នដ៏សមស្របមួយដូចជាការបង្កើតគណៈកម្មការអន្តរ-ក្រសួង ដើម្បីដោះស្រាយបញ្ហាថវិកាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(MoEF)។
-
ទិសដៅគោលនយោបាយប្រកបដោយចីរភាព
៧.១ ការរៀបចំ និងការអនុវត្តការថែទាំ
គោលបំណង
-
ដើម្បីកាត់បន្ថយរាល់ចំណាយផ្សេងៗ លើការថែទាំដោយធ្វើការគ្រប់គ្រងដំណើរការប្រតិបត្តិការថែទាំក្នុងវិធីសាស្ត្រមួយប្រកបដោយប្រសិទ្ធិភាពនិងនិរន្តរភាព។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើប្រតិភូកម្មនៃការទទួលខុសត្រូវសម្រាប់រៀបចំ និងអនុវត្តការថែទាំផ្លូវជនបទទៅឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត-រាជធានី។
៧.២ ការត្រួតពិនិត្យយានយន្តផ្ទុកលើសទម្ងន់
គោលបំណង
កាត់បន្ថយការខូចខាតផ្លូវជនបទ និងការចំណាយលើការថែទាំជាអប្បបរមាដែលបណ្ដាលមកពីយានយន្តផ្ទុកលើសទម្ងន់និងការបាត់បង់នូវផលប្រយោជន៍សំខាន់ៗពីការដឹកជញ្ជូនដោយសារតែផ្លូវមានការខូចខាត។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងកំណត់អត្តសញ្ញាណពីបញ្ហារាំរៃដែលបណ្ដាលមកពីការផ្ទុកលើសទម្ងន់លើផ្លូវជនបទ (ឧទាហរណ៍ផ្លូវដែលភ្ជាប់ទៅកាន់ការដ្ឋានយកថ្ម) ហើយនឹងផ្ដល់ជាអនុសាសន៍ដល់អាជ្ញាធរមូលដ្ឋានដើម្បីរៀបចំធ្វើចំណាត់ថ្នាក់ផ្លូវសារជាថ្មីដោយផ្អែកលើប្រភេទផ្លូវ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងខិតខំរកវិធីសាស្ត្រដើម្បីធ្វើការត្រួតពិនិត្យការផ្ទុកលើសទម្ងន់ព្រមទាំងធ្វើការពិភាក្សា ជាមួយភាគីពាក់ព័ន្ធដើម្បីរកដំណោះស្រាយជាក់ស្ដែងលើការត្រួតពិនិត្យការផ្ទុកលើសទម្ងន់លើផ្លូវជនបទ។
៧.៣ ការចូលរួមនៃផ្នែកឯកជនក្នុងការអភិវឌ្ឍនិងការថែទាំផ្លូវជនបទ
គោលបំណង
-
ធ្វើឱ្យមានការអភិវឌ្ឍនិងគ្រប់គ្រងផ្លូវជនបទប្រកបដោយប្រសិទ្ធិភាព។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រើប្រាស់វិស័យឯកជនដើម្បីពង្រីកលទ្ធភាពជាអតិបរមាសម្រាប់ការងារផ្លូវជនបទ។ តួនាទីផ្នែកសាធារណៈ នឹងមានការទាក់ទងផ្ទាល់ជាសំខាន់ទៅនឹងការគ្រប់គ្រងផ្លូវជនបទ។
៧.៤ ការប្រើប្រាស់បច្ចេកវិជ្ជាដែលផ្អែកលើធនធានក្នុងស្រុកជាមូលដ្ឋាន
គោលបំណង
-
ប្រើប្រាស់បច្ចេកវិជ្ជាសមស្របក្នុងការសាងសង់ និងថែទាំដោយប្រើប្រាស់ធនធានក្នុងស្រុកជាមូលដ្ឋានដែលអាច កាត់បន្ថយការចំណាយខួបលើហេដ្ឋារចនាសម្ព័ន្ធក្នុងកម្រិតអប្បបរមាប្រកបដោយចីរភាពព្រមទាំងបង្កើនការងារ
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើលទ្ធផលជាក់ស្ដែងនៃការសិក្សាស្ដីពីជម្រើសផ្ទៃ កម្រាលផ្សេងៗ។ ក្រសួងអភិវឌ្ឍន៍ជនបទ នឹងអនុម័តយល់ព្រមពីជម្រើសផ្ទៃកម្រាលណាមួយដែលសមស្របអាច ប្រើប្រាស់បានក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលអាចកាត់បន្ថយលើការចំណាយខួបក្នុងកម្រិតអប្បបរមា។
-
ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការណែនាំពីការប្រើប្រាស់ជម្រើសផ្ទៃកម្រាលផ្សេងៗជាបន្តបន្ទាប់ហើយនឹងធ្វើការបង្កើនគុណភាពផ្ទៃកម្រាលផ្លូវគ្រួសក្រហមនៅពេលសមស្របណាមួយ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងលើកទឹកចិត្តដល់ការប្រើប្រាស់បច្ចេកវិជ្ជាដែលសមស្របសម្រាប់ការអភិវឌ្ឍ និងការ ថែទាំផ្លូវជនបទដែលនិយមប្រើប្រាស់កម្លាំងកម្មករនិងសម្ភារៈក្នុងស្រុក ប៉ុន្តែដោយមិនធ្វើឱ្យមានការប៉ះពាល់ដល់គុណភាពនិងតម្លៃឡើយ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងប្រើប្រាស់គំនូសប្លង់ និងវិធាននៃការសាងសង់ដែលបានរៀបចំដើម្បីធានាដល់ការប្រើប្រាស់ប្រកបដោយប្រសិទ្ធិភាព។
៧.៥ ការត្រួតពិនិត្យនិងវាយតម្លៃ
គោលបំណង
-
ដើម្បីវាស់វែង និងវាយតម្លៃពីការអនុវត្តនូវគម្រោងផ្លូវជនបទ និងកម្មវិធីដើម្បីធានាថានឹងទទួលបានលទ្ធផលតាម ការគ្រោងទុក និងជូនព័ត៌មានដល់អ្នកធ្វើការសម្រេចចិត្តក្នុងការរៀបចំយុទ្ធសាស្ត្រសម្រាប់ធ្វើអន្តរាគមន៍នាពេលអនាគត។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងព្យាយាមធ្វើការត្រួតពិនិត្យ និងវាយតម្លៃតាមវិធីសាស្ត្រដោយផ្អែកលើលទ្ធផលជា មូលដ្ឋានដើម្បីបង្កើនប្រសិទ្ធិភាពនៃការធ្វើអន្តរាគមន៍លើការដឹកជញ្ជូនជនបទ និងវិធីសាស្ត្រដែលនឹងត្រូវបង្ហាញជាបន្តបន្ទាប់។
-
ក្រសួងអភិវឌ្ឍន៍ជនបទនឹងបង្កើតលក្ខខណ្ឌសម្រាប់សវនកម្មបច្ចេកទេសលើរាល់គម្រោងហេដ្ឋារចនាសម្ព័ន្ធជនបទ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើការពិនិត្យឡើងវិញលើការរៀបចំរចនាសម្ព័ន្ធសម្រាប់ការត្រួតពិនិត្យ និងវាយតម្លៃក្នុងក្រសួងអភិវឌ្ឍន៍ជនបទដើម្បីបង្កើនសមត្ថភាពការត្រួតពិនិត្យនិងវាយតម្លៃ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងរៀបចំឱ្យមាននីតិវិធី និងទម្រង់របាយការណ៍ជាក់លាក់មួយរវាងថ្នាក់ជាតិជាមួយ នឹង ការិយាល័យតាមបណ្ដាខេត្ត-រាជធានី និងរវាងថ្នាក់ជាតិជាមួយនឹងការិយាល័យគ្រប់គ្រងនិងសម្របសម្រួលគម្រោង។
-
ទិសដៅនៃគោលនយោបាយរបស់ស្ថាប័ន
៨.១ ការធ្វើប្រតិភូកម្មនៃការទទួលខុសត្រូវដល់អាជ្ញាធរមូលដ្ឋាន
គោលបំណង
-
គ្រប់គ្រងផលិតកម្ម ការផ្ដល់ និងការថែទាំផ្លូវជនបទឱ្យមានប្រសិទ្ធិភាពនិងចំណាយថវិកាតិច។
ទិសដៅគោលនយោបាយ
-
តួនាទីសំខាន់របស់ក្រសួងអភិវឌ្ឍន៍ជនបទត្រូវកំណត់ទៅលើការចងក្រងយុទ្ធសាស្ត្រគោលនយោបាយ និងបទដ្ឋាន បច្ចេកទេសនានា បង្កើតគោលការណ៍ណែនាំលើទស្សនៈផ្សេងៗ ស្ដីពីការអភិវឌ្ឍនិងគ្រប់គ្រងផ្លូវជនបទព្រមទាំងធានានូវសុវត្ថិភាពនិងស្ថិរភាពលំហូរនៃធនធាន។
-
ជាទូទៅក្រសួងអភិវឌ្ឍន៍ជនបទមិនទាក់ទងផ្ទាល់ក្នុងការផ្ដល់ និងកសាងហេដ្ឋារចនាសម្ព័ន្ធជនបទឡើយ។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងធ្វើប្រតិភូកម្មការគ្រប់គ្រងប្រចាំថ្ងៃលើការងារសាងសង់ និងថែទាំផ្លូវជនបទទៅឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត-រាជធានី។
៨.២ ការពង្រឹងសមត្ថភាពស្ថាប័នថ្នាក់ជាតិ និងថ្នាក់ខេត្ត
គោលបំណង
-
ពង្រឹងសមត្ថភាពស្ថាប័នដើម្បីប្រសិទ្ធិភាពលើការអភិវឌ្ឍ និងគ្រប់គ្រងផ្លូវជនបទនៅគ្រប់លំដាប់ថ្នាក់។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទនឹងធ្វើការពិនិត្យឡើងវិញពីសមត្ថភាពរបស់ស្ថាប័នសម្រាប់ផ្លូវជនបទព្រមទាំងធ្វើឱ្យទំនើបកម្មនូវរចនាសម្ព័ន្ធរបស់ស្ថាប័ននៅគ្រប់លំដាប់ថ្នាក់។
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងអនុវត្តនូវគ្រប់ជំហានដែលចាំបាច់ដើម្បីពង្រឹងសមត្ថភាពស្ថាប័ននៅគ្រប់លំដាប់ថ្នាក់នៃការគ្រប់គ្រងព្រមទាំងសហការជាមួយស្ថាប័នអប់រំនិងបណ្ដុះបណ្ដាលផ្សេងទៀត។
៨.៣ ទំនាក់ទំនង និងការសម្របសម្រួល
គោលបំណង
-
បង្កើតយន្តការទំនាក់ទំនង និងសម្របសម្រួលឱ្យមានប្រសិទ្ធិភាពដែលអាចជួយសម្រួលលើការគ្រប់គ្រង និង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ។
ទិសដៅគោលនយោបាយ
-
ក្រសួងអភិវឌ្ឍន៍ជនបទ នឹងបង្កើតយន្តការទំនាក់ទំនង និងសម្របសម្រួលឱ្យមានប្រសិទ្ធិភាពរវាងក្រសួង អភិវឌ្ឍន៍ជនបទជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត-រាជធានី ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រសួងដែល ពាក់ព័ន្ធ ដទៃទៀត ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ និងក្រសួងអភិវឌ្ឍន៍ជនបទជាមួយដៃគូអភិវឌ្ឍន៍។








