បេសកកម្មក្រសួងអភិវឌ្ឍន៍ជនបទ

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានបង្កើតឡើងដោយច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
ដែលប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦/១២ ចុះថ្ងៃទី២៥ ខែមករា ឆ្នាំ១៩៩៦។

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់បេសកកម្មឲ្យដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដែលមានមុខងារនិងភារកិច្ចសំខាន់ៗដូចខាងក្រោម៖

  • កំណត់នយោបាយនិងយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។
  • លើកទិសដៅផែនការយៈពេលខ្លី មធ្យម និងវែង លើការងារអភិវឌ្ឍន៍ជនបទដើម្បីកែលម្អស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រជារាស្រ្តជនបទទូទៅដោយរួមបញ្ចូលទាំងជនជាតិភាគតិចក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយជាបណ្តើរៗនូវភាពក្រីក្រ និងភាពខុសគ្នារវាងអ្នកជនបទនិងអ្នកទីក្រុង។
  • ចូលរួមក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដោយកម្រិតសកម្មភាពការងារត្រឹមថ្នាក់គ្រួសារ ភូមិ និងឃុំ ក្នុងព្រះរាជាណាចក្រកម្ពុជា។
  • សិក្សាស្រាវជ្រាវ ប្រមូលផ្តុំ និងគ្រប់គ្រងទិន្នន័យ ព័ត៌មាន ស្ថិតិ អំពីស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ នៅតំបន់ជនបទនៃព្រះរាជាណាចក្រកម្ពុជា ដោយគិតទាំងតំបន់ភ្នំ តំបន់ខ្ពង់រាប និងតំបន់វាលរាប។
  • អភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការបណ្តុះបណ្តាលបច្ចេកទេសជំនាញ និងចំណេះដឹងដល់មន្រ្តី បុគ្គលិករាជការរបស់ក្រសួង។
  • រៀបចំបើកមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈថ្នាក់ភូមិភាគដល់ប្រជារាស្រ្តជនបទតាមការចាំបាច់ និងតាមលទ្ធភាពជាក់ស្តែង។
  • អប់រំ ផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ផលិតភាព និងប្រាក់ចំណូលប្រចាំគ្រួសាររបស់ប្រជាពលរដ្ឋ ដោយផ្អែកលើការស្រាវជ្រាវបច្ចេកទេសជំនាញអភិវឌ្ឍន៍ជនបទ។
  • ធ្វើទំនាក់ទំនង សម្របសម្រួល និងសហប្រតិបត្តិការជាមួយបរទេស អង្គការអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ស្ថាប័នរដ្ឋ​ អាជ្ញាធរគ្រប់ជាន់ថ្នាក់ និងផ្នែកឯកជនដែលមានការពាក់ព័ន្ធ ព្រមទាំងប្រជារាស្រ្តមូលដ្ឋាន ដើម្បីធ្វើការអភិវឌ្ឍន៍ជនបទប្រកបដោយចីរភាព។
  • គ្រប់គ្រង ដឹកនាំ និងទទួលខុសត្រូវក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ជនបទចម្រុះថ្នាក់គ្រួសារភូមិ ឃុំ ដែលរួមមានផ្លូវលំជនបទ ផ្គត់ផ្គង់ទឹកជនបទ ថែទាំសុខភាពបឋម អភិវឌ្ឍន៍សហគមន៍ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ដោយសហការជាមួយស្ថាប័នពាក់ព័ន្ធ។
  • ជំរុញការរៀបចំ និងពង្រឹងរចនាសម្ព័ន្ធអភិវឌ្ឍន៍ជនបទគ្រប់ជាន់ថ្នាក់ ជាពិសេសគណៈកម្មាធិការអភិវឌ្ឍន៍ជនបទនៅថ្នាក់មូលដ្ឋាន។

ក្រសួងអភិវឌ្ឍន៍ជនបទ

អាសយដ្ឋាន៖ ដីឡូត៍លេខ ៧៧១-៧៧៣ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទលេខៈ +៨៥៥ ១២ ៦៦៩ ៥៣៥
អ៊ីម៉ែល: Info@mrd.gov.kh
គេហទំព័រ: www.mrd.gov.kh
ទំព័រហ្វេសប៊ុក: www.facebook.com/mrdcambodia

ផែនទីបង្ហាញទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ